The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ឃឹម ហ្វីណង់ ឱ្យ​បើក​ការស៊ើបអង្កេត​ករណី​រូបលោក​ដោះស្រាយ​រឿង​វិវាទ​ដី

លោក​ ឃឹម ហ្វីណង់ ឱ្យ​បើក​ការស៊ើបអង្កេត​ករណី​រូបលោក​ដោះស្រាយ​រឿង​វិវាទ​ដី

Content image - Phnom Penh Post
លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី ក្នុង​ខេត្តសៀមរាប​។ ហុង មិនា

លោក​ ឃឹម ហ្វីណង់ ឱ្យ​បើក​ការស៊ើបអង្កេត​ករណី​រូបលោក​ដោះស្រាយ​រឿង​វិវាទ​ដី

សៀមរាបៈ ​លោក ឃឹម ហ្វីណង់ ​អភិបាលស្រុក​បន្ទាយស្រី​បាន​ស្វាគមន៍​ឱ្យ​បើក​ការស៊ើបអង្កេត និង​ធ្វើ​អធិការកិច្ច​ពី​សំណាក់​រដ្ឋបាល​ខេត្ត​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ ដើម្បី​បញ្ជាក់​ពី​ភាពស្អាតស្អំ យុត្ដិធម៌ ករណី លោកស្រី លី អ៊ុំអេង ចោទប្រកាន់ និង​ប្ដឹង​រូបលោក​ក្នុង​បទ​ចោទ «​ញុះញង់​រំលោភ​លើ​កម្មសិទ្ធិឯកជន និង​បទ​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​» ​លើ​​ករណី​វិវាទ​ដីធ្លី ១ ​កន្លែង​មាន​ទំហំ ២០០ ​ហិកតា​។

លោក​ ឃឹម ហ្វីណង់ ថ្លែងប្រាប់​​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២០ ​កុម្ភៈ​ថា ទាក់ទង​នឹង​ការចោទប្រកាន់​ និង​បណ្ដឹង​របស់លោក​ ស្រី លី អ៊ុំអេង មកលើ​រូបលោក ក្នុង​ពេល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​កំពុង​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នេះ គឺ​លោក​នៅតែ​បន្តធ្វើ​កិច្ចការងារ​នេះ មិន​ថា កាលៈទេសៈ ឬ​ហេតុផល​ណា មាន​ពាក្យ​បណ្ដឹង ឬ​គ្មាន​ពាក្យបណ្ដឹង​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បន្តធ្វើ​ហើយ​ចំណុច​ណា​ដែល​លោកស្រី លី អ៊ុំអេង ត្រឹមត្រូវ យើង​នឹង​ថែរក្សា​ភាពត្រឹមត្រូវ​របស់​គាត់ ហើយ​ចំណុច​ណា​ដែល​គាត់​មិន​ត្រឹមត្រូវ យើង​ត្រូវ​បដិសេធ​ចំណុច​មិន​ត្រឹមត្រូវ​របស់គាត់ ហើយ​យើង​នឹង​បន្តធ្វើ​វា​ក្នុង​គោលការណ៍​អព្យាក្រឹត្យ តម្លាភាព និង​យុត្តិធម៌ សម្រាប់​ភាគី​ទាំងសងខាង​។ ដោយសារ​ដី​នេះ​ជា​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២ ​នោះ​ការសម្រេច​ចុងក្រោយ គឺ​នៅលើ​រាជរដ្ឋាភិបាល​ទេ ថា​តើ​គួរ​កាត់​ឆ្វៀល​ដែរឬទេ​?»​។

លោក​បន្តថា រាល់​សកម្មភាព ទង្វើ និង​ការសម្រេច​ចិត្ដ​របស់​លោក​ធ្វើឡើង​ក្នុងនាម​តំណាងឱ្យ​អាជ្ញាធរ​មូលដ្ឋាន តំណាង​ឱ្យ​រដ្ឋបាល​ស្រុក ហើយ​ជា​ផ្នែក​មួយ នៃ​រាជរដ្ឋាភិបាល​ដែលជា​តួអង្គ​នីតិប្រតិបត្ដិ​។ ដូច្នេះ​រាល់​កំហុស​មានន័យថា មិនមែន​ជា​កំហុស​បុគ្គល​ទេ​តែ​ជា​កំហុស​របស់​ស្ថាប័ន​។ ប៉ុន្ដែ​ក្នុងនាម​ជា​តួអង្គ​ម្នាក់ ដែល​ទទួលបាន​តួនាទី និង​តំណែង​ក្នុង​ការបំពេញ​តួនាទី ដូច្នេះ​បើ​មាន​កំហុស​គឺជា​កំហុស​ក្នុងការ​បំពេញ​តួនាទី​។ ប៉ុន្ដែ​បើសិនជា​អ្នក​បំពេញ​តួនាទី​នោះ មាន​កំហុស​លោក​មិន​ខ្លាច​នឹង​ទទួលខុសត្រូវ​ទេ ពីព្រោះ​ជា​កំហុស​របស់លោក​ហើយ​លោក​ត្រៀមខ្លួន​ជានិច្ច​ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​រាល់​ការរកឃើញ​កំហុស​ណាមួយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ស្វាគមន៍​ទៀតថា តើ​មាន​ស្ថាប័ន​ណា ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ធ្វើ​អធិការកិច្ច​ថា​តើ ពិតជា​មាន​កំហុស​មែន​ឬ​យ៉ាងណា​ពីព្រោះ​ពេលខ្លះ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ ប៉ុន្ដែ​អ្វីដែល​យើង​បានធ្វើ​គឺ​ដោយ​ឆន្ទៈ និង​ចេតនា គឺ​យើង​ដោះស្រាយ ហើយ​យើង​ជឿជាក់ថា យើង​ធ្វើតាម​ផ្លូវច្បាប់​ទាំងស្រុង​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​ការបើក​ស៊ើបអង្កេត និង​ការធ្វើ​អធិការកិច្ច​លើ​ករណីនេះ​ពី​សំណាក់​រដ្ឋបាលខេត្ត ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ ដើម្បី​បញ្ជាក់​ពី​ភាពស្អាតស្អំ​របស់ខ្ញុំ និង​ផ្តល់​យុត្តិធម៌​ដល់​ការបំពេញ​តួនាទី​រដ្ឋបាល​របស់​មន្ត្រី​រាជការ​ទាំងអស់ ហើយ​ខ្ញុំ​ត្រៀមខ្លួន​នឹង​ចាកចេញ​ពី​តួនាទី​របស់ខ្ញុំ និង​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ចំពោះមុខ​ច្បាប់ ប្រសិនបើ​រកឃើញថា មាន​កំហុស និង​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​លោកស្រី លី អ៊ុំអេង ពិតមែន​»​។

លោកស្រី​ អ៊ុំ អេង នៅ​ថ្ងៃទី​ ២០ កុម្ភៈ បាន​ថ្លែងថា លោកស្រី មិនអាច​បកស្រាយ​បានទេ ដោយសារ​កំពុង​រវល់​ជួបប្រជុំ​។ ប៉ុន្ដែ​បើតាម​ពាក្យបណ្ដឹង​របស់​លោកស្រី ប្ដឹង​លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​សៀមរាប​កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ពី​បទចោទ «​ញុះញង់ រំលោភ​លើ​កម្មសិទ្ធិឯកជន និង​បទ​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​» ប្រព្រឹត្ត​នៅ​ភូមិរវៀង​តាទុំ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បាន​ឱ្យដឹងថា នៅក្នុង​អំឡុង​ឆ្នាំ ២០០៣ លោកស្រី បាន​ទិញ​ដី ១ កន្លែង មាន​ទំហំ សរុប ( ២០០ ​ហិកតា ) មាន​ទីតាំង​ស្ថិតក្នុង​ភូមិរវៀងតាទុំ និង​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ដី​នោះ​ទិញ​ពី ឈ្មោះ លឹម ជក់ ភេទ​ប្រុស អាយុ​ប្រហែល ៦០ ឆ្នាំ​មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ រវៀង​តាទុំ ឃុំ​រំចេក ស្រុក​បន្ទាយស្រី​ទំហំ ៥០ ០០០ ​ម៉ែត្រការ៉េ និង​ទិញ​ពី​ឈ្មោះ ញ៉ាវ ណុល ភេទ​ប្រុស អាយុ​ប្រហែល ៧០ ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​រវៀង​តា​ទុំ ឃុំ​រំចេក ទំហំ ៥០ ០០០​ ម៉ែត្រការ៉េ និង​ទិញ​ពី​ឈ្មោះ ម៉ាញ ឡំ ភេទ​ប្រុស អាយុ ប្រហែល ៤៧ ​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​រវៀងតាទុំ ឃុំ​រំចេក ទំហំ ៥០ ០០០ ម៉ែត្រការ៉េ ទិញ​ពី​ឈ្មោះ ឡាច ខឿន ភេទ​ប្រុស អាយុ ៤៨ ​ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​រវៀងតាទុំ ឃុំ​រំចេក ទំហំ ៥០ ០០០​ ម៉ែត្រ​ការ៉េ និង​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​រស់នៅក្នុង​ភូមិរ​វៀងតាទុំ​ដោយបាន​ផ្តិតមេដៃ​ផ្ទេរ​សិទិ្ធ​ត្រឹមត្រូវ​។

លោកស្រី​បញ្ជាក់ថា​៖ «​ដី​ខាងលើ​នេះ​នាង​ខ្ញុំ​ដាក់ឈ្មោះ​កូនស្រី​នាង​ខ្ញុំ ឈ្មោះ លី សេងឆៃ ភេទ​ស្រី អាយុ ៣៨ ​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង នាង​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ ចុះហត្ថលេខា​ទទួលស្គាល់ ដោយ​លោក​មេភូមិ និង​មេឃុំ និង​លោក អ៊ន់ វង្ស ជា​អតីត​អភិបាលស្រុក​បន្ទាយស្រី រហូតដល់​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០០៣ ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​បន្ទាយស្រី បានចេញ​បង្កាន់ដៃ​ទទួល​ពាក្យ ដែល​មាន​លេខ ៩៦១, ៩៦៨, ៩៧២ ចុះ​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​ ២០០៣ ​ជាដើម​។ ក្រោយពេល​ទិញ​បាន​ហើយ​នាង​ខ្ញុំ​បាន​ឈូសឆាយ បោះបង្គោល​ព្រំដី​កាន់កាប់​រហូតមកដល់​ពេលនេះ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍