សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​ដាក់ឱ្យ​ដំណើរការ​គេហទំព័រ​ទម្រង់​ថ្មី​ចាប់ពី​ថ្ងៃ​ទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ តទៅ ដើម្បី​អបអរសាទរ​ខួប​ ២៧ ​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​។

យោងតាម​លិខិត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ​បានឱ្យដឹងថា ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២១ កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​កែលម្អ​គេហទំព័រ​ដែល​មាន​អាសយដ្ឋាន www.apsaraauthority.gov.kh​។ បច្ចុប្បន្ន​គេហទំព័រ​នេះ​ត្រូវបាន​កែសម្រួល​រួចរាល់​ជា​ស្ថាពរ ដែល​ក្នុង​នោះបាន​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ដូចជា លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា ឯកសារ​ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ព័ត៌មាន​អំពី​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រចនាសម្ព័ន្ធ​គ្រប់គ្រង​អាជ្ញាធរ​ជាតិ​អប្សរា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ និង​សារព័ត៌មាន​ពាក់ព័ន្ធ​ដែល​បាន​សហការ​ចុះផ្សាយ​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ «​ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹងដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ទម្រង់​ថ្មី​ចាប់ពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ តទៅ ដើម្បី​អបអរសាទរ​ខួប ២៧ ​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​»​។

អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​និង​កំពុងធ្វើការ​កែសម្រួល​គេហទំព័រ​អង្គរ​ផងដែរ (angkor.com.kh) ហើយនឹង​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួនទៀត​នាពេលខាងមុខ​រួមមាន​៖ Instagram, LinkedIn, Telegram Chanel និង APSARA Newsletter ក្នុង​គោលដៅ​ដើម្បីឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាន់តែ​មាន​ភាព​ទូលំទូលាយ​បន្ថែមទៀត​។ ដោយឡែក​នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា កំពុងដំណើរការ​រៀបចំ​វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទនាគព័ន្ធ​ ដើម្បី​លើកស្ទួយ​តម្លៃ​នៃ​ប្រាសាទ និង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធ​ទស្សនា​ថ្មីៗ ប្រកប​ដោយ​សុវត្ថិភាព និង​ផាសុកភាព​ផងដែរ​។

ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​ថា​៖ «​វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទ​នាគព័ន្ធ​ត្រូវ​បាន​គិតគូរ​រៀបចំ​ក្នុង​គោលបំណង​លើកស្ទួយ​តម្លៃ​នៃ​ប្រាសាទ​ជា​ស្នាដៃ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ដែល​តាំងទី​នៅ​ចំ​កណ្តាល​ផ្ទៃ​ទឹក បារាយណ៍​ជ័យតដាក​ (​បារាយណ៍​ខាងជើង​) ព្រមទាំង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធ​ទស្សនា​ថ្មីៗ ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​»​។

ហ្វេសប៊ុក​ដដែល​នេះ​ដកស្រង់​សម្ដី លោក សេង សុធារ៉ា អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា ខ្សែ​ទស្សនា​ថ្មី​នៅ​ប្រាសាទនាគព័ន្ធ​នេះ​គ្រោង​រៀបចំ​ជា​ ៣ ​ប្រភេទ​។ ប្រភេទ​ទី​ ១​ គឺ​ខ្សែ​ទស្សនា​ក្នុង​ប្រាសាទ ដែល​នឹង​នាំ​ភ្ញៀវទេសចរ​ឱ្យ​ដើរ​ទស្សនា​បាន​គ្រប់​ជ្រុង​ទាំង​ ៤ ​នៃ​ប្រាសាទ​រាង​កាកបាទ​នេះ ព្រមទាំង​អាច​ផ្តិត​យក​រូបភាព​រួម​ស្អាតៗ​នៃ​ប្រាសាទ​។ ប្រភេទ​ទី ​២ ​គឺ​ខ្សែ​ទស្សនា​ក្រៅ​ប្រាសាទ​ដែលជា​ខ្សែ​ទស្សនា​ថ្មី​ដែល​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំណាយពេល​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​។ ខ្សែ​ទស្សនា​នេះ​នឹង​អនុញ្ញាត​ឱ្យ​ទេសចរ​អាច​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​នៃ​កោះ​ដែលមាន​ប្រាសាទ​នៅ​កណ្តាល ព្រមទាំង​ទេសភាព ធម្មជាតិ និង​សត្វ​ដែលមាន​វត្តមាន​នៅទីនេះ បូករួម​ទាំង​ការទស្សនា​ប្រាសាទ​ផងដែរ​។ ចំណែក​ប្រភេទ​ទី​ ៣ គឺ​ខ្សែ​ទស្សនា​សម្រាប់​ទេសចរ​ជិះទូក​ដែលមាន​បំណង​លើកស្ទួយ​ជីវភាព ប្រជាជន​ក្នុង​តំបន់​អង្គរ និង​ការគិតគូរ​ពី​បរិស្ថាន ខ្សែ​ទស្សនា​ពិសេស​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ជ្រោមជ្រែង​សកម្មភាព​សហគមន៍​ទេសចរណ៍​ទូក​នោះទេ គឺ​ថែមទាំង​ធ្វើឱ្យ​ប្រាសាទ​មានជីវិត​រស់​ឡើងវិញ​ផងដែរ​។ ក្នុង​ប្រភេទ​ទី​ ៣ ​នេះ​បានន័យថា ផែ​ខាងកើត និង​ខាងលិច​នៃ​ប្រាសាទនាគព័ន្ធ​នឹងត្រូវ​មានដំណើរ​ការ​ម្តងទៀត​ព្រោះថា ភ្ញៀវទេសចរ​នឹង​ចាប់ផ្តើម​ការទស្សនា​ដោយ​ជិះទូក ចេញពី​ផែ​នៅ​ខាងកើត​ប្រាសាទព្រះខ័ន មក​ឈប់​ចត​នៅ​ផែ​ខាងលិច​នៃ​នាគព័ន្ធ ដើម្បី​ឡើងទៅ​ចាប់ផ្តើម​ការដើរ​ទស្សនា​ប្រាសាទ រួច​ចាកចេញ​ពី​ប្រាសាទ​តាម​ផែ​ខាងកើត​វិញ ដើម្បី​បន្តដំណើរ​ដោយ​ទូក​ទៅ​សួន​បណ្តុះ​កូន​រុក្ខជាតិ​ក្រាំងក្រូច និង​ប្រាសាទ​តាសោម​។ លោក​ថា ភ្ញៀវទេសចរ​ដែលជា​ជនពិការ​ជិះ​លើ​រទេះរុញ​ក៏ត្រូវ​បាន​គិតគូរ​ផ្លូវ​ទស្សនា​ជូន​ប្រកបដោយ​សុវត្ថិភាព​អាច​គយគន់ និង​ផ្តិត​យក​រូបភាព​ប្រាសាទ​បាន​ផងដែរ​។ សំណើ​ខ្សែ​ទស្សនា​ទាំងនេះ​នឹងដាក់​ជូន​អ្នកជំនាញការ និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ពិនិត្យ និង​វាយតម្លៃ អនុម័ត​៕