ភ្នំពេញៈ ការដកហូត​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ នៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​មាន​ចំនួន​ជាង ៦ ​ម៉ឺន​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ជិត ១ ម៉ឺន ៥ ​ពាន់​គ្រួសារ​បាន​ចូលខ្លួន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ទាំងនេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ខណៈ​ការដាំដុះ​ព្រៃ​លិច​ទឹក ឫស្សី ដើមត្នោត​ និង​ដើមឈើ​ឡើងវិញ ក្នុង​តំបន់​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​បាន​ជាង ៣០ ម៉ឺន​ដើមគ្រាប់​។

លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋបាល​ជលផល​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ២១ កុម្ភៈ ក្រុមការងារ​ប្រចាំខេត្ត​ទាំង ៦ បាន​ដកហូត​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប​បាន​ចំនួន ៦២ ៧៥០ ហិកតា ដោយ​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ១៤ ៩១៩ គ្រួសារ បាន​ស្ម័គ្រចិត្ត​ចូលខ្លួន​មក​ប្រគល់​ដីព្រៃ​លិច​ទឹក​ទាំងនេះ​ត្រឡប់​មកឱ្យ​អាជ្ញាធរខេត្ត​ទាំង ៦ វិញ​។

ចំពោះ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​បាន​ដកហូត​ទាំងនេះ គឺ​អាជ្ញាធរ​ទាំង​ ៦ ខេត្ត បានធ្វើ​ការដាំដុះ​ព្រៃ​លិច​ទឹក​ និង​ដើមត្នោត​សរុប​ជាង ៣០ ម៉ឺន​ដើម និង​គ្រាប់​ដោយ​ក្នុងនោះ ដើម​ឫស្សី​បាន​ចំនួន ៩ ៧៩៩ ​ដើម ដើមត្នោត​បាន ៣៣៩ ​ដើម​ចំណែក​គ្រាប់ត្នោត​បាន​ចំនួន ២៧ ១១៣៥ គ្រាប់ និង​ព្រៃ​លិច​ទឹក​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន ៤៤ ៤៣៥ ​ដើម​។ ខេត្ត​ដែល​បាន​ដាំ​ដើមឈើ​នៅ​តំបន់​លិច​ទឹក​នេះ​ឡើងវិញ​បាន​ច្រើនជាងគេ​គឺ​ខេត្តកំពង់ឆ្នាំង ដែលមាន​ចំនួន​សរុប​ជាង ៣ ៥០០០ ដើម​ និង​គ្រាប់​។ នេះ​បើតាម​លោក លោក អ៊ឹង ទ្រី​។

លោក​បាន​បញ្ជាក់ថា​៖ «​ការដាំ​ដើមឈើ​នេះ​យើង​មិនទាន់​និយាយបានថា ចប់ ​ឬ​មិន​ចប់​នោះទេ ព្រោះ​របាយការណ៍​ពី​តាម​ខេត្ត​យើង​ទទួល​រាល់ថ្ងៃ​។ និយាយ​ទៅ ថ្នាក់​ខេត្ត​ទាំង​ ៦ ​នេះ​គេ​កំពុង​ធ្វើ​បន្តទៅទៀត​អ៊ីចឹង​យើង​មិនទាន់​អាច​ថា យ៉ាងម៉េច​ទេ ព្រោះ​នៅពេល​បញ្ចប់ យើង​នឹងមាន​ការប្រជុំ​បូកសរុប​»​។

កាលពី​ថ្ងៃទី​ ១៣ កុម្ភៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ពី​ការបិទ​បញ្ចប់​ការដាំ​ដើមឈើ ១០០ ភាគរយ​ក្នុង​តំបន់ ៣ នៃ​បឹង​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​របស់ខ្លួន​ដោយ​ក្នុងនោះ​ដាំ​ដើមឈើ​ជាង ៣ ម៉ឺន​ដើម​ និង​គ្រាប់​ត្រូវបាន​ដាំ​រួចរាល់​លើ​ផ្ទៃដី​ប្រមាណ​ ១២ ០០០ ហិកតា​។

លោក អ៊ឹង ទ្រី បាន​អះអាងថា អាជ្ញាធរ​ជលផល​នៅតែ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ទាំង​ ៦ ​នេះ ដើម្បី​ជំរុញ​ការដកហូត​ដីព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់ និង​ធ្វើការ​ដាំដុះ​ដើមឈើ​ឡើងវិញ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

កាលពី​ថ្ងៃទី ​២៨ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ ចំពោះ​ការ​លួច​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ និង​វាតទី​យក​ដី​នៅតាម​បឹង​ទន្លេសាប​។

ជាមួយ​នឹង​ការដកហូត​ដី​យកមក​វិញ​នេះ លោក​ ហ៊ុន សែន​ក៏បាន​បញ្ជា​អាជ្ញាធរខេត្ត​ទាំង ៦ ធ្វើការ​ដាំដុះ​ដើមឈើ​ឡើងវិញ​នៅ​តំបន់​ដីព្រៃ​លិចទឹក​ដែល​បាន​ដកហូត​ដោយ​លោក​បាន​ទទួលស្គាល់ថា ការបាត់បង់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប គឺជា​វិនាស​សកម្ម​នៃ​ជម្រក​ត្រី​ដែលជា​ប្រភព​ស្បៀង​របស់​កម្ពុជា​។

លោក​ ឱម សាវ៉ាត នាយក​ប្រតិបត្តិ អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ​និយាយថា បើ​មើល​ទៅលើ​ទិដ្ឋភាព​រួម គឺ​បរិមាណ​នៃ​ការរំលោភបំពាន​ដីព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប គឺមាន​ចំនួន​ធំធេង​ជាង​ដែល​រដ្ឋាភិបាល​ទើបតែ​ធ្វើការ​ដកហូត​បាន​ជាង​ ៦​ ម៉ឺន​ហិកតា​។ ក្នុងអំឡុងពេល​កែប្រែ​វិស័យ​ជលផល​ចាប់តាំងពី​ឆ្នាំ​ ២០០៨ មក ឃើញ​មាន​បញ្ហា​ជាច្រើន​ក្នុង​ការកាប់ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នេះ ។

លោក​រៀបរាប់ថា​៖ «​ចំពោះ​ការដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ​នេះ យើង​ដឹង​ហើយ​ថា ការចំណាយ​ថវិកា​ក្នុង​ការដាំ​នេះ​គឺ​ត្រូវការ​ទំហំ​ថវិកា​ច្រើន ដើម្បី​រៀបចំ​ការដាំ​ឡើងវិញ ហើយ​មួយទៀត​យើង​ឃើញថា​រដ្ឋាភិបាល មាន​ការដាំ​ដើម​ឫស្សី​ដើមត្នោត​ ឬ​ដើមឈើ​លិច​ទឹក​ឡើងវិញ ដែល​រុក្ខជាតិ​ទាំងនោះ​គឺ​លក្ខណៈ​ធម្មជាតិ​របស់​វា​នឹង​ដុះ​ត្រឡប់មកវិញ​ក្នុងអំឡុងពេល​ពី​ ៥​ ទៅ​ ១០ ​ឆ្នាំ​។ អ៊ីចឹង​យើង​គ្រាន់តែ​ការពារ​យ៉ាងម៉េច​កុំឱ្យ​គេ​ទៅ​កាប់​ទន្ទ្រាន និង​បំផ្លាញ​តំបន់​ ៣ ​ទាំងនោះ​ឡើងវិញ​»​។

ជាមួយ​នឹង​ការដកហូត​ និង​ការដាំដុះ​នេះ លោក​ ឱម សាវ៉ាត ជំរុញ​ឱ្យ​រដ្ឋាភិបាល ដាក់ចេញ​យន្តការ​ការពារ​តំបន់​ទាំងនេះ​ជា​ប្រព័ន្ធ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព ខណៈ​យន្តការ​តែមួយ​ឆាវៗ​នឹង​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​និង​ទប់ស្កាត់​បទល្មើស​រំលោភបំពាន​ដីព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​នេះ​បានទេ​៕