
សត្វព្រៃថតបានដោយម៉ាស៊ីនស្វ័យប្រវត្តិនៅតំបន់ការពារជួរភ្នំក្រវាញ។ រូប ក្រសួងបរិស្ថាន
កំពង់ស្ពឺ/កោះកុង/ពោធិ៍សាត់ៈ សត្វព្រៃកម្រជាច្រើនប្រភេទ ដូចជា ខ្លាពពក ខ្លាឃុំ ឈ្លូស និងសត្វព្រៃផ្សេងទៀត ត្រូវបានបន្តរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលការរកឃើញនេះបង្ហាញថា កម្ពុជាបានអភិរក្សធនធានធម្មជាតិបានល្អប្រសើរ ទើបសត្វព្រៃត្រូវបានការពារ។ នេះបើតាមមន្ត្រីជំនាញ ក្រសួងបរិស្ថាន បានបង្ហាញទិន្នន័យកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២។
ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងពេលចុះពិនិត្យ និងសិក្សាទីតាំងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាង ៥០ គ្រឿងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមជំនាញបានប្រទះឃើញ ដានជើង លាមក រូបភាព និងគន្លងសត្វព្រៃជាច្រើនប្រភេទ។ សត្វព្រៃដែលត្រូវបានរកឃើញនោះរួមមាន ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត។
កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវចម្រុះ ក្នុងនោះសរុបប្រមាណ ៣ ៩៩៣ ប្រភេទដែលរួមមានមានរុក្ខជាតិប្រមាណ ២ ៣០០ ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ ប្រភេទ សត្វស្លាបប្រមាណ ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់បានថ្លែងថា ការបន្តរកឃើញវត្តមានសត្វព្រៃជាច្រើនប្រភេទជាបន្តបន្ទាប់តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិគឺជាមោទនភាពរបស់កម្ពុជា និងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយធនធានជីវចម្រុះ។
លោកថា៖ «ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើ និងសត្វព្រៃត្រូវបានការពារ។ លោកបន្តថា សត្វព្រៃកម្រៗមួយចំនួន បន្តមានវត្តមាន និងខ្លះទៀតមានស្ថិរភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះផងដែរ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
ក្រសួងបរិស្ថានបានឱ្យដឹងថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីចាំថតសត្វព្រៃនេះ គាំទ្រដោយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាបនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តកោះកុងដើម្បីជាប្រយោជន៍បង្កើនចំណេះដឹងពីវិធីសាស្ត្រសិក្សា និងប្រមូលទិន្នន័យជីវចម្រុះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដល់មន្ត្រីឧទ្យានុរក្ស ក៏ដូចជាធ្វើការសិក្សាពីប្រភេទទីជម្រកសត្វព្រៃមានដោយកម្រ ជិតផុតពូជ និងទទួលរងគ្រោះ។ ជាមួយគ្នានេះ ការចុះសិក្សា និងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឱ្យមានប្រសិទ្ធភាពថែមទៀតផងដែរ។
មន្ត្រីជំនាញបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់ការពារធម្មជាតិសរុបចំនួន ៥៣ គ្រឿង ក្នុងនោះភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន ២០ គ្រឿង ខេត្តកោះកុង ២៣ គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០ គ្រឿង។ ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣ គ្រឿង នេះគ្រោងនឹងប្រមូលត្រឡប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២ ០២២ ខាងមុខ។
សូមបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ ២០២១ រហូតដល់ខែមករា ឆ្នាំ ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលរងការគំរាមកំហែងចំនួន ១០ ប្រភេទ រួមមាន ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស រួមជាមួយប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀតក្នុងតំបន់ការពារធម្មជាតិ៕
វីដេអូ៖