បាត់ដំបងៈ មន្ត្រី​ឧទ្យានុរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​សហការ​ជាមួយ​មន្ត្រី​ល្បាត MJP និង​មន្ត្រី​មកពី​ក្រសួងបរិស្ថាន​បានរួម​គ្នា​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​តាមដាន​សត្វព្រៃ​ចំនួន ៤ ​ទីតាំង​ផ្សេងគ្នា ដើម្បី​ពិនិត្យមើល​សកម្មភាព​សត្វព្រៃ ដោយបាន​ប្រទះឃើញ​សត្វព្រៃ​កម្រៗ​ជាច្រើន​ប្រភេទ ដែល​កំពុង​រស់នៅ​ទីនោះ​។

តាម​ទំព័រ​ហ្វេសប៊ុ​របស់​ក្រសួងបរិស្ថាន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ កុម្ភៈ​ថា មន្ត្រី​បាន​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​តាមដាន​សត្វព្រៃ នៅក្នុង​តំបន់​ការពារ​មាន​ចំនួន ៤ ​ទីតាំង គឺ​នៅ​ភូមិសាស្ត្រ​ភ្នំសា រួមមាន​ចំនួន​ ៥​ កាមេរ៉ា និង​ភូមិសាស្ត្រ​ភ្នំ​ពេជ្រ​មាន​ចំនួន​ ៧ ​កាមេរ៉ា​។ ចំពោះ​ភូមិសាស្ត្រ​តំបន់​ច្រក​ ៤០០ មាន​ចំនួន ៤​ កាមេរ៉ា និង​ភូមិសាស្ត្រ​ព្រែកបី មាន​​ចំនួន ៤ ​កាមេរ៉ា ដែល​សរុប​មាន​ចំនួន​ ២០ ​គ្រឿង​។

លោក កប បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ​កុម្ភៈ​ថា ការបំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​តាមដាន​សត្វព្រៃ​នេះ គឺជា​គម្រោង​មួយ​របស់​ក្រសួងបរិស្ថាន ដើម្បី​ធ្វើការ​តាមដាន​សត្វព្រៃ​នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​។ បន្ទាប់ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ​បាន​បំពាក់​នៅតាម​តំបន់​ខាងលើ​​អស់​រយៈពេល ៣ ​ខែ​រួចមកហើយ​នោះ ក្រុមការងារ​ត្រូវ​ដោះ​ម៉ាស៊ីន​ទាំងនេះ​ដើម្បី​យកទៅ​ត្រួតពិនិត្យ​។

លោក​បាន​រៀបរាប់ថា​៖ «​ម៉ាស៊ីន​នេះ យើង​ដាក់​តាមដាន​សត្វព្រៃ​ជាយូរ​មកហើយ ដើម្បី​ត្រួត​ពិនិត្យថា មាន​សត្វព្រៃ​អ្វីខ្លះ​ដែល​កំពុង​រស់នៅក្នុង​តំបន់​នេះ​។ យើង​បាន​ចំណាយពេល ៥ ​ថ្ងៃ ដើម្បី​ដោះ​ម៉ាស៊ីន​ថត​នេះ​ពី​ក្នុងព្រៃ​ហើយ​ត្រូវការ​ពេល ១០ ​ថ្ងៃ​ទៀត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ មុននឹង​យកទៅ​បំពាក់​ឡើងវិញ​នៅ​តំបន់​ផ្សេងទៀត​ក្នុង​តំបន់​អភិរក្ស​នេះ​»​។

ជាមួយ​នឹង​ការត្រួតពិនិត្យ​លោក កប បូរ៉ាន់ ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ដែល​បាន​ដោះ និង​ត្រួតពិនិត្យ​ម៉ាស៊ីន​ថត​នេះ​គឺ​ក្រុមការងារ​បាន​ប្រទះឃើញ​សត្វ​កម្រៗ​ជាច្រើន ដែល​បាន​ថត​ជាប់​ដោយ​ម៉ាស៊ីន​ទាំងនេះ​។ លោក​និយាយថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត គឺ​បាន​ចូលរួម​រក្សា​ព្រៃឈើ និង​សត្វព្រៃ​កម្រៗ​ជាច្រើន​។

លោក​បញ្ជាក់ថា​៖ «​យើង​ដោះ​ត្រួតពិនិត្យ​រួចហើយ យើង​នឹងដាក់​កន្លែង​ផ្សេង​វិញ ដើម្បី​ត្រួតពិនិត្យ​ជា​លើក​ទី​ ២ ​ទៀត ដើម្បី​ចង់ដឹងថា ក្នុងព្រៃ​មាន​អ្វីខ្លះ​? តាមរយៈ​កាមេរ៉ា​នេះ យើង​បានឃើញ​សត្វព្រៃ​ច្រើន​មានដូចជា​ប្រភេទ​ខ្លាឃ្មុំ ខ្ទីង មាន​ខ្លារខិន មាន​សត្វ​ច្រើន​មុខ​យើង​កំពុង​ពិនិត្យ​បន្ត​»​។

លោក​ គង់ មុនីច័ន្ទ នាយក​អង្គការ MJP បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹង​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ​ដែរ​ថា ក្រុមការងារ​បាន​បំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នេះ​ចំនួន ៥០ ​គ្រឿង​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ ២០២១​ ដោយ​ក្នុងនោះ ២០ គ្រឿង​នៅ​តំបន់​ដែល​ស្ថិតនៅ​ខេត្ត​បាត់ដំបង និង​ ៣០ គ្រឿង នៅ​តំបន់​ដែល​ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន​។

លោក​ មុនីច័ន្ទ បានឱ្យដឹង​បន្តថា ក្នុង​ពេលនេះ ក្រុម​ការងារ​កំពុង​បន្តសកម្មភាព​ដោះម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​តាមដាន​សត្វព្រៃ​ដែល​មាននៅ​ខេត្ត​ប៉ៃលិន​បន្តទៀត ដែល​ត្រូវការ​ប្រើពេល​យ៉ាងយូរ ៧ ​សប្តាហ៍​ទៀត​ខណៈដែល​រូបភាព​ដែល​ទទួលបាន​ពី​កាមេរ៉ា កំពុង​ត្រូវបាន​សិក្សា​ដោយ​មន្ត្រី​ជំនាញ​។

លោក​បាន​រៀបរាប់​ទៀតថា​៖ «​យើង​ខំ​អភិរក្ស​ហើយ​បើ​ឃើញ​ថត​ជាប់​សត្វ​កម្រៗ​បែបនេះ ជា​មោទនភាព​របស់​យើង​ដែល​ជំរុញ​ឱ្យ​យើង​បន្ត​ការអភិរក្ស​តទៅទៀត​។ តំបន់​សំឡូត​នេះ​បើទោះជា​តូច​ពិតមែនតែ​យើង​ឃើញ​មាន​សត្វព្រៃ​រស់នៅ​ច្រើន​ដែរ​។ ដូចនេះ​លទ្ធផល​នៃ​ការសិក្សា​ហ្នឹង ជួយ​លើក​ទឹកចិត្ត​ឱ្យ​ក្រុម​អ្នក​អភិរក្ស និង​ប្រជាជន​ជុំវិញ​ហ្នឹង​ប្រឹង​ជួយ​ការពារ​ថែទាំ​ព្រៃ​ហ្នឹង​ត​ទៀត​»​។

បើតាម​លោក​ គង់ មុនីច័ន្ទ របាយការណ៍​នៃ​ការស្រាវជ្រាវ​ចេញពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នេះ​អាច​នឹង​ចេញផ្សាយ​នៅ​ខែមីនា​ខាងមុខ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បញ្ចប់​ការត្រួតពិនិត្យ​ស្រាវជ្រាវ​រួចរាល់​។

សូមជម្រាបថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត មាន​ភូមិសាស្ត្រ​ស្ថិតក្នុង​ខេត្តបាត់ដំបង​មួយផ្នែក និង​ខេត្ត​ប៉ៃលិន​មួយផ្នែក ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៦០ ០០០ ​ហិកតា ហើយ​ការដាក់​តំបន់​នេះ​ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រោះ​វា​ជា​តំបន់​ដែល​ផ្ដល់នូវ​ភាព​ស្ថិតស្ថេរ​លើ​ប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និង​ការកម្សាន្ដ ដែល​តម្រូវ​ឱ្យ​មានការ​អភិវឌ្ឍ និង​អភិរក្ស​ធម្មជាតិ​ក្នុង​គោលដៅ​ចម្បង​នៃ​សកម្មភាព​សេដ្ឋកិច្ច​៕