ភ្នំពេញៈ ​មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​បញ្ជាក់ថា សត្វ​ពង្រូល​ជា​ប្រភេទ​ថនិកសត្វ​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក ជាពិសេស​គឺ​ការជួញដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​ខុសច្បាប់ ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បុរាណ ថ្នាំ​ប៉ូវ​សុខភាព​ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ ខណៈ​នៅ​កម្ពុជា​ប្រភេទ​សត្វ​នេះ​រងគ្រោះ​ដោយសារ​ការបរបាញ់​ដាក់​អន្ទាក់ និង​ធ្វើ​អាជីវកម្ម​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២១ ​កុម្ភៈ ថា សត្វ​ពង្រូល​ជា​ប្រភេទ​ថនិកសត្វ​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក ជាពិសេស​គឺ​ការជួញដូរ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ខុសច្បាប់​ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បុរាណ​ថ្នាំ​ប៉ូវ​សុខភាព​ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ​។ ​

ប៉ុន្តែ​តាមពិត តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ និង​អ្នកវេជ្ជសាស្ត្រ​បានបញ្ជាក់​ថា ឈាម​ ឬ​ស្រកា​ ឬក៏​ផ្នែក​ណាមួយ​នៃ​សត្វ​ពង្រូល​ក៏ដូចជា​សត្វព្រៃ​ដទៃទៀត ពុំមាន​លក្ខណៈ​វេជ្ជសាស្ត្រ ឬ​វិទ្យាសាស្ត្រ​ណាមួយ​អះអាង​នោះទេ​ថា អាច​ផ្សំ ឬ​លាយ​ជាមួយ​អ្វីមួយ ដើម្បី​ចេញ​ជា​ថ្នាំ​ព្យាបាល ថ្នាំ​បង្កើន​សុខភាព ឬ​ជំនួយ​សុខភាព​នោះទេ ប៉ុន្តែ​វា​អាចជា​ប្រភព​ចម្លងជំងឺ​ពី​សត្វ​នោះមក​មនុស្ស​ទៅវិញ​ទេ​។ អ្វីដែល​គេ​បាន​អនុវត្ត​ពីមុនមក​នោះ​គឺជា​ការជឿ​តៗ​គ្នា​ដែល​ធ្វើឱ្យ​ប្រភេទ​សត្វ​កម្រ​នេះ​ទទួលរង​នូវ​ការគំរាមកំហែង​ខ្លាំង​បំផុត​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ​ការលើកឡើង​របស់លោក​នេះ​ស្របពេល​មានការ​ប្រារព្ធ​ទិវា​សត្វ​ពង្រូល​ពិភពលោក​កាលពី​ថ្ងៃទី ​១៩ ខែកុម្ភៈ​។

លោក​បាន​ថ្លែងថា​៖ «​សត្វ​ពង្រូល​ត្រូវបាន​ចាត់ទុក​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN ​ថា ជា​ប្រភេទ​សត្វ​កំពុង​រង​ការគំរាមកំហែង​ខ្លាំង​បំផុត​ (Criticallyendangered) ​ឈានទៅរក​ការផុត​ពូជ​នៅលើ​ពិភពលោក​។ ​គេ​មិនមាន​ទិន្នន័យ​ពិតប្រាកដ​ថា​នៅលើ​ពិភពលោក​មាន​សត្វ​ពង្រូល​ប៉ុន្មាន​ក្បាល​នោះទេ តែ​ចំនួន​សត្វ​ពង្រូល​ត្រូវបាន​គេ​ជឿថា​បាន​ថយចុះ​ច្រើន​។ ចំណែក​កម្ពុជា​បានចាត់ទុក​សត្វ​ពង្រូល​ជា​សត្វ​កម្រ និង​មិនមាន​ការបញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​ឡើយ ហើយ​ប្រភេទ​សត្វ​នេះ​រងគ្រោះ​ដោយសារតែ​ការបរបាញ់​ដាក់​អន្ទាក់ និង​ធ្វើ​អាជីវកម្ម​»​។

លោក​បាន​បន្ថែមថា យោងតាម​ការសិក្សា​ផ្នែក​ជីវសាស្ត្រ សត្វ​ពង្រូល​ជា​ប្រភេទ​សត្វ​ដែល​ស្លូត និង​អៀន​ច្រើន ហើយ​ពុំមាន​បង្ក​ហានិភ័យ​ណាមួយ​ដល់​មនុស្ស​ទេ បើទោះបីជា​វា​កំពុង​ត្រូវ​បាន​រំខាន​ក៏ដោយ​។ ​ពង្រូល​មាន​ត្រចៀក​តូច ហើយ​ស្បែក​មាន​ស្រកា​ក្រាស់​​ស្ទើរ​ពេញ​ដងខ្លួន ជា​សត្វ​មិន​រហ័សរហួន​នោះទេ ហើយ​នៅពេល​ជួប​ការគំរាមកំហែង​ពង្រូល​តែងតែ​រមូរ​ខ្លួន​លាក់​មុខ និង​យក​កន្ទុយ​រុំ​ដងខ្លួន ដើម្បី​ការពារ​ខ្លួន​។

ពង្រូល ស៊ី​សត្វល្អិត​ជា​ចំណី ដូចជា ស្រមោច អង្ក្រង និង​កណ្ដៀរ​ជាដើម តាមរយៈ​អណ្តាត​ដែលមាន​ប្រវែង​ប្រមាណ​ ២៥​ សង្ទីម៉ែត្រ​របស់​វា​។ ​ជាទូទៅ​ពង្រូល​អាចបង្កើត​កូន​បាន​ម្ដង​ ១​ ទៅ​ ២ ​ក្បាល​ក្នុង​រយៈពេល​ពពោះ​ប្រមាណ​ ៥ ​ខែ ខណៈ​អាយុ​ពេញវ័យ​អាច​បន្ត​ពូជ​បាន​គឺ​ក្នុងអំឡុងពេល​អាយុ ​២ ​ឆ្នាំ​​ហើយ​ជាទូទៅ​ពង្រូល​អាច​រស់នៅ​បានរ​ហូត​ដល់​អាយុ​ ២០ ​ឆ្នាំ​។ ប្រទេស​កម្ពុជា​គឺជា​ជម្រក​រស់នៅ​របស់​សត្វ​ពង្រូល​មួយ​ប្រភេទ​មាន​ឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Manis javanica ។ នេះ​បើតាម​លោក​នេត្រ ភក្ត្រា​។

លោក​បញ្ជាក់ថា ក្រសួងបរិស្ថាន​ និង​អង្គការ​ដៃគូ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​កម្រៗ​ទាំងនេះ ដោយ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដោះ​អន្ទាក់​ចេញពី​តំបន់​ការពារ​ធម្មជាតិ​ ​និង​ធ្វើឱ្យ​តំបន់​ការពារ​ធម្មជាតិ ក្លាយ​​ជាទីជម្រក​ដ៏សុខសាន្ត​របស់​ប្រភេទ​សត្វ​គ្រប់​ប្រភេទ​ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វ​ពង្រូល​ផងដែរ ។

លោក កែន សេរី​រដ្ឋា នាយក​កម្មវិធី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS)​ ថ្លែង​នៅ​ថ្ងៃទី​ ២១ កុម្ភៈ​ដែរ​ថា អង្គការ WCS និង​ភាគី​ពាក់ព័ន្ធ​បាន​ប្រារព្ធ ទិវា​សត្វ​ពង្រូល​ពិភពលោក តាមរយៈ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម និង​ការប្រកាស​ព័ត៌មាន ជាមួយ​ក្រុម​ការងារ​ដែល​ពាក់ព័ន្ធ​។ ​ស្ថានភាព​សត្វព្រៃ​នៅតាម​តំបន់​ដែល​អង្គការ WCS ធ្វើ​ការងារ​សង្កេតឃើញ​ថា សត្វព្រៃ​មួយចំនួន​មានការ​កើនឡើង​មួយចំនួន​មានការ​ថយចុះ និង​មាន​សត្វព្រៃ​មួយចំនួនទៀត​នៅ​ថេរ​។

លោក​ថ្លែងថា​៖ «​សត្វព្រៃ​ដែល​យើង​ឃើញ​មានការ​ប្រែប្រួល ថយចុះ​នោះ គឺជា​ប្រភេទ​សត្វ​ដែលមាន​ចលនា​ ឬ​ដើរ​លើដី ដោយសារ​មាន​ជាប់អន្ទាក់​ជាប់​អី​ច្រើន​។ ប៉ុន្ដែ​ពពួកសត្វ​ដែល​រស់នៅ​ ឬ​រក​ចំណី​នៅតាម​ដើមឈើ ឬក៏​សត្វ​ស្លាប យើង​ឃើញថា មាន​លក្ខណៈ​ល្អប្រសើរ​ក្នុងនោះ​មាន​ប្រភេទ​សត្វ​ស្លាប​មួយចំនួន​មានការ​កើនឡើង និង​មួយចំនួនទៀត​គឺ​នៅ​ថេរ​»​។

បើតាម​លោក កែន សេរីរដ្ឋា ក្នុង​បរិបទ​កូវីដ​ ១៩​ នេះ ជាពិសេស​កាលពី​ឆ្នាំមុន​ ២០២១ ក្នុងអំឡុង​ខែមីនា និង​មេសា ដែលជា​រដូវប្រាំង គឺមាន​ការ​ដាក់​សម្ពាធ​ទៅលើ​សត្វព្រៃ​ច្រើន​ទាក់ទង​នឹង​ការ​ប្រមាញ់ និង​ការដាក់​អន្ទាក់ យើង​ឃើញ​មានការ​កើនឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយចំនួន​ពួកគាត់​អត់​មាន​ការងារ​ធ្វើ ដូច្នេះ​គាត់​ទៅ​ស្រុក​កំណើត​វិញ​គាត់​ក៏​ធ្វើ​សកម្មភាព​បរបាញ់​ ឬ​ដាក់​អន្ទាក់​ជាដើម​។ ​ក៏ប៉ុន្ដែ​យើង​ឃើញថា វា​មិនមាន​ទ្រង់ទ្រាយ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ធំដុំ​ទេ​។ វា​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ហូបចុក​ជា​លក្ខណៈ​គ្រួសារ និង​លក់ដូរ​តិចតួច​ទាំងនេះ​ដែល​យើង​មើលឃើញ​។

យោងតាម​ការសិក្សា​ស្រាវជ្រាវ និង​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) បានឱ្យ​ដឹងថា សត្វ​ពង្រូល​ជា​ប្រភេទ​ថនិកសត្វ​ដែល​ត្រូវបាន​ជួញដូរ​ច្រើនជាង​បំផុត​លើ​ពិភពលោក​ជាពិសេស​គឺ​ការជួញដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​ខុសច្បាប់ ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បុរាណ ថ្នាំ​ប៉ូវ​សុខភាព​ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ​។

យោងតាម​ការផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF)​ បាន​ប៉ាន់​ស្មានថា មាន​សត្វ​ពង្រូល​ប្រមាណ​ ១​ លាន​ក្បាល​ត្រូវបាន​គេ​ជួញដូរ​ក្នុងអំឡុងពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​សត្វ​ពង្រូល​ប្រមាណ ១៩៥ ០០០ ​ក្បាល ត្រូវបាន​ជួញដូរ​នៅក្នុង​ឆ្នាំ​ ២០១៩ សម្រាប់តែ​យក​ស្រកា​ ១​ មុខ​។ ដោយឡែក​នៅ​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​ ២០០១ រហូតដល់​ឆ្នាំ​ ២០០៨ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​អង្គការ​ដៃគូ​បាន​ចាប់​រឹបអូស​សត្វ​ពង្រូល​បាន​ចំនួន ៥៥៨​ ក្បាល​ពី​ពួក​អ្នកប្រមាញ់ និង​ឈ្មួញកណ្តាល ដែល​កត្តា​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​នៃ​សត្វ​ពង្រូល​នៅ​កម្ពុជា​៕