ភ្នំពេញៈ​ ក្រសួង​សុខាភិបាល​បានប្រកាស​ឱ្យដឹងថា កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​-១៩ ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​រហូតដល់​ជាង​ ៩០% ហើយ​នៃ​តួលេខ​សរុប​ធៀប​នឹង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ខណៈដែល​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ​ ១៩ សម្រាប់​ក្រុម​កុមារ​អាយុ​ពី​ ៣ ​ឆ្នាំ​ដល់​ក្រោម​ ៥ ​ឆ្នាំ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៣ កុម្ភៈ ឆ្នាំ​ ២០២២​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២២ ខែកុម្ភៈ​ឱ្យដឹងថា ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់ ៩០,០១% ​ហើយ ធៀប​នឹង​ពលរដ្ឋ​ ១៦ ​លាន​នាក់​។

របាយការណ៍​បន្តថា ប្រជាជន​អាយុ​ពី ១៨ ​ឆ្នាំ​ឡើង ចាក់​បាន ១០២,២៩% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ ការចាក់​លើ​កុមារ-​យុវវ័យ​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ បាន​ចំនួន ៩៩,៧៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ជាង ១,៨​ លាន​នាក់ និង​កុមារ​អាយុ​ពី ៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ បាន​ចំនួន ​១០៦,៣៥% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ​ជិត ១,៩​ លាន​នាក់​។ ចំណែក​អត្រា​ចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ ៥ ​ឆ្នាំ មាន​ចំនួន ១០៩,១៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ជាង​ ៣០ ​ម៉ឺន​នាក់​។ ចំណែក​អត្រា​អ្នក​ចាក់​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​មាន​ចំនួន​ជាង​ ៦​ លាន​នាក់​ហើយ រីឯ​អ្នក​ចាក់​ដូស​ទី​ ៤ ​មាន​ចំនួន​ជាង ​៨៦ ​ម៉ឺន​នាក់​ផងដែរ​។

ជាមួយ​គ្នានេះដែរ ក្រសួង​សុខាភិបាល​ក៏បាន​ប្រកាស​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទៅដល់​កុមារ​អាយុ​ពី ៣​ ឆ្នាំ​ដល់​ក្រោម ៥​ ឆ្នាំ ដែល​តាម​គោលដៅ​មាន​កុមារ​ជាង ៦០ ​ម៉ឺន​នាក់​ទូទាំង​ប្រទេស​។

លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​លើកឡើងថា ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ពី​ ៣​ ឆ្នាំ​ដល់​ក្រោម ​៥ ​ឆ្នាំនេះ ក្រសួង​បានសម្រេច​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់ ដោយសារ​តាម​ការសិក្សា​ស្រាវជ្រាវ វ៉ាក់សាំង​នេះ​អាច​អនុញ្ញាតឱ្យ​ចាក់​សម្រាប់​ក្រុម​អាយុ​ពី​ ៣ ​ឆ្នាំ​ឡើងទៅ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​ដូចនេះហើយ បានជា​យើង​សម្រេច​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​ចាក់​ជូន​ដល់​ក្រុម​កុមារ​នេះ ហើយ​ការសម្រេច​ឱ្យ​ចាក់​ដល់​ក្រុម​កុមារ​នេះ ដោយសារ​សម្តេច​នាយករដ្ឋមន្ត្រី មើលឃើញ​ច្បាស់​ពី​តម្រូវការ​ដោយ​ការឆ្លង​នៃ​មេរោគ​អូមីក្រុង​នេះ​ទៅដល់​ក្មេង​មាន​ប្រមាណ​ជា​ ២៥% ​ហើយ​ជា​កុមារា​កុមារី​»​។

លោកស្រី​ថា កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ដល់​កុមារ​អាយុ​ពី​ ៣​ ឆ្នាំ​ដល់​ក្រោម​ ៥ ​ឆ្នាំ ហើយ​យុទ្ធនា​ការចាក់​នេះ​នឹងធ្វើ​ឡើង​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​។

អ្នកស្រី នាង ស្រីលីន អាយុ​ ៣៤​ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ថា អ្នកស្រី​នឹង​នាំ​កូនស្រី​អាយុ​ជាង​ ៤​ ឆ្នាំទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ការពារ​ពី​មេរោគ​កូវីដ ​១៩ ពិសេស​អូមីក្រុង​។ អ្នកស្រី​បាន​ប្រាប់ថា​៖ «​រាល់ថ្ងៃនេះ​ការបារម្ភ​ខ្លាំងជាងគេ​គឺ​សុខភាព​កូនៗ​នេះហើយ ខ្ញុំ​ខ្លាច​តែ​កូន​ខ្ញុំ​ឆ្លង​មេរោគ​នេះ​ទេ ដោយសារ​មាន​អ្នករស់នៅ​ជុំវិញ​កើត​ច្រើន​។ ខ្ញុំ​សប្បាយចិត្ត​ដែល​កូន​ខ្ញុំ​អាយុ​ជាង ៤​ ឆ្នាំនេះ​អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង​នេះដែរ​»​។

អ្នកស្រី​បាន​បញ្ជាក់ថា​សម្រាប់​កូនប្រុស​ច្បង​របស់គាត់​អាយុ​ ៧ ​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​រួចហើយ ហើយ​គាត់​ក៏​គ្រោង​នឹង​យក​កូន​ទៅ​ចាក់​ដូស​ទី​ ៣​ ឬ​ដូស​មូលដ្ឋាន​ផងដែរ​។

ចំណែក​លោក រ័ត្ន តុលា ក៏បាន​ឱ្យដឹង​ដែរ​ថា កូន​គាត់​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ដំបូង​តែម្តង ហើយ​លោក​ក៏​លែង​សូវ​មានការ​បារម្ភ​ខ្លាំង ដូច​កាល​កូន​មិនទាន់​ទទួល​វ៉ាក់សាំង​ដែរ​។ បើ​កូន​ឆ្លង​កូវីដ​ ១៩ ក៏មាន​ការ​ធូរស្រាល​ជាង និង​ព្យាបាល​ឆាប់​ជា ជាង​មុនពេល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដែរ​។

បើតាម​លោកស្រី ឱ វណ្ណឌីន គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែកុម្ភៈ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ការបញ្ជាទិញ និង​ជា​ជំនួយ​ផ្សេងៗ​សរុប​ចំនួន​ ៤៣ ​លាន​ ៧៩២ ​ពាន់ ៥៣០​ ដូស​៕