មណ្ឌលគិរីៈ អ្នកស្រី ក្រេះ សុរ៉ា ជា​តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ​ថា កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ អ្នកស្រី និង​តំណាង​ពលរដ្ឋ​ ៥ ​នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឱ្យ​តុលាការ បើក​ការស៊ីបអង្កេត​លោក គុជ ម៉េងធូ ជា​ចៅសង្កាត់​ស្ពាន​មានជ័យ និង​លោកស្រី ជិន ស៊ីលាភ ជា​មេភូមិ​អូរស្ពាន ដោយសារ​តែ​បណ្ដែតបណ្ដោយ​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ដី​កប់​សព​។

អ្នកស្រី ថា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០២១ មាន​ក្រុមកម្មករ​ដែល​អះអាងថា​តំណាងឱ្យ​ម្ចាស់​ដី​បាន​ធ្វើការ​ដាក់​របង​ព័ទ្ធ​យក​ដី​កប់​សព​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​មាន​ទំហំ ​១១ ​ហិកតា ស្ថិតនៅ​ភូមិ​អូរស្ពាន សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។

អ្នកស្រី​បន្តថា ពេល​សួរនាំ ដើម្បី​ដឹងថា​អ្នកណា​ជា​អ្នកបញ្ជា​ឱ្យ​ដាក់​របង​គឺ​គ្មាន​អ្នក​ប្រាប់​ឡើយ ហេតុនេះ​បានជា​តំណាង​ជនជាតិដើម​ភាគតិច​ប្តឹងទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​មិន​ទទួលបាន​ដំណោះស្រាយ​អ្វី​នោះទេ​។ អ្នកស្រី​ថា កន្លងមក​ក៏ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ រដ្ឋបាល​ក្រុង​សែនមនោរម្យ​ផងដែរ ប៉ុន្តែ​បាន​រុញ​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​វិញ​។ ករណីនេះ​បញ្ជាក់ថា អាជ្ញាធរ​រុញ​ដាក់គ្នា​ទៅវិញទៅមក​។

អ្នកស្រី​ថ្លែងថា​៖ «​ដី​កប់ខ្មោច​ហ្នឹង​មិនដឹង​អ្នកណា​គេ​អ្នកយក ពួក​ខ្ញុំ​បាន​ពឹង​ភូមិ-​ឃុំ​ឱ្យជួយ​រក​អ្នក​ទៅយក​ដី​នោះ ប៉ុន្តែ​ភូមិ​ឃុំ​គេ​ថា គេ​អត់​ហ៊ាន​រក​ទេ​ដោយសារ​តែ​អត់​ដឹង​ម្ចាស់​។ គេ​អត់​អើពើ អត់​ជួយ​រក​ឱ្យ​ពួកខ្ញុំ​ទេ អស់​រយៈពេល​ច្រើន​ខែ​ហើយ​ទើប​ពួក​ខ្ញុំ​ប្តឹង​»​។

តំណាង​ប្រជាពលរដ្ឋ​ប្រាប់ថា ទី​កប់​សព​នោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៧០ ​គ្រួសារ ប្រើប្រាស់​សម្រាប់​កប់សព​សាច់ញាតិ​ដូនតា​ជា​យូរណាស់​មកហើយ ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច​ព្នង​មិនដែល​បានធ្វើ​ប្លង់​នោះទេ ក្រោយមក​នៅ​ឆ្នាំ​ ២០២១ មាន​អ្នក​ចូលទៅ​ឈូសឆាយ ទើប​ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ភ័យខ្លាច​បាត់បង់ ក៏​នាំគ្នា​ទៅធ្វើ​របង​ទុក ប៉ុន្តែ​ត្រូវបាន​គេ​រុះ​រើចេញ​វិញ​អស់ ហើយ​រកមុខ​អ្នកប្រព្រឹត្ត​មិនឃើញ​។

អ្នកស្រី​ថ្លែងថា​៖ «​ពួកខ្ញុំ​ចង់ឱ្យ​ខាងលើ​ជួយ​ពួកខ្ញុំ​ផង រក​អ្នក​ដែល​ចាប់យក​ដី​នោះ ឬ​អ្នកណា​ដែល​លក់​ដី​នោះ មកជួប​ពួកខ្ញុំ​ដើម្បី​ពួក​ខ្ញុំ​ធ្វើតាម​ប្រពៃណី​ជនជាតិ​ឱ្យ​គាត់​រកគោ​រក​ក្របី​សែនព្រេន បង់​ជំងឺ​ចិត្ត ដែល​គេ​ធ្វើការ​រុះរើ​របង ឈូសឆាយ​ទន្ទ្រាន​យក​អីហ្នឹង​»​។

យោងតាម​ពាក្យបណ្តឹង​របស់​តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ដាក់​ចូលទៅ​សាលា​ដំបូង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ​បញ្ជាក់ថា បាន​ស្នើសុំ​ឱ្យ​តុលាការ​ចាត់​វិធានរ​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ប្រគល់​ដី​កប់​សព​ជូន​មក​សហគមន៍​ប្រជាពលរដ្ឋ​វិញ និង​សងជំងឺចិត្ត ១០ ​ម៉ឺន​ដុល្លារ​»​។

លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ​ថា អយ្យការ​អម​សាលា​ដំបូង​ខេត្តមណ្ឌលគិរី​បាន​ទទួលយក​សំណុំរឿង​នោះ​ហើយ ប៉ុន្តែ​ភ្លាមៗ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ដោយសារតែ​ពាក្យបណ្តឹង​ទើប​ដាក់ចូល ហើយ​ព្រះរាជអាជ្ញា​ត្រូវការ​ពេលវេលា​ ដើម្បី​ចាត់​រឿង​ឱ្យទៅ​តំណាង​អយ្យការ​។

លោក​ គ្រើង តុលា អ្នក​ប្រឹក្សាយោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី ​២២ ខែកុម្ភៈ​ថា ការដែល​ពលរដ្ឋ​ទៅ​ដាក់ពាក្យ​ប្តឹង​នេះ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​នៅក្នុង​មាត្រា ​៥២៧ មាត្រា​ ៥២៨ និង ៥២៩ បានចែង​ហើយ​ថា បើ​បានដឹង​បានឮ​ហើយ អាជ្ញាធរ​មិន​ចាត់វិធានការ​ដោះស្រាយ​ទេ ត្រូវតែ​មានទោស​។ មិន​យកចិត្ត​ទុកដាក់​ខ្វល់ខ្វាយ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ឡើយ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​ពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ហ្នឹង​ជា​រឿង​ត្រឹមត្រូវ​បំផុត ហើយក៏​ជា​រឿង​ដែល​យើង​ត្រូវ​គាំទ្រ​គាត់​»​។

លោក គុជ ម៉េងធូ ចៅសង្កាត់ ស្ពាន​មានជ័យ​ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ​ថា ពលរដ្ឋ​បង្ខំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ឱ្យបាន​លឿន​តាមចិត្ត​របស់​ពួកគាត់​គឺ​មិនអាច​ធ្វើទៅ​បានទេ ព្រោះ​ការដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ត្រូវការ​ពេលវេលា​ពិនិត្យ​ស្រាវជ្រាវ ស៊ើប​អង្កេត​ឱ្យបាន​ច្បាស់លាស់​។

លោក​ថា​៖ «​ក្នុងនាម​អាជ្ញាធរ​តែងតែ​ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​មិន​រំលង​ទុក​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ​ចោល​នោះទេ ប៉ុន្តែ​ចំពោះ​រឿង​ដី​កប់​សព​នេះ ពលរដ្ឋ​បាន​ទុក​ដី​ចោល​ច្រើន​ឆ្នាំ​ហើយ​មិនដែល​សែនព្រេន​លើ​ទីតាំង​ផ្នូរ​នោះ​ផង​»​។ «​យើង​នៅតែ​ការពារ​បងប្អូន​អ៊ីចឹង​ឱ្យតែ​មាន​ភាពត្រឹមត្រូវ​ប្រាកដថា​ជា​ផ្នូរ​ជា​អី​មែន​យើង​នឹង​គ្រប់គ្រង​ការពារ​ជូន​គាត់​»​។

លោកស្រី ជិន ស៊ីលាភ មេភូមិ​អូរស្ពាន ថ្លែង​នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ​ថា លោកស្រី​មិនបាន​ដឹងថា​ដី​កប់​សព​នោះ​នៅ​ទីណា​នោះទេ ហេតុនេះ​ក្រោយពេល​ពលរដ្ឋ​ផ្តល់ព័ត៌មាន​អាជ្ញាធរ​ត្រូវធ្វើ​ការចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ជាមុនសិន ទើប​អាច​សម្រេច​៕