ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​គណៈកម្មការ​ទី​ ៧ ​នៃ​រដ្ឋសភា​ថា ទោះបី​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ក្រសួង​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​ក៏ដោយ​ក៏​ក្រសួង​នៅតែ​តាំងចិត្ដ​ក្នុង​ការឆ្ពោះ​ទៅ​អនុវត្ត​ផែនការ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ និង​គោលនយោបាយ​ស្តី​ពី​សាលារៀន​ជំនាន់​ថ្មី​។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់​បែបនេះ​ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​ ៧)​ ដើម្បី​ពិនិត្យ និង​តាមដាន «​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ-១៩» នៅ​ថ្ងៃទី​ ២២ ​កុម្ភៈ​។

លោក​រដ្ឋមន្ដ្រី​បានលើកឡើង​ដោយ​សង្ខេប​ពី​ការវិវឌ្ឍ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​យុទ្ធសាស្ត្រ​នៃ​ការឆ្លើយតប​របស់​វិស័យ​អប់រំ​នៅក្នុង​បរិបទ​ថ្មី​ (​កូវីដ​ ១៩) តាមរយៈ​ការផ្តល់​អាទិភាព​ដល់​សកម្មភាព​ចំនួន​ ៥ ដែល​ក្នុងនោះ​រួមមាន ទី​ ១ ការដាក់ចេញ​នូវ​កម្មវិធី​កំណែទម្រង់​សាលារៀន ទី​ ២ ​ការអនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​។ ទី​ ៣ ការលើកកម្ពស់​កម្មវិធី​អំណាន និង​គណិតវិទ្យា​នៅ​កម្រិត​ដំបូង ទី ​៤ ការ​កៀរគរ​ការចូលរួម​ពី​គ្រប់​ប្រភព និង​អ្នក​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការអប់រំ​តាមបែប​ឌីជីថល និង​ទី​ ៥ ការ​លើកកម្ពស់​ឌីជីថល សម្រាប់​សតវត្សរ៍​ទី​ ២១ តាមរយៈ​ការជំរុញ​ការសិក្សា​របស់​សិស្ស​។

លោក​ថ្លែងថា​៖ «​បើទោះជា​ក្រសួង បាននិង​កំពុង​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​ក៏ដោយ​ក៏ក្រសួង​អប់រំ​បាន​តាំងចិត្ត​ក្នុង​ការឈាន​ឆ្ពោះ​ទៅកាន់​ដំណាក់កាល​ទី​ ៣ នៃ​ផែនការ​កំណែទម្រង់ ដែល​សកម្មភាព​អាទិភាព​លើ​ការពង្រឹង​ការគ្រប់គ្រង​ធនធាន​មនុស្ស និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ ការដាក់​ឱ្យ​អនុវត្ត​នូវ​ការវាយតម្លៃ​ការងារ​ប្រចាំឆ្នាំ ការបង្កើត​ឱកាស និង​អនុវត្ត​គន្លង អាជីព​ក្នុង​វិស័យ​អប់រំ ការ​គ្រប់គ្រង​ផ្តោតលើ​លទ្ធផល ការបង្កើត​ក្រុម​ជំនាញ​ចុះជួយ និង​គាំទ្រ​ដល់​សាលារៀន​, និង​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​»​។

កិច្ចប្រជុំ​នា​ថ្ងៃទី​ ២២ ​កុម្ភៈ​ជា​កិច្ចប្រជុំ​លើក​ទី​ ៣ នៃ​ជំនួប​ផ្លូវការ​រវាង​គណៈកម្មការ​ទី​ ៧ ជាមួយ​ក្រសួង​អប់រំ​ដោយ​ក្នុងនោះ កាលពី​ថ្ងៃទី​ ១៩ វិច្ឆិកា ឆ្នាំ​ ២០១៨ គណៈកម្មការ​ទី​ ៧ បាន​ជួបប្រជុំ​ជាមួយ​ក្រសួង ដើម្បី​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ «​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ យុវជន និង​កីឡា ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ និង​គោលនយោបាយ​ស្តីពី​សាលារៀន​ជំនាន់​ថ្មី​»​។

ចំណែក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២២ ​ខែកុម្ភៈ គណៈកម្មការ និង​ក្រសួង​អប់រំ​បាន​ពិភាក្សា​លើ​ប្រធានបទ​ «​ការវិវឌ្ឍ នៃ​វិស័យ​អប់រំ ក្នុង​បរិបទ​ឌីជីថល​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា និង​សាកល​»​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ទី​ ៧ ជាមួយនឹង​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើង​ដោយ​សង្ខេប​នូវ​សកម្មភាព​ជា​អាទិភាព​របស់ ក្រសួង ដើម្បី​ឆ្លើយតប​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ដែល​ប្រែក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ​រួមមាន​កម្មវិធី​កំណែទម្រង់​ក្នុង​ទិសដៅ​ផលិត​ធនធានមនុស្ស ដែល​នឹង​ប្រែក្លាយ​ពី​សេដ្ឋកិច្ច​ផ្អែកលើ​ពលកម្ម​ទៅជា​សេដ្ឋកិច្ច​ផ្អែកលើ​សង្គមពុទ្ធិ​។

គណៈកម្មការ​ទី​ ៧ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​អប់រំ ហើយ​បាន​ចាត់ទុកថា កិច្ចប្រជុំ​នេះ​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ស្មារតី​រួបរួម សហការ និង​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩ និង​ជា​ឱកាស​សម្រាប់​សមាជិក​សមាជិកា​នៃ​រដ្ឋសភា​អាច​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់ ជា​ធាតុចូល​សំខាន់ៗ ដែល​ក្រសួង​អាច​យកទៅ​ពិចារណា​ផងដែរ​។

គណៈកម្មការ​ទី​ ៧ បញ្ជាក់ថា នឹង​បន្ត​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុង​ការតាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ និង​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​អប់រំ និង​ចូលរួម​សហការ​ក្នុង​ស្មារតី ដើម្បី​ផលប្រយោជន៍​រួម​នៃ​គុណភាព​អប់រំ​នៅ​កម្ពុជា និង​ដើម្បី​សិស្សានុសិស្ស​ទទួល​បានការអប់រំ​ប្រកបដោយ​គុណភាព និង និរន្តរភាព​៕