ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ការបង្ក្រាប​បទល្មើស​នានា​មាន​កម្រិត​ខ្ពស់ ដោយ​ទទួលបាន​លទ្ធផល​រហូត​ដល់​ ៩៣ ​ភាគរយ ដែលជា​លទ្ធផល​ល្អប្រសើរ ដោយ​លោក​បន្ត​ជំរុញ​ស្ថាប័ន​មាន​សមត្ថកិច្ច​ខិតខំ​បន្ថែមទៀត​ស្របពេល​មាន​វិបត្តិ​សកល​ដែល​នឹង​ជះឥទ្ធិពល​ដល់​កម្ពុជា​។

ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួងមហាផ្ទៃ និង​លទ្ធផល ការងារ​ប្រឡង​​ប្រណាំង​អនុវត្ត​គោលនយោបាយ ​«​ភូមិ ឃុំ-​សង្កាត់ មាន​សុវត្ថិភាព​» នា​ថ្ងៃទី​ ២២ កុម្ភៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ធ្វើការ​កត់សម្គាល់​នូវ​សភាពការណ៍ និង​សមិទ្ធផល​សំខាន់ៗ​ដែល​ក្រសួង​មហាផ្ទៃ​ខិតខំ​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២១ ទាំង​សភាពការណ៍​ពិភពលោក និង​ក្នុង​តំបន់​បាន​បន្ត​វិវឌ្ឍ​ប្រែប្រួល​ឆាប់រហ័ស​ស្មុគស្មាញ និង​ពិបាក​ប៉ាន់ស្មាន​ស្របពេល​ដែល​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន​នៅ​សេសសល់​ពុំទាន់​មាន​វិធី​ដោះស្រាយ​នៅឡើយ​។

លោក​ថា ទន្ទឹម​នោះ​ការប្រកួត​ប្រជែង​ក្នុងចំណោម​ប្រទេស​មហាអំណាច ដើម្បី​ដណ្តើម​ភូមិសាស្ត្រ​នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មាន​លក្ខណៈ​តានតឹង​។ ដើម្បី​បម្រើ​ឱ្ស​សកម្មភាព​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​ខាងលើនេះ មហាអំណាច​មួយ​ចំនួន​បាន​បង្កើន​សកម្មភាព ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​តូចៗ​និង​ក្រីក្រ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់ខ្លួន​។ ស្របពេល​ទទួលរង​សម្ពាធ​ពី​សភាពការណ៍​សកល​ទាំងនេះ នៅ​ផ្ទៃក្នុង​កម្ពុជា ក្រុម​ប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ ក្នុង​និង​ក្រៅប្រទេស​បាន​បន្ត ខិតខំ​រក​ឧបាយកល និង​សកម្មភាព​ខុស​ច្បាប់ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្នុង​គោលបំណង​ដណ្តើម​អំណាច ដែលជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​មកលើ​រដ្ឋធម្មនុញ្ញ​។

លោក​ថា ទោះបី​សភាពការណ៍​សកលលោក និង​តំបន់​មាន​ការវិវឌ្ឍ​ប្រែប្រួល​ស្មុគស្មាញ​យ៉ាងណាក្តី ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​បញ្ចៀស​បាន​អំពើ​ភេរវកម្ម ព្រមទាំង​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាបបាន​ទាន់ពេលវេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​ធានា​រក្សាបាន​សន្តិសុខ​ក្នុងប្រទេស​ល្អប្រសើរ​។

ក្នុងន័យនេះ លោក​ថា ក្នុង​ឆ្នាំ ​២០២១ កងកម្លាំង​នគរបាល​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ខិតខំ​ពុះពារ​រែកពុន​ការងារ​ជាច្រើន ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។

លោក​បញ្ជាក់ថា​៖ «​អាស្រ័យលើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​ធ្វើឱ្យ​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ មាន​ការថយចុះ​ ៦ ​ភាគរយ​។ ពិសេស​បទល្មើស​ឧក្រិដ្ឋ ដែល​ជះឥទ្ធិពល​ដល់​ចិត្តសាស្ត្រ​សង្គម​បាន​ថយចុះ​ ១៤​ ភាគរយ ហើយ​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​នានា​មាន​កម្រិត​ខ្ពស់​រហូតដល់ ​៩៣%»​។

លោក​បន្តថា ទន្ទឹមនឹងនេះ​យុទ្ធនាការ​ប្រឆាំង​បទល្មើស​នានា​ក៏​ត្រូវបាន​ចាត់ចែង​អនុវត្ត​ជាប្រចាំ ទោះបី​ត្រូវ​រំខាន​ខ្លះៗ​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ យ៉ាងណា​ក្តី ដូចជា​យុទ្ធនា​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សកម្មភាព​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ផ្លូវភេទ ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​ផ្សេងៗ​ទៀត​។ ទន្ទឹមនឹង​សមិទ្ធផល​ខាងលើនេះ​នៅមាន​បញ្ហា​សេសសល់​បញ្ហា​ប្រឈម​នានា ដែល​ត្រូវ​បន្ត​ខិតខំ​ពុះពារ​រួមគ្នា​ដោះស្រាយ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា​៖ «​បទល្មើស​ព្រហ្មទណ្ឌ ទោះបី​ឆ្នាំ​កន្លងទៅ​មានការ​ថមថយ ប៉ុន្តែ​បទល្មើស​មួយចំនួន​មាន​ចំនួន​ច្រើន​គួរឱ្យ​កត់សម្គាល់​។ មនុស្ស​ឃាត​ដោយ​ចេតនា អំពើហិង្សា​ដោយ​ចេតនា អំពើ​ហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ និង​ការបំពាន​ខាង​ផ្លូវភេទ​»​។

ក្នុង​នាម​ក្រសួងមហាផ្ទៃ និង​រូបលោក​ផ្ទាល់ លោក ស ខេង សំណូមពរ​ដល់​សមាជិក សមាជិកា​នៃ​អង្គសន្និបាត​ទាំងមូល​ប្តេជ្ញា​ស្មារតី ដើម្បី​ផ្តល់​ធាតុ​ចូល​ធ្វើ​ការងារ​ឱ្យសម្រេច​បាន​តាម​ការគ្រោងទុក​។

លោក​ ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​មហាផ្ទៃ​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២១ កើតឡើង​នូវ​សភាពការណ៍​គួរឱ្យ​កត់សម្គាល់​ដែល​បង្កឡើង​នូវ​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ និង​អន្តរជាតិ​។ ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ អំពើ​ភេរវកម្ម​-​អន្តរជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​។ ជាពិសេស​ទៀត​នោះ បទល្មើស​បច្ចេកវិទ្យា និង​មាន​ការកើនឡើង​ការផលិត និង​ចរាចរ​គ្រឿងញៀន ព្រមទាំង​អំពើ​ជួញដូរ​មនុស្ស បាននិង​កំពុង​រីករាលដាល​ក្នុង​តំបន់​។

លោក​បាន​បញ្ជាក់ថា ក្នុង​កិច្ចការងារ ថែរក្សា​សន្តិសុខ​ជាតិ​បាន​កើត​មាននូវ​ព្រឹត្តិការណ៍​គួរឱ្យ​កត់សម្គាល់​មួយចំនួន មានដូចជា សកម្មភាព បាតុកម្ម កូដកម្ម​គ្រប់​រូបភាព​បាន​ថយចុះ​ ៨៥៨​ លើក ហើយ​ត្រូវបាន​សម្របសម្រួល និង​ដោះស្រាយ ដោយ​សន្តិវិធី ដែល​បញ្ចៀស​បាន​នូវ​បាតុភាព​បង្កចលាចល​ក្នុងសង្គម​។ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច ក៏បាន​ទប់ស្កាត់​ចលនា​បដិវត្តន៍​ពណ៌ ប្រកបដោយ​ប្រសិទ្ធភាព​រាល់​ព័ត៌មាន​ប្រឌិត បំភ្លៃ​សភាពការណ៍ និង​បំពុល​បរិយាកាស​សង្គម​ត្រូវបាន​ស្រាវជ្រាវ និង​ប្រតិកម្ម​បកស្រាយ​បំភ្លឺ​ទាន់​ពេលវេលា​។

លោក​ថា​៖ «​បទល្មើស​ព្រហ្មទណ្ឌ​គិត​ជា​លើក ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០២១ ធៀប​នឹង​ឆ្នាំ​ ២០២០ បទល្មើស​រួម​ថយចុះ​ ១៩៩ ​លើក បទឧក្រិដ្ឋ​ថយចុះ​ ៩៣​ លើក បទមជ្ឈិម​ថយ​ ១០៦ ​លើក ស្លាប់​ថយចុះ​ ១៥ ​លើក របួស​ថយចុះ​ ៤៩ ​លើក​»​។

ស្ថិតិ​បទល្មើស​គិត​ជា​លើក​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​ ២០២១ បទល្មើស​រួម​ថយចុះ​ ៩៣ ​លើក លួច​មាន​ស្ថាន​ទម្ងន់​ថយចុះ ​៤២ ​លើក ឃាតកម្ម​ថយចុះ ១៥​ លើក រំលោភ​សេពសន្ថវៈ​ថយចុះ​ ៣ ​លើក បង្ខាំង​មនុស្ស​ខុសច្បាប់​ថយចុះ​ ២៣​ លើក​។ ស្ថិតិ​បទល្មើស​មជ្ឈិម​ថយចុះ​ ១០៦ ​លើក បទល្មើស​លួច​ថយចុះ ៦៨​ លើក ឆបោក​រំលោភ​ទំនុកចិត្ត ថយចុះ​ ១១​ លើក ហិង្សា​ដោយ​ចេតនា​កើនឡើង ៦ ​លើក បំពាន​ផ្លូវភេទ​ថយចុះ ​១​ លើក ប្រើប្រាស់​អាវុធ​ខុសច្បាប់​ថយចុះ​ ៣ ​លើក​។

លោក​បន្តថា លទ្ធផល​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទាំង​ប្រទេស ឆ្នាំ​ ២០២១ បទល្មើស​សរុប​ភាគរយ​នៃ​ការបង្ក្រាប​ស្មើ ​៩៣​ ភាគរយ បទល្មើស​ឧក្រិដ្ឋ​ភាគរយ​បង្ក្រាប ​៩២​ ភាគរយ និង​មជ្ឈិម​ ៩៤ ​ភាគរយ​។ បើ​ប្រៀបធៀប​ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ការបង្ក្រាប ៥ ​ឆ្នាំ ពី​ឆ្នាំ​ ២០១៧ ដល់ ២០២១ ក្នុងនោះ​ឆ្នាំ​ ២០១៧ បង្ក្រាបបាន ៨៦ ​ភាគរយ និង​ឆ្នាំ​ ២០២១ បង្ក្រាប​ ៩៣ ​ភាគរយ ។

គ្រោះថ្នាក់​ចរាចរណ៍ មាន ​២ ៦៥៤ ​លើក ស្លាប់​ ១ ៤៨៥​ នាក់ របួស​ ៣ ៥៩៧ ​នាក់ អគ្គិភ័យ ​៦៧០ ​លើក ស្លាប់ ​១៨ ​នាក់ របួស​ ៣៥ ​នាក់ ឆេះ​ផ្ទះ​ ៤៧២ ​ខ្នង ឆេះតូប​ ២៣១ ​តូប ករណី​ផ្ទុះអាវុធ​កើតឡើង​ ៣១​ លើក ស្លាប់​ ៩​ នាក់ របួស​ ៣០ ​នាក់ និង​គ្រោះថ្នាក់​ផ្សេងៗ​ ៣ ៩៩២ ​លើក ស្លាប់​ ៣ ៥៧១​ នាក់ របួស​ ៥៤២ ​នាក់​។ នេះ​បើតាម​លោក​ ប៉ោ ភក្តិ​។

លោក​បញ្ជាក់ថា​ថ្វីបើ​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ​យ៉ាងណាក្តី ប៉ុន្តែ​សភាពការណ៍​កម្ពុជា​នៅពេល​ខាងមុខ​នឹង​ប្រឈម បញ្ហា​មួយចំនួន​ដោយសារ​ការ​ប្រែប្រួល និង​ភាពស្មុគស្មាញ​សន្តិសុខ​សកលលោក​។ ក្រសួង​មហាផ្ទៃ​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​បន្ត​រក្សា​ឱ្យ​បាន​ឯករាជភាព​ទឹកដី សន្តិភាព និង​ស្ថិរភាព​នយោបាយ សន្តិសុខ​សាធារណៈ បង្ក​បរិយាកាស​ក្នុង​ការស្តារ​កំណើន សេដ្ឋកិច្ច ធានា ការពារ​លើកស្ទួយ​សិទ្ធិសេរីភាព លើកកម្ពស់​ប្រជាធិបតេយ្យ​សេរីពហុបក្ស​៕