បាត់ដំបងៈ ​ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ខេត្តបាត់ដំបង នា​ថ្ងៃទី​ ១៨ ខែកុម្ភៈ ខណៈ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​សង្ឃឹមថា ចំនួន​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​នេះ​នឹង​បន្ត​កើនឡើង​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៩ ខែកុម្ភៈ ថា អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ត្រូវបាន​ជួសជុល​ឡើងវិញ ដោយ​មាន​ការគាំទ្រ​មូលនិធិ​ពី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (BMZ) តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ ​(KfW) ក្រោម​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម អាង​ទន្លេមេគង្គ​ក្រោម​ដែល​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន តំបន់​ការពារ​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​។

ក្រៅពី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​មជ្ឈមណ្ឌល​នេះ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger បាន​ចុះទៅ​ទស្សនា​បន្ទាយ​សត្វ​ស្លាប​ទឹក​ដ៏​ធំជាងគេ នៅ​អាស៊ីអាគ្នេយ៍​នៅ​តំបន់​រ៉ាមសារ​ព្រែកទាល់​ផងដែរ​។

លោក​កោតសរសើរ​ចំពោះ​ការងារ​អភិរក្ស​នៅ​តំបន់​រ៉ាមសារ​ព្រែកទាល់ ខណៈដែល​លោក​បានមក​ទស្សនា​តំបន់​នេះ​ចំនួន ៥​ ដង​មកហើយ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​លោក [Christian Berger ]​សង្ឃឹមថា ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​រ៉ាមសារ​ព្រែក​ទាល់​ជាពិសេស​ចំនួន​សត្វស្លាប​ទឹកនឹង​បន្ត​កើនឡើង តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​»​។

តំបន់​រ៉ាមសារ​ព្រែកទាល់​នៅ​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ពោរពេញ​ដោយ​ព្រៃ​លិចទឹក​ដែល​មិនមែន​ត្រឹមតែ​ជា​ជម្រក​ត្រី​ពង​កូន​នោះទេ តែ​ក៏​ជា​ជម្រក​ពង​កូន​របស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផងដែរ​។ ​​តំបន់​នេះ​ជា​តំបន់​មួយ​ដែលមាន​ជីវចម្រុះ​យ៉ាង​សម្បូរបែប នៅក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​ពិភពលោក ដែល​បានផ្តល់​ជា​ទីជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០ ​ប្រភេទ​។

តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវ​បានដាក់​ជា​តំបន់​ដីសើម​រ៉ាមសារ នៅ​ខែធ្នូ ឆ្នាំ​ ២០១៥ ហើយ​ការដាក់​តំបន់​នេះ​ជា​តំបន់​រ៉ាមសារ ដែល​បានផ្តល់​អត្ថប្រយោជន៍ គឺមាន​ជំនួយ​អាច​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​កម្រ រុក្ខជាតិ ប្រព័ន្ធ​អេកូឡូហ្ស៊ី ជីវចម្រុះ និង​ផ្តល់​ផលចំណេញ​ដល់​សហគមន៍ ក្នុង​ការទាក់ទាញ​ទេសចរ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២០ ខែកុម្ភៈ ថា ដោយសារ​សំណង់​អគារ​នេះ​បាន​សង់​ឡើង​អស់​រយៈពេល​យូរ ហើយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ថែមទៀត ជាពិសេស​ផ្នែក​ដំបូល​ទើប​ក្រសួង​បរិស្ថាន​ក៏បាន​ផ្តួចផ្តើម​ឱ្យមាន​ការជួសជុល និង​កែលម្អ​សំណង់​អគារ​នេះ​ទាំងមូល នៅ​ឆ្នាំ​ ២០២១ តាមរយៈ​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម ដែល​គាំទ្រ​មូលនិធិ ដោយ BMZ តាមរយៈ KfW​។

លោក​ថ្លែងថា អគារ​នេះ​ត្រូវបាន​ជួសជុល និង​បំពាក់​សម្ភារ​រួចរាល់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២១ ដោយបាន​ជួសជុល និង​កែលម្អ​សាជាថ្មី​នូវ​អគារ​ប្រវែង​ ៤០x១១ ​ម៉ែត្រ (​សាលប្រជុំ​ ១ ការិយាល័យ​ ១ បន្ទប់​ស្នាក់នៅ ចំនួន​ ០៦ និង​បន្ទប់​អនាម័យ​ ០៤) ដោយ​ផ្លាស់ប្តូរ ក្បឿង​ដំបូល ពិតាន ប្រព័ន្ធ​ទឹក សម្ភារ​បរិក្ខារ​បន្ទប់​ប្រជុំ បន្ទប់​ស្នាក់នៅ និង​បន្ទប់​អនាម័យ លាបថ្នាំ​ថ្មី​ឡើងវិញ និង​បូក​បន្ថែម​សសរ​អគារ​។ លោក នេត្រ ភក្ត្រា ​បញ្ជាក់ថា​៖ «​ការជួសជុល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជួសជុល​ក្នុងស្រុក ដោយមាន​ការពិនិត្យ វាយតម្លៃ និង​ផ្តល់​ប្រឹក្សា​បច្ចេកទេស ដោយ​វិស្វករ​ជំនាញ​បច្ចេកទេស​សំណង់​»​។

គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​រៀបចំឡើង​ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង​តំបន់ដីសើម​នៃ​អាង​ទន្លេមេគង្គ​ក្រោម ជាពិសេស​តំបន់​រ៉ាមសារ​ព្រែក​ទាល់​នៃ​ប្រទេស​កម្ពុជា និង​តំបន់​រ៉ាមសារ បឹងកេត​ងុង នៅក្នុង​ប្រទេស​ឡាវ​។

គម្រោង​នេះ​មាន​រយៈពេល​ ៥ ​ឆ្នាំ ដែល​បានចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៨ ដល់ ២០២២ ដែល​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន តំបន់​ការពារ​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​តំបន់​រ៉ាមសារ​ព្រែក​ទាល់ និង​កន្លែង​អភិរក្ស​ជលផល​អតីត​ឡូត៍នេសាទ​លេខ​ ២​ ព្រែក​ទាល់ ខេត្ត​បាត់ដំបង​ដើម្បី​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាសហគមន៍​នៅក្នុង​តំបន់​៕