ពោធិ៍សាត់ៈ លោក ជាវ តាយ អភិបាលខេត្ត​ពោធិ៍សាត់​ថ្លែង​នៅ​ថ្ងៃទី ២១ ខែកុម្ភៈ​ថា លោក​បានឱ្យ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ពិនិត្យមើល សមាសភាព​ដែល​ត្រូវធ្វើ​កែសម្រួល​ហើយ​ត្រូវ​ឆ្លង​អង្គប្រជុំ​ឡើង​វិញ ដែល​ក្រុមការងារ​នេះ ក្រោយ​ការកែសម្រួល​នឹង​ចុះទៅ​ធ្វើការ​ពិនិត្យមើល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ២០ ​គ្រួសារ ដែល​ស្នើសុំ​ដី​ចំនួន ៣៧,៥ ហិកតា នៅ​ចំណុច​ជាប់​អាង​ស្តុក​ទឹក​​វារីអគ្គិសនី​ក្នុង​ភូមិ​ឆាយលូក ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​មុនគេ​។

លោក​ថ្លែងថា​៖ «​ការងារ​តែ​ធ្វើ​គឺ​យើង​អត់​ទុក​ទេ គឺ​ធ្វើឱ្យ​លឿន​ដើម្បី​ដោះស្រាយ បាន​ឬ​មិនបាន ទើស​កន្លែង​ណា ត្រូវ​កែសម្រួល​កន្លែង​ណា យើង​នឹងដាក់​ប្រជុំ​ក្រោយពី​មាន​ការអង្កេត​ពិនិត្យ​រាយការណ៍​មកវិញ​»​។

រដ្ឋបាលខេត្ត​ពោធិ៍សាត់​បានឱ្យ​ដឹងថា ដី​នោះ​ត្រូវបាន​កាន់កាប់ និង​អាស្រ័យផល​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំនួន ២០ ​គ្រួសារ​ក្នុង​ដែន​សម្បទាន​ដី​សេដ្ឋកិច្ច​ទំនប់​វារីអគ្គិសនី និង​នៅក្នុង​ដែន​គ្រប់គ្រង​ដោយ​បរិស្ថាន​ផង​។ មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​កសាង​ផែនទី​ធ្វើការ​ដកហូត​ដី​នោះ​មក​គ្រប់គ្រង និង​ទុកជា​សម្បត្តិ​រដ្ឋ ដែល​កិច្ចការ​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​លើ​ការ​កាន់កាប់​ដី និង​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ទាំង ២០ ​គ្រួសារ​នោះ​។

លោក សុខ បឿន មេឃុំ​អូរសោម ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​នេះ​ថា ពលរដ្ឋ​បាន​ទៅ​រស់នៅ​អាស្រ័យផល​នៅ​ទីនោះ​ជាយូរ​មកហើយ ប៉ុន្តែ​លោក​មិនបាន​ចាំ​ច្បាស់​ថា​តាំងពី​ឆ្នាំ​ណា​មក​ទេ​។ ក្នុងការ​រស់នៅ​ទីនោះ​ពលរដ្ឋ​បាន​ធ្វើការ​ដាំដុះ​ដំណាំ​ផ្សេងៗ​ដូចជា ដាំដំឡូង ខ្នុរ ចេក ទុរេន ជាដើម​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​ប្រជាពលរដ្ឋ​ ២០ ​គ្រួសារ​នោះបានទេ​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ប៉ុន្តែ​លោកស្រី វណ្ណ សាម៉ាន មេភូមិ​ឆាយលូក ថ្លែងថា ពលរដ្ឋ​បាន​អាស្រ័យផល​នៅ​ទីនោះ​តាំងពី​ឆ្នាំ​ ២០០៧ ​មក ស្រាប់តែ​ក្នុង​រយៈពេល​ប្រហែល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ មន្ត្រី​បរិស្ថាន​បាន​ទៅ​ហាមឃាត់​មិនឱ្យ​ពួកគាត់​បន្តធ្វើ​ការរស់នៅ​អាស្រ័យផល​ទៀតឡើយ​។

លោកស្រី​ថ្លែងថា​៖ «​ឥឡូវ​គាត់​អត់​បាន​នៅ​អាស្រ័យផល​ទី​ហ្នឹង​ទេ គាត់​អត់​ហ៊ាន​នៅ​ព្រោះ​កាលណា​នៅ​ខ្លាច​ខាង​មន្ត្រី​បរិស្ថាន​រករឿង​»​។

លោក គង់ ពុទ្ធីរ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្លែង​នៅ​ថ្ងៃទី ​២១ ខែកុម្ភៈ​ថា ទីតាំង​ដី​នោះ​ដើមឡើយ​ជា​តំបន់​ដីព្រៃ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ចំណែក​ពលរដ្ឋ​ចំនួន​ ២០ ​គ្រួសារ​នោះ មិនដឹង​មកពី​ទីណា​នោះទេ ចេះតែ​ចូលទៅ​លួច​កាប់​រាន​ទន្ទ្រានព្រៃ​ទើប​មន្ត្រី​បរិស្ថាន​ដែល​ល្បាត​ឃើញ​ធ្វើការ​ដេញចេញ​ជា​​បន្តបន្ទាប់​។

លោក​ថ្លែងថា ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ចំនួន​ ២០ ​គ្រួសារ​នោះ​លោក​ក៏​មិន​បានដឹង​ច្បាស់​ដែរ ព្រោះ​ជាទូទៅ​ដី​នៅ​តំបន់​អូរសោម​មាន​ច្រើន​កន្លែង មិន​ត្រឹមតែ​កន្លែង​ ២០ ​គ្រួសារ​នេះ​ទេ នៅមាន​ពលរដ្ឋ​ផ្សេងៗ​ជាច្រើន​ទៀត​បាន​លួច​កាប់​ទន្ទ្រាន​ដែល​ភាគច្រើន​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​។

លោក​ គង់ ពុទ្ធីរ៉ា បន្តទៀតថា ចំពោះ​ការបង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះ​ជា​តួនាទី​របស់​រដ្ឋបាលខេត្ត​ក្នុង​ការពិនិត្យមើល​ជាក់ស្តែង​លើ​បញ្ហា​ដែល​កើតឡើង ប៉ុន្តែ​ក្នុងនាម​អភិបាលខេត្ត​ក្តី មន្ទីរជំនាញ​ក្តី ពុំមាន​សិទ្ធិ​ណាមួយ​សម្រេច​កាត់​ឆ្វៀល​ដី​ទាំងនោះ​ជូន​ពលរដ្ឋ​នោះទេ​។

លោក​ថ្លែងថា​៖ «​គ្រាន់តែ​អាច​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង តើ​ស្ថានភាព​យ៉ាងម៉េច ហើយ​ធ្វើសំណើ​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន ក៏​ដូចជា​ក្រសួងមហាផ្ទៃ​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​»​។ «​បើសិន​ជា​ប្រជាពលរដ្ឋ​ប្រាកដជា​គ្មាន​ដី​ហើយ​បានមក​អាស្រ័យផល​ទីនោះ មិនមែនជា​បញ្ហា​ពិបាក​ដោះស្រាយ​ទេ​»៕