រតនគិរីៈ ​សម្បុក​សត្វ​កុក​ពាក់​អំបោះ​ដែលជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ក្នុង​ពិភពលោក ត្រូវបាន​រកឃើញ​មាន​កំណើន​កូន​ញាស់​បាន​ដោយ​ជោគជ័យ​លើ​ទឹកដី​កម្ពុជា​ក្នុង​ឆ្នាំ ​២០២១ នៅឯ​ដែនជម្រកសត្វព្រៃ​លំផាត់​។ ​នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញ​ធ្វើការ​ពាក់ព័ន្ធ​សត្វព្រៃ​ប្រចាំការ​នៅ​តំបន់​នោះ​។

ក្រសួង​បរិស្ថាន​ដែល​កំពុង​ធ្វើការងារ​ពាក់ព័ន្ធ​អភិរក្ស​ធនធានធម្មជាតិ​ និង​អភិរក្ស​ជីវចម្រុះ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​បានឱ្យដឹងថា សម្បុក​សត្វ​កុក​ពាក់​អំបោះ​ញាស់​កូន​បាន​ចំនួន​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​ ២០២១ នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់​ដែលមាន​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​ និង​មណ្ឌលគិរី​។ ​ក្រសួង​បន្តថា ក្រុមការងារ​ស្រាវជ្រាវ​បាន​រកឃើញ​សម្បុក​សត្វ​កុក​ពាក់​អំបោះ​មាន​ចំនួន​ ៨​ សម្បុក ត្រូវបាន​ញាស់​ដោយ​ជោគជ័យ និង​មានកូន​សរុប​ចំនួន​ ១៥ ​ក្បាល​។

ក្រសួង​បន្តថា លទ្ធផល​ស្រាវជ្រាវ​នេះ​​បាន​ផ្សព្វផ្សាយ​ដោយ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​ (Bird Life International Cambodia Programme) ​និង​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២១ កូន​សត្វ​ដែល​ញាស់​បាន​ជោគជ័យ​ជា​ចំនួន​ខ្ពស់បំផុត​បើ​ប្រៀបធៀប​នឹង​រដូវ​បន្ត​ពូជ​មុន​។

នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ (Birdlife) ​ប្រចាំ​ប្រទេស​កម្ពុជា លោក ប៊ូ វរសក្ស ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការ​ញាស់​ដោយ​ជោគជ័យ​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​ការពារ​សម្បុក​ដែល​ត្រូវបាន​រកឃើញ​នោះ​។

លោក​ថា​៖ «​យើង​ធ្វើការ​ជាប្រចាំ​ហើយក៏​បាន​ជំរុញ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ធ្វើការ​ល្បាត​ជុំវិញ​ទីតាំង​សម្បុក​ ដើម្បី​កាត់បន្ថយ​ការរំខាន បើ​ប្រៀបធៀប​ជាមួយ​សម្បុក​ដែល​យើង​មិនបាន​រកឃើញ ព្រោះ​ក្រោយពី​ការរកឃើញ​សម្បុក​យើង​មាន​យន្តការ​ដើម្បី​ការពារ​ឱ្យមាន​ភាពប្រសើរ​ជាង​មុន អ៊ីចឹង​ធ្វើឱ្យ​កាត់បន្ថយ​ការរំខាន​ដល់​សត្វ​»​។

យ៉ាងណាមិញ ដើម្បី​ថែរក្សា​សត្វ​ដែល​កម្រ​បន្ត​វត្ត​មាននៅ​កម្ពុជា​លោក ប៊ូ វរសក្ស សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ការពារ​ទីជម្រក​របស់​សត្វកុក​ពាក់​អំបោះ​ដោយ​ទប់ស្កាត់​ការទន្ទ្រាន​ដែល​នាំ​ដល់​ការបាត់បង់​ដើមឈើ ខណៈ​សត្វ​ប្រភេទ​នេះ​ជ្រើស​យក​ឈើ​នោះ​ដើម្បី​ធ្វើ​សម្បុក​។

លោក​ថា​៖ «​ពីព្រោះ​វា​ធ្វើ​សម្បុក​នៅលើ​ដើមឈើ​ធំៗ​ហើយ​ចំពោះ​ប្រជាសហគមន៍​មូលដ្ឋាន​ត្រូវ​ចូលរួម​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​រំខាន​ដល់​ពួកវា​បើ​ឃើញ​សម្បុក​វា គួរ​ជូនដំណឹង​ដល់​ក្រុមការងារ​យើង​ដែល​ប្រចាំ​នៅ​ទីតាំង​​នោះ ដូចជា ឧទ្យានុរក្ស ដើម្បី​ចុះទៅ​​មើល ហើយ​តាមដាន​ដើម្បី​ការពារ​​ពួកវា​ឱ្យបាន​ជោគជ័យ​»​។

លោក​បានឱ្យដឹងថា អង្គការ​របស់លោក​បាន​ចាប់ផ្តើម​កត់ត្រា​សម្បុក​របស់​កុក​ពាក់​អំបោះ​លើកដំបូង​នៅ​ឆ្នាំ​ ២០១៧ ​ដែល​ពេល​នោះបាន​កត់ត្រា​បាន​ ៨ ​សម្បុក​ និង​កូន​ញាស់​ជោគជ័យ​បានត្រឹមតែ​ ៥ ​ក្បាល​ប៉ុណ្ណោះ​។

មន្ត្រី​ជំនាញ​បានឱ្យដឹងថា រដូវ​បន្ត​ពូជ​របស់​បក្សី​នេះ​គឺ​ចាប់ពី​ខែកក្កដា​រហូត​​ដល់​ខែធ្នូ ហើយ​ពួកវា​ចូលចិត្ត​ធ្វើ​សម្បុក​លើ​ដើមឈើ​ធំៗ​នៅតាម​មាត់ទន្លេ​ ឬ​អូរ​។

នៅ​រដូវ​បន្ត​ពូជ​ឆ្នាំ ​២០២១ សម្បុក​សត្វកុក​ពាក់​អំបោះ​ចំនួន​ ៩ ត្រូវបាន​កត់ត្រា​បាន​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​សម្បុក​សត្វ​ទាំងអស់​ត្រូវបាន​​តាមដាន​ពី​ការវិវឌ្ឍ​របស់​វា​ និង​ការពារ​​ពី​ការរំខាន​នានា​។ ​សត្វ​កុក​ពាក់​អំបោះ​កំពុង​រង​ការគំរាមកំហែង​ដោយ​កត្តា​មួយ​​ចំនួន​ដូចជា ការរំខាន​ពី​មនុស្ស ការបរបាញ់ និង​ការបាត់បង់​ទីជម្រក​។

សត្វ​កុក​ពាក់​អំបោះ​ត្រូវបាន​ចាត់​ចូល​​ក្នុង​បញ្ជី​ក្រហម​ពិភពលោក​ IUCN ​ជា​ប្រភេទ​ជិត​រង​ការគំរាមកំហែង ហើយ​ចំនួន​របស់​វា​នៅលើ​ពិភពលោក​កំពុង​ធ្លាក់ចុះ ហើយ​បក្សី​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​បន្ត​ពូជ​ជា​រៀងរាល់​ឆ្នាំ​នៅ​​ដែនជម្រក​សត្វព្រៃ​លំផាត់​៕