ភ្នំពេញៈ អធិការនគរបាល​ខណ្ឌឫស្សីកែវ លោក​ ហ៊ាង ថារ៉េត ជំរុញ​ឱ្យ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​ ៧ ដែលជា​ចំណុះ​របស់​ខ្លួន​បង្កើន​ការយកចិត្ត​ទុកដាក់​ចុះ​ធ្វើ និង​ផ្ដល់​សៀវភៅ​ស្នាក់នៅ​ (​ក​ ២)​ និង​សៀវភៅ​គ្រួសារ ​(​ក​ ៤)​ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ ឬ​បាន​កាត់​ចេញពី​ភូមិ-សង្កាត់​ ១ ទៅ​ភូមិ-សង្កាត់ ១ ​ទៀត​ឱ្យបាន​គ្រប់គ្នា​។

លោក​អធិការ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ កុម្ភៈ ថា សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ គឺជា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដ៏សំខាន់​សម្រាប់​យក​ធ្វើជា​សក្ខីកម្ម​ក្នុង​ការធ្វើ​លិខិត​ស្នាម​ចាំបាច់​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៃ​គ្រួសារ​នីមួយៗ​ត្រូវតែមាន​។

លោក​ ហ៊ាង ថារ៉េត បញ្ជាក់ថា​៖ «​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ មិន​តម្រូវឱ្យ​បង់ប្រាក់​ឡើយ​។ ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី និង​ដែល​មិនទាន់មាន​ឯកសារ​ទាំងនេះ​អាចមក​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នគរបាល​ជំនាញ​តាម​ផ្នែក​នីមួយៗ ដើម្បី​ស្នើសុំ​បំពេញបែបបទ​ធ្វើឯកសារ​ទាំងនេះ​នៅ​គ្រប់​ម៉ោង​រដ្ឋបាល​»​។

ជាមួយ​គ្នា​នេះ​លោក​ជំរុញ​ឱ្យ​នគរបាល​ជំនាញ​ផ្នែក​ស្ថិតិ និង​អត្តសញ្ញាណកម្ម បន្ត​ចុះ​ប្រមូល​ទិន្នន័យ ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ និង​ផ្ដល់ជូន​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ដល់​ពួកគាត់​។

បើតាម​លោក​អធិការ​កាលពី​មុន ការចុះ​ធ្វើ និង​ផ្ដល់​សៀវភៅ​គ្រួសារ គឺជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ប៉ុន្តែ​ឥឡូវនេះ កិច្ចការ​នេះ​ត្រូវបាន​រុញ​ទម្លាក់​មក​នៅត្រឹម​អធិការដ្ឋាន​នគរបាល​ស្រុក-ខណ្ឌ​វិញ​។ ដោយឡែក​សៀវភៅ​ស្នាក់នៅ ដែល​ធ្លាប់ធ្វើ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​-​ខណ្ឌ ត្រូវ​ទម្លាក់​មក​នៅត្រឹម​ប៉ុស្តិ៍​នគរបាល​ឃុំ-​សង្កាត់​ជំនួស​វិញ​។

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ ​១៩៩៧ សៀវភៅ​គ្រួសារ​ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​បញ្ជាក់​ពី​សមាជិក​គ្រួសារ​ដែលមាន​សញ្ជាតិ​ខ្មែរ និង​ពី​ចំណង​ញាតិ​ភាព​នៃ​គ្រួសារ​នីមួយៗ រួមមាន​សហព័ទ្ធ និង​កូនបង្កើត ឬ​កូនសុំ​។ គ្រួសារ​នីមួយៗ ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​សៀវភៅ​គ្រួសារ​មួយ​។

អនុក្រឹត្យ​បញ្ជាក់ថា​៖ «​ជន​បរទេស​គ្មាន​សិទ្ធិ​កាន់កាប់ ប្រើប្រាស់ សៀវភៅ​គ្រួសារ​នេះ​ទេ​។ ជន​ណា​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ហើយ​ក្លែងបន្លំ​តាម​រូបភាព​ណាក៏ដោយ​ដើម្បី​កាន់កាប់​សៀវភៅ​គ្រួសារ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ដែល​អនុវត្ត​ភារកិច្ច​នេះ ផ្ទុយ​ពី​បទប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​ស្តីពី​សៀវភៅ​គ្រួសារ​នេះ​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​»​។

ចំណែក​សៀវភៅ​ស្នាក់នៅ​វិញ គឺជា​សៀវភៅ​សម្រាប់​ប្រើប្រាស់​ជា​វិធានការ​នគរបាល​ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស ដែល​ស្នាក់​នៅក្នុង​គេហដ្ឋាន​នីមួយៗ​។ សៀវភៅ​នេះ​មិន​សម្រាប់​បញ្ជាក់​អំពី​ញាតិភាព ឬ​សញ្ជាតិ​ខ្មែរ​នៃ​មនុស្ស​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​សៀវភៅ​នេះឡើយ​។

ក្នុង​អនុក្រឹត្យ​ដដែល​នោះបាន​បញ្ជាក់ទៀតថា ជន​គ្រប់រូប​ដែលជា​អ្នកទទួល​ខុសត្រូវ​ចម្បង​នៃ​គេហដ្ឋាន​នីមួយៗ ទោះជា​ជន​នោះ​ជា​ម្ចាស់ផ្ទះ​ក្តី ឬ​ជា​អ្នក​ជួល​ក្តី​មាន​កាតព្វកិច្ច​ចុះ​ក្នុង​សៀវភៅ​ស្នាក់នៅ នូវ​ឈ្មោះ​មនុស្ស​គ្រប់រូប ដែល​រស់នៅ​ជាប់លាប់​ជាមួយ​ខ្លួន​។ សៀវភៅ​ទាំង​ ២ ​នេះ ក៏​ជា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដ៏​សំខាន់​ផងដែរ សម្រាប់​យកទៅ​ធ្វើជា​សក្ខី​កម្ម​ក្នុង​ការធ្វើ​លិខិតស្នាម​ចាំបាច់​ផ្សេងៗ​ដទៃទៀត​៕