ភ្នំពេញៈ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ​១០៧​ នាក់​បាន​ស្លាប់ និង​របួស​ចំនួន ២៧៦ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​ ២១ ​ថ្ងៃ គិត​ចាប់​ថ្ងៃទី ១ ដល់​ថ្ងៃទី ២១ ខែកុម្ភៈ​នេះ​។ គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​បន្ត​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បន្ត​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​សុខ​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​តាម​ដងផ្លូវ​។

យោងតាម​របាយ​ការ​ណ៏​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ គឺ​ក្នុង​រយ​:​ពេល ២១ ថ្ងៃ គិត​ចាប់ពី ថ្ងៃទី ​១ ដល់​ថ្ងៃទី​ ២១ ខែ កុម្ភ​: ឆ្នាំ ​២០២២ នេះ​បង្ហាញថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៨៨​ លើក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៧ ​នាក់ (​ប្រុស ៩៣​ នាក់ និង​ស្រី ១៤ ​នាក់​) របួសធ្ងន់ ១៦៤ ​នាក់ (​ប្រុស ១២៦ ​នាក់ និង​ស្រី ៣៨​ នាក់​) និង​របួសស្រាល ១១២ ​នាក់ (​ប្រុស ៦៥​នាក់ និង​ស្រី ៤៧ ​នាក់​) អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់ ២០៤ ​នាក់​។

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារ ល្បឿន ៧៥ ​លើក (​ស្លាប់ ៤៤ នាក់​) មិន​គោរព​សិទ្ធិ ៤០ ​លើក (​ស្លាប់ ១៤ ​នាក់​) មិន​ប្រកាន់​ស្តាំ ២៣ ​លើក (​ស្លាប់ ១៧ ​នាក់​) ប្រជែង​គ្រោះថ្នាក់ ១៤ ​លើក (​ស្លាប់ ១៤ ​នាក់​) បត់​គ្រោះថ្នាក់ ១៦ ​លើក (​ស្លាប់ ៥ ​នាក់​) ស្រវឹង ១២ ​លើក (​ស្លាប់ ៧ ​នាក់​) និង​កត្តា​យាន ៦ ​លើក (​ស្លាប់ ៦​ នាក់​)​។ ទិន្នន័យ​នេះ​បើ​ធៀប​នឹង​ខែ​មុន អ្នកស្លាប់​ថយចុះ ១៦ ​នាក់ ស្មើ ​១៣%​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ​ថា លទ្ធផល​នៃ​ការថយចុះ​នេះ ដោយសារ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការផ្សព្វផ្សាយ​ដូច​ភ្លៀងរលឹម​របស់​លេខាធិការដ្ឋាន និង​ការ​រឹតបន្តឹង​របស់​នគរ​បាល​ចរាចរ​ណ៏​នៃ​អនុគណកម្មការ​សុវត្ថិភាព​ចរាចរ​ណ៏ ខេត្ត រាជធានី​។

ក្នុងនាម​គណកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក លោកស្រី មឹន មាណវី បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បន្ត​ចូលរួម​គោរព​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរ​ណ៏ រួមមាន​កុំ​បើក​លើស​ល្បឿន​កំណត់ គោរព​សិទ្ធិ​អាទិភាព​ដូចជា​ត្រូវ​បន្ថយល្បឿន ឬ​ឈប់​ដើម្បី​មើល​ឆ្វេង​ស្តាំ​នៅ​ផ្លូវ​ប្រសព្វ កុំ​បត់​និង​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន ពិសេស​បើ​បើកបរ​ គឺ​កុំ​ពិសា​រគ្រឿង​ស្រវឹង កុំ​ដាក់លក់​ឥ​វ៉ាន់​នៅតាម​ចិញ្ចើម​ ឬ​លយ​ចូល​លើផ្លូវ​ជាដើម​។

លោកស្រី​ថ្លែងថា​៖ «​សូមកុំ​ចាំបាច់​តែ​នគរបាល ​ឬ​អាជ្ញាធរ​រឹតបន្តឹង​ទើប​គោរព​ច្បាប់​។ សូម​ធ្វើជា​ពលរដ្ឋ​ដែល​ល្អ​ទាន់សម័យ​ក្នុងប្រទេស​ដែលមាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​កុំ​ភ្លេច​ការពារ​ការឆ្លង​ជម្ងឺ​កូ​វីដ​ ១៩»​។​

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ ថ្លែងថា ដោយ​កត់សម្គាល់​ឃើញថា​នៅក្នុង​ខែមករា​ឆ្នាំ​២០២២​នេះ មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន​ជាពិសេស​ថ្ងៃ​ចូលឆ្នាំ​សាកល​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ចាប់ផ្តើម​បើក​ដំណើរការ​ប្រទេស​ឡើងវិញ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​យ៉ាងគំហុក​។​

មួយវិញទៀត​លោក​មើលឃើញថា ដោយសារតែ​វិធានការ​របស់​ស្ថាន​ប័ន​រាជរដ្ឋាភិបាល​បាន​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ទប់​កំណើន​អ្នកស្លាប់ អ្នករងរបួស​បន្ទាប់​ពី​បានឃើញ​ករណី​គ្រោះថ្នាក់​កើតឡើង​ខ្លាំង​នៅក្នុង​ខែមករា​នោះ ទើប​ធ្វើ​ឲ្យ​មានការ​ថយចុះ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកុម្ភៈ​នេះ​។

លោក​ថ្លែងថា​៖«​ដូចដែល​យើង​បានដឹងហើយថា​ទាំង​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ទាំង​សម្តេច​ក្រឡាហោម​លោក​បាន​ជំរុញ​ឲ្យ​មាន​វិធានការ​កាន់តែខ្លាំង​ឡើង​អ៊ីចឹង​ផ្អែកលើ​ចំណុច​ទាំងនេះ​យើង​ឃើញថា ស្ថានភាព​ក្នុង​ខែកុម្ភៈ​ប្រសើ​ជាង​ខែមករា​បើទោះបីជា​ចំនួន​ហ្នឹង​នៅតែ​ខ្ពស់​»។

លោកនាយក​អង្គការ AIP បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ស្ថាន​ប័ន​រាជរដ្ឋាភិបាល​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ឲ្យ​បាន​កាន់តែ​ជាប់លាប់​ទូលំទូលាយ​និង​មាន​តម្លាភាព​។ ទន្ទឹម​នោះ​លោក​បានស្នើ​សុំ​ឲ្យ​សាធារណៈជន​ចូលរួម​ក្នុង​ការគោរព​ច្បាប់ បន្ថែម​លើ​ការខិតខំ​នៅក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ដៃគូរ​ពាក់ព័ន្ធ​៕