ស្ទឹងត្រែងៈ ព្រះសង្ឃ ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា​មកពី​បណ្តា​រាជធានី​ខេត្ត គ្រោង​សាងសង់​ព្រះពុទ្ធ​រូប​ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ប្រវែង​ ៩៩ ​ម៉ែត្រ នៅក្នុង​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ភ្នំ​នាគខៀវ​សម្រាប់​តម្កល់ទុក​ក្នុង​ផ្នែក​ព្រះពុទ្ធសាសនា និង​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឱ្យ​ទៅ​ជា​កន្លែង​អភិរក្ស​ធនធានធម្មជាតិ​មាន​ប្រសិទ្ធភាព​។

មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ភ្នំចាប​ភ្លើង​ហៅ​ភ្នំ​នាគខៀវ ស្ថិតនៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង និង​មាន​ទំហំ​ដី​ជាង​ ៥០០ ​ហិកតា​ដែល​មជ្ឈមណ្ឌល​នេះ​គឺជា​សម្បតិ្ត​ធម្មជាតិ​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ស្រុក​ថា​ឡាបរិវ៉ាត់ ដែល​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បាន​ប្រឹងប្រែង​រួមគ្នា​អភិរក្ស និង​ត្រូវ​រក្សាទុក ដូចជា​ព្រៃឈើ ដើមឈើ​ធំៗ​ភ្នំ​មាន​ល្អាង​ថ្ម ដែលជា​សម្បត្តិ​ធម្មជាតិ បន្សល់ទុក​ពី​ជំនាន់​ដូនតា​សម័យ​ដើម​។

ព្រះតេជគុណ ពុទ្ធយ៉ាំ ចៅ​អធិការ​វត្ត​ថាឡាបរិវ៉ាត់ មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៧ កុម្ភៈ​ថា ព្រះសង្ឃ ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា​មកពី​បណ្តា​រាជធានី ខេត្ត​មាន​គម្រោង​សាងសង់​ព្រះ​ពុទ្ធរូប ដែល​មាន​សណ្ឋាន​ជា​ព្រះអង្គ​ផ្ទុំ​ប្រវែង ​៩៩ ​ម៉ែត្រ សម្រាប់​តម្កល់ទុក​ក្នុង​ផ្នែក​ព្រះពុទ្ធសាសនា ក្នុង​មជ្ឈមណ្ឌល​។ ព្រះតេជគុណ មាន​សង្ឃដីកា​បន្តថា​គម្រោង​សាងសង់​នេះ​ក៏​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ប្រែក្លាយ​តំបន់​នេះ​ឱ្យ​ទៅជា​កន្លែង​អភិរក្ស​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព​ និង​ជា​កន្លែង​ទេសចរណ៍​បែប​សាសនា​ផងដែរ ខណៈដែល​ខេត្តស្ទឹងត្រែង​ទាំងមូល​គឺ​មិនទាន់​មាននៅ​ឡើយ​។

ព្រះតេជគុណ​មាន​សង្ឃដីកា​៖ «​ទី​ ១​ គម្រោង​នេះ​នឹង​ជំរុញ​ឱ្យ​ញាតិញោម​គាត់​កាន់តែ​ជំនឿ​ជឿជាក់​លើ​ព្រះសាសនា​។ ទី​ ២ គម្រោង​នេះ​នឹង​បង្កើត​នូវ​ទេសចរណ៍​បែប​សាសនា​នៅក្នុង​ខេត្ត​របស់​យើង​ព្រោះ​មជ្ឈមណ្ឌល​វិបស្សនា​យើង​នេះ​ក្រៅពី​មាន​វត្ត​គឺ​យើង​មាន​​ព្រៃឈើ​ និង​សត្វ​មួយចំនួន​ដែល​យើង​កំពុងធ្វើការ​អភិរក្ស​»​។

ជាមួយ​នឹង​ការសាងសង់​ព្រះពុទ្ធរូប​ដ៏ធំ​សម្បើម​នេះ ព្រះតេជគុណពុទ្ធ យ៉ាំ ​មាន​សង្ឃដីកា​ទៀតថា​ព្រះអង្គ​ក៏​កំពុងតែ​រៀបចំ​កាយ​ព្រំ​ក្រវាត់​ធ្វើ​ផ្លូវ​ជុំវិញ​តំបន់​អភិរក្ស​នេះ​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដូចជា​សត្វព្រៃ ព្រៃឈើ​ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់ ដោយសារ​ការលួច​កាប់ និង​ការដាក់​អន្ទាក់​ពី​សំណាក់​ជនអនាមិក​។

ព្រះតេជគុណ មាន​សង្ឃដីកា​ថា​៖ «​ការកាប់​ព្រៃ​ និង​ដាក់​អន្ទាក់ គឺ​នៅតែមាន​ព្រោះ​ជួន​កាលណា​មក​បាញ់​សត្វ​នៅក្បែរ​កុដិ​លោក​ក៏មាន​។ អាត្មា​ក៏​សូម​អំពាវនាវ​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ហ្នឹង​សុំ​មេត្តា​កុំ​កាប់​ព្រៃឈើ​តទៅទៀត​។ យើង​អភិរក្ស​យើង​ថែរក្សា​ទាំង​សត្វ ទាំង​ព្រៃ​ធម្មជាតិ​ព្រោះ​បើ​យើង​បំផ្លាញ​ធម្មជាតិ​នោះ​ថ្ងៃ​ណាមួយ​ធម្មជាតិ​នឹង​បំផ្លាញ​យើង​វិញ​»​។

លោក មៀច អ៊ាង ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៧ កុម្ភៈ​ថា គម្រោង​នៃ​ការសាងសង់​ព្រះពុទ្ធ​រូប​ដ៏ធំ​នេះ​គឺ​មន្ទីរ​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​ដែល​លោក​អះអាងថា​ មន្ទីរ​តែង​គាំទ្រ​រាល់​ការសាងសង់​ណា​ដែល​ស្រប និង​មាន​ភាព​ល្អប្រសើរ​ដល់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។ បន្ថែម​ពីនេះ​ក៏បាន​បន្តថា ចំពោះ​គម្រោង​ដែល​ចង់​ប្រែក្លាយ​មជ្ឈមណ្ឌល​នេះ​ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​បែប​សាសនា​ឬ​បែប​ធម្មជាតិ​នេះ​ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​ដែល​កន្លងមក​គម្រោង​នេះ​គឺ​បាន​ដំណើរការ​បាន​មួយ​ជំហាន​រួចមកហើយ​។

ចំពោះ​គម្រោង​សាងសង់​ព្រះពុទ្ធរូប​ដ៏ធំ​នេះ​លោក​បាន​បញ្ជាក់ថា​៖ «​ការសាងសង់​នេះ​បើ​មានការ​រៀបចំ​ជាក​ម្មការ​អី​ត្រឹមត្រូវ​អ៊ីចឹង​គឺ​មន្ទីរ​ច្បាស់​ជា​គាំទ្រ​ហើយ ព្រោះ​ទាំងនេះ​គឺជា​គម្រោង​របស់​អាជ្ញាធរ​ក៏ដូចជា​មន្ទីរ​ធម្មការ​ដែល​បាន​គ្រោងទុក​ពីមុនមក​។ ប៉ុន្តែ​កន្លងមក កន្លែង​នេះ​គឺមាន​ការ​ភាពប្រទាំង​ប្រទើស​គ្នា​ក៏​បន្ត​អូសបន្លាយ​មកដល់​ឥឡូវ​ទៅ​»​។

លោក វ៉ាយ វិបុល អ្នកជំនាញ​ផ្នែក​សាសនា និង​សីលធម៌​បាន​លើកឡើងថា​ការសាងសង់​ព្រះពុទ្ធរូប​ដ៏ធំ​នេះ​គឺ​ពិតជា​បង្ហាញ​នូវ​ការគោរពបូជា​ និង​ស្រឡាញ់​ព្រះពុទ្ធសាសនា​ដើម្បី​ចំណាយធនធាន​ខ្ពស់​ក្នុង​ការកសាង​ព្រះពុទ្ធសាសនា​។ ប៉ុន្តែ​លោក​ចង់ឱ្យ​ការគោរព​បែប​ព្រះពុទ្ធសាសនា​ធ្វើឡើង​ប្រកបដោយ​បញ្ហា ព្រោះ​ការគោរព​ព្រះពុទ្ធសាសនា​គឺធ្វើឡើង​ទៅតាម​ជំនឿ​ និង​បញ្ហា​ហើយ​ចំណាយធនធាន​មិន​បរិសុទ្ធ​គឺ​មិនបាន​ផល​ប៉ុន្មាន​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​គោរព​សីល​ ៥​ បាន​នោះ​ការគោរព​ព្រះពុទ្ធសាសនា​បាន​លើស​អ្វីៗ​ទាំងអស់ បាន​ច្រើនជាង​ការបូជា​ព្រះពុទ្ធ​ខាងក្រៅ​ទៅទៀត​។ ការកសាង​ខាងក្រៅ​គឺ​យើង​ចេះតែ​ឃើញ​ហើយ​គឺ​វា​អស្ចារ្យ​វា​ធំ​ ក៏ប៉ុន្តែ​ការកសាង​ផ្លូវចិត្ត​ និង​ជំនឿ​ឱ្យ​គោរព​នោះ​គឺជា​ខ្លឹម​ដ៏​ប្រសើរ​»៕

វីដេអូ៖