ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក ​វេង សាខុន ​ស្នើឱ្យ​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ជាបន្ទាន់ ​ចំពោះ​សកម្មភាព​ទន្ទ្រាន​ចូល​កាន់កាប់​ដី​សម្បទាន ​ដោយ​ខុស​ច្បាប់ ​នៅ​ក្រុមហ៊ុន​ដូវទី ​សាយហ្គន-​ប៊ិញ​ហ្វឿក ​(អេស ប៊ី ខេ) ​និង​ក្រុមហ៊ុន ​ភូរៀង​ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ។

លោក​រដ្ឋមន្រ្តី​កសិកម្ម​ស្នើ​បែបនេះ​ក្នុង​ពេល ​លោក ​Eugene ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដូវទី ​សាយហ្គន-​ប៊ិញហ្វឿក​(អេស ប៊ី ខេ) ​និង​ក្រុម​ហ៊ុន ​ភូរៀង​ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ ​ចូលជួប​សម្តែង​ការគួសម ​និង​ជម្រាបជូន​ពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​កាល​ពី​ថ្ងៃ​ទី២៣ ​ខែកុម្ភៈ ​នៅទី​ស្តីការ​ក្រសួង​កសិកម្ម។

លោក ​Eugene ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​ដូវទី ​សាយហ្គន​-ប៊ិញ ហ្វឿក​(អេស ប៊ី ខេ) ​និង​ក្រុមហ៊ុន ​ភូរៀង​ក្រចេះ​អភិវឌ្ឍន៍​កៅស៊ូ ​បានថ្លែង​អំណរ​គុណ​ចំពោះ​ការចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី ​និង​បានវាយ​តម្លៃ​ខ្ពស់​លើ​កិច្ច​សហការ​យ៉ាងល្អ​ប្រសើរ ​ដែល​ទទួល​បានពី​លោក​រដ្ឋមន្រ្តី​កសិកម្ម ​និង​សហការី​ចំពោះ​កិច្ចការ​ជួយគាំទ្រ ​ជ្រោមជ្រែង ​និង​លើក​ទឹកចិត្ត​ក្នុង​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​កន្លង​មក។

លោក ​Eugene ​ថ្លែងថា​៖«ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ ​នឹង​នៅតែ​បន្ត​ផ្តល់​កិច្ច​សហការ ​ដើម្បីឱ្យ​ដំណើរការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​សម្រេច​បាន​ជោគ​ជ័យ»។

ឆ្លៀត​ឱកាស​នេះ ​លោក ​Eugene ​បានលើក​សំណើ​៣ចំណុច ​ជូន​លោក​រដ្ឋមន្រ្តី​ជួយ​ពិនិត្យ ​ពិចារណា ​និង​ដោះស្រាយ​ទី១​ស្នើសុំ​ជួយ​ពន្លឿន​លើ​ការពិនិត្យ ​និង​វាយតម្លៃ​លើ​ឯកសារ​ផែនការ​មេ​ថ្មី​របស់​ក្រុមហ៊ុន។ ទី២ ​ជួយ​អន្តរាគមន៍ ​និង​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​ទន្ទ្រាន​ចូល​កាន់កាប់​ដី​សម្បទាន​ខុសច្បាប់​ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​រាជរដ្ឋាភិបាល​យក​មក​ធ្វើការ​អភិវឌ្ឍ។ និង​ទី៣ ​ស្នើសុំ​ជួយ​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​សាលារៀន​សម្រាប់​កុមារ ​និង​យុវជន ​និង​បង្កើត​មណ្ឌល​សុខ​ភាព ​ដោយ​សហការ​ជាមួយ​អង្គការ​ Cambodia Awareness។

ជាការឆ្លើយ​តប​ចំពោះ​សំណើ​ទាំង៣​នោះ ​លោក ​វេង សាខុន ​បានស្នើឱ្យ​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ​សហការ​ជា មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់ ​រួច​រាយការណ៍​ជូន​ក្រសួង​ដើម្បី​ធ្វើការ​ពិនិត្យ ​ពិចារណា ​និង​ដាក់ចេញ​នូវវិធាន​ការបន្ត ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​ក្រុមហ៊ុន​វិនិយោគ​ឱ្យ​បាន​ទាន់ពេល ​និង​មាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់ថា​៖«សូម​ឱ្យ​លេខាធិការ​ដ្នាន​សម្បទាន​ដី​សេដ្ឋកិច្ច​ពិនិត្យ ​និង​កែសម្រួល​បន្ថែម​ប្រសិនបើ​មាន​ការចាំបាច់ ​រួចសហការ​អនុវត្ត​ជាមួយ​ក្រុម​ហ៊ុន​ឱ្យ​បានទាន់​ពេល​វេលា»។

លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​នូវ​ទស្សន​គាំទ្រ​ចំពោះ​ការកសាង​សាលារៀន​សម្រាប់​កុមារ ​និង​យុវជន ​និង​ការបង្កើត​មណ្ឌល​សុខភាព ​ផងដែរ។​ព្រោះ​នេះ​ជាការអភិវឌ្ឍ​ធនធាន​មនុស្ស​ដោយ​ចាប់ផ្តើម​ពី​ការសិក្សា​រៀនសូត្រ ​ចំណេះ​ដឹង​ទូទៅ ​បន្ទាប់មក​ចំណេះ​ជំនាញ​បច្ចេក​ទេស ​មុនចូល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​នាពេល​អនាគត។ លោក​ថា ​នេះ​ជាការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅនឹង​កន្លែង​ ចៀស​វាង​ការធ្វើ​ចំណាក​ស្រុក។

ដោយ​ឡែក​ចំពោះ​ការសាងសង់​មណ្ឌល​សុខភាព ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ​មាន​ការចាំបាច់​ណាស់​សម្រាប់​បុគ្គលិក​ កម្មករ​ដែល​បម្រើការ​ឱ្យ​ក្រុមហ៊ុន ​ព្រោះ​សុខភាព​របស់​ពួកគាត់​ត្រូវបាន​ធានា​ដើម្បី​ឱ្យ​ការអភិវឌ្ឍ​ដំណើរការ​ទៅ​ដោយ​រលូន ​និង​ជោគ​ជ័យ។ ​ ​

លោក​វេង សាខុន ​បានវាយ​តម្លៃ​លើ​ការខិតខំ​ប្រឹងប្រែ​របស់​ក្រុមហ៊ុន​ក្នុង​ការអភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច ​(មាន​ដំណាំ​កៅស៊ូ ​និង​ស្វាយ​ចន្ទី)​ សម្រេច​ទទួល​បាន​លទ្ធផល​គួរឱ្យ​កត់​សម្គាល់។ លោក​ថ្លែងថា​៖«អ្វី​ទាំង​អស់​ពិតជា​មិន​អាច​កើត​ឡើង​បានឡើយ ​ប្រសិនបើ​គ្មាន​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​រួមទាំង​អាជ្ញាធរ​ខេត្ត ​និង​ជាពិសេស​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច» ។

យ៉ាង​ណា​ក៏ដោយ ​ក្នុង​នាម​រាជរដ្ឋាភិបាល ​លោក​រដ្ឋមន្ត្រី​ជំរុញ ​និង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ខិតខំ​បន្ថែម​ទៀត ​ដោយ​ឈរ ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ដី​នេះ ​ប្រយោជន៍​ដើម្បី​បង្កើន​ល្បឿន​ផលិតកម្ម​ដាំដុះ​លើ​ដី​ដែលបាន​ប្រគល់​ជូន ​ឱ្យបាន​សម​ស្របតាម​លក្ខខណ្ឌ​ក្នុង​កិច្ច​សន្យា​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍ​បង្កើន​ចំណូល​គ្រួសារ​និង​កំណើរ​សេដ្ឋកិច្ច​ស្របតាម​បរិបទ​នៃ​ការរីរាល​ដាល​ជំងឺ​ឆ្លង​កូវីដ១៩។

លោក​សាម ណាល់ ​អភិបាល​ស្រុក​ស្នួល ​ថ្លែង​នៅ​ថ្ងៃទី២៣​ កុម្ភៈ​ ថា ​តាម​ការសង្កេត​ពិនិត្យ​ជាក់​ស្តែង ​មិនមាន​បញ្ហា​ទន្ទ្រាន​ថ្មី​ទេ ​ព្រោះ​ទីតាំង​ក្រុមហ៊ុន​មាន​ឯកសារ​បណ្ណ​កម្មសិទ្ធិ​ជាច្រើន​ឆ្នាំ​មក​ហើយ ​ហេតុនេះ​បើសិនជា​មាន​ការចូល​ទន្ទ្រាន​នោះ​អ្នកទន្ទ្រាន​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់។

លោក​ថ្លែងថា​៖«ឥឡូវ​ហ្នឹង​ដូច​ជា​អត់​មាន​បញ្ហា​អី​ទេ ​ហើយ​បើ​មាន​បញ្ហា​ក៏ដី​គេ​មាន​បណ្ណ​កម្មសិទ្ធិ​ដែរ។ ព្រោះ​យើង​បាន​ចេញ​បណ្ណកម្ម​សិទ្ធិ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​យូរ​ឆ្នាំ​ហើយ ​បើ​ពួកគាត់​ចូល​ទន្ទ្រាន​ទៀត​ អាហ្នឹង​មាន​តែ​ផ្លូវ​តុលាការ​ទេ​ដែល​មាន​ឆន្ទានុសិទ្ធ​ក្នុងការ​ដោះ​ស្រាយ​រឿង​ហ្នឹង»៕

វីដេអូ៖