ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ដែលមាន​តម្លៃ​ជាង ២០ ​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ស្ថិតនៅ​ភូមិ​ព្រែកតាគង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ៣ ​ហិកតា និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​នេះ​ថា ក្នុង​រយៈពេល​ប្រមាណ​ ១ ​ខែ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​ ៣ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ និង​បើក​ការដ្ឋាន​សាងសង់ ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​នោះ​មាន​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ពី​បាត់ដំបង​ទៅ​ខេត្ត​បន្ទាយមានជ័យ ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ចំនួន​ ៧ នៅ​ខេត្តក្រចេះ និង​ខេត្តព្រៃវែង និង​ការបើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​នេះ​។

លោក​ថ្លែងថា វត្តមាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​នេះ គឺ​កើតចេញពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ខណៈ​ឆ្នាំ​ ២០២៣​ ខាងមុខ គឺជា​ខួប ៧០ ​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​នេះ​រវាង​ប្រទេស​ទាំង​ ២​។ ភាពរីកចម្រើន​របស់​កម្ពុជា​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​ចំណែក​របស់​ប្រទេស​ជា​មិត្ត រួមទាំង​ប្រទេស​ជប៉ុន​បាន​នោះទេ​។

លោក ហ៊ុន សែន ថ្លែងថា ទីក្រុង​ភ្នំពេញ​ពេញ​ទៅដោយ​កាកសំណល់ ហើយ​ប្រសិនបើ​មិនមាន​ការធ្វើ​ប្រព្រឹត្តិកម្ម ឬ​ចម្រោះ​ទឹក​ឱ្យបាន​ស្អាត មុនពេល​បង្ហូរ​ទៅក្នុង​ទន្លេ អ្នក​ដែល​ទទួល​នូវ​ផលវិបាក គឺ​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេ​។ ទឹក​កខ្វក់​ទាំងនេះ​ក៏​អាច​រីករាលដាល​ទៅជា​ជំងឺ​ផ្សេងៗ​នៅក្នុង​ទីក្រុង​ផងដែរ​។

លោក​ថ្លែងថា​៖ «​មុនពេល​ដែល​យើង​ទម្លាក់​ទឹក​ទៅក្នុង​ទន្លេ ចាំបាច់​ណាស់​ត្រូវ​ចម្រោះ​វា​ឱ្យ​ក្លាយទៅជា​ទឹកស្អាត​សិន​មុននឹង​ទម្លាក់​ទៅក្នុង​ទន្លេ​ដែលជា​ផ្នែក​មួយ នៃ​ការគ្រប់គ្រង​បរិស្ថាន និង​អនាម័យ​សម្រាប់​ប្រជាពលរដ្ឋ​»​។

លោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គ​រាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​ពិធី​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​សេដ្ច​កិច្ច​គួរឱ្យ​កត់សម្គាល់ ហើយ​ស្របពេល​នៃ​ការអភិវឌ្ឍ​នេះ គឺ​មិនអាច​ចៀសផុត​នូវ​ការកើនឡើង​នៃ​ទឹក​កខ្វក់ និង​កាកសំណល់​ជាពិសេស​នៅក្នុង​តំបន់​ទីក្រុង​។ លោក​ថ្លែងថា​៖ «​ពេលនេះ ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ទីក្រុង​ទាំងអស់ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ​ក្នុង​ការធានា​បាន​នូវ​ទីតាំង​សម្រាប់​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ក្នុង​ទីក្រុង​ដែល​កំពុង​មានការ​អភិវឌ្ឍ​»​។

លោក​ មីកាមិ​ បន្តថា ស្ថានីយ​ប្រព្រឹតិកម្ម​ទឹក​កខ្វក់​នេះ នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម​របស់​ប្រទេស​ជប៉ុន​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ប្រព័ន្ធ​នេះ​មាន​គុណសម្បត្តិ​ដូចជា​ត្រូវការ​ថាមពល​តិច​សម្រាប់​ដំណើរការ​រចនាសម្ព័ន្ធ​សាមញ្ញ និង​ប្រតិបត្តិការ​ថែទាំ​មាន​ភាពងាយស្រួល​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុង​ពិធី​នេះ​ថា គម្រោង​នេះ​នឹង​សាងសង់​សំណង់​បូម​បញ្ចូល​ទឹក​កខ្វក់​ពី​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក ដែលមាន​សមត្ថភាព​បូម​សរុប​ចំនួន​ម៉ូទ័រ ២​ គ្រឿង​ស្មើនឹង​ ៧​ ម៉ែត្រគុប​ក្នុង​ ១ ​វិនាទី ឬ​ ៤២០ ​ម៉ែត្រគុប ក្នុង​ ១ ​ម៉ោង​។ គម្រោង​នេះ​ក៏​នឹង​សាងសង់​ផ្លូវ​ប្រវែង​ជាង ​១ ៦៩០​ ម៉ែត្រ​សម្រាប់​ជីក​ដាក់​បំពង់​លូ ដែក​បង្ហូរទឹក​កខ្វក់​មក​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក​ដោយ​ត្រូវ​ក្រាល​កៅស៊ូ​ប្រភេទ AC ទំហំ​ ៧ ​ម៉ែត្រ ហើយ​គម្រោង​ក៏​នឹងមាន​ការជីក​បំពង់​លូ​ប្រវែង​ ១ ៨៤០​ ម៉ែត្រ ដើម្បី​បង្ហូរទឹក​កខ្វក់​សំណង់​បូម​បញ្ចូល​ទឹក​កខ្វក់​ឆ្ពោះទៅកាន់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក​។

បើតាម​លោក​ ឃួង ស្រេង គម្រោង​នេះ​នឹង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដែលមាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ​៥ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ លើ​ផ្ទៃដី​ ៣ ​ហិកតា នៅក្នុង​ផ្ទៃដី​បម្រុង​ទុក​ប្រមាណ​ ១៩​ ហិកតា ដែល​រដ្ឋាភិបាល​បាន​ឆ្វៀល​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ជើងឯក​ក្នុង​គម្រោង​គោលដៅ​ឆ្នាំ​ ២០២៥៕