ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់ សុខុន ស្នើឱ្យ​សហភាព​អឺរ៉ុប​ (EU) និង​ដៃគូ​របស់ខ្លួន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ដើម្បី​ជួយ​ប្រទេស​ទាំងនេះ​ពង្រីក​ស្វ័យភាព​ជា​យុទ្ធសាស្ត្រ ដោយ​ផ្អែកលើ​ការគោរព និង​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​។

លោក​ថ្លែង​បែបនេះ​ក្នុង​កិច្ចពិភាក្សា​តុមូល​នៃ​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​ ២២ កុម្ភៈ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ​ប្រាក់ សុខុន ថ្លែងថា៖ «​សហភាព​អឺរ៉ុប និង​ដៃគូ​អឺរ៉ុប រួមទាំង​បារាំង​ចាំបាច់​ត្រូវ​បង្ហាញ​ជម្រើស​មួយ​ដើម្បី​ជួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ពង្រីក​ស្វ័យភាព​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​»​។

ប្រមុខ​ការទូត​រូបនេះ​បញ្ជាក់ថា​៖ «​លើសពីនេះ​សហភាព​អឺរ៉ុប និង​ដៃគូ​អឺរ៉ុប រួមទាំង​បារាំង គួរតែ​ផ្តោតលើ​វិស័យ​ជាក់ស្តែង​នៃ​កិច្ចសហប្រតិបត្តិការ ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក ការយោគយល់​គ្នា ការជឿទុកចិត្ត​គ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក​»​។

លោក​ ប្រាក់ សុខុន ថ្លែងថា អាស៊ាន និង​សហភាព​អឺរ៉ុប រួមទាំង​ប្រទេស​បារាំង គឺជា​ដៃគូ​ដ៏សំខាន់​ក្នុង​ការ​លើកកម្ពស់​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក ដោយ​បើកចំហ​ប្រកប​ដោយ​បរិយាប័ន្ន និង​ផ្អែកលើ​ច្បាប់​។ ភាពជា​ដៃគូ​នេះ​នឹង​លើក​កម្ពស់​អនាគត​នៃ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​ធានា​បាន​នូវ​សន្តិភាព វិបុលភាព និង​វឌ្ឍនភាព​។

លោក​បន្តថា​៖ «​អាស៊ាន​មាន​គោលបំណង​បង្កើត​ឯកសារ​គោល​គំនិត ដើម្បី​ដំណើរការ​ទស្សនវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​(AOIP) ​ហើយ​យើង​ស្វែងរក​ការគាំទ្រ​របស់​អ្នក​ដើម្បី​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្រោម​ក្របខ័ណ្ឌ​នេះ​»​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា អាស៊ាន បាន​ព្យាយាម​រក្សា​តុល្យភាព​យុទ្ធសាស្ត្រ តាមរយៈ​ការលើក​កម្ពស់​ឯកភាព​ផ្ទៃក្នុង​របស់ខ្លួន និង​ការរក្សាបាន​នូវ​មជ្ឈភាព​របស់ខ្លួន​ក្នុង​និម្មាបនកម្ម​សន្តិសុខ​ក្នុង​តំបន់ ដែល​កំពុង​វិវឌ្ឍ ជាពិសេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​។ ​អាស៊ាន​មានបំណង​ចង់ឃើញ​តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​សន្តិភាព និង​ស្ថិរភាព តាមរយៈ​ការពង្រឹង​បន្ថែមទៀត​នូវ​មជ្ឈភាព និង​ឯកភាព​អាស៊ាន​។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​-​អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក ប្រមាណ​ ៣០ ​នាក់​បាន​ចូលរួម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នា​ថ្ងៃទី​ ២២ ខែកុម្ភៈ​។ ក្នុង​វេទិកា​នេះ​រដ្ឋមន្ត្រី​ការបរទេស​ទាំងអស់​បាន​សម្តែង​នូវ​ក្តីបារម្ភ​រួមគ្នា​ពី​ទស្សនៈ​គោល​ ២ នៃ​ពិភពលោក​ដែល​អាច​នាំទៅដល់​ការប្រឈម​មុខគ្នា ការប្រកួត​ប្រជែង​គ្នា និង​ភាពតានតឹង​។

រដ្ឋមន្ត្រី​ទាំងអស់​លើកឡើង​ថា មាន​ចំណុច​ដែល​អឺរ៉ុប និង​បណ្តា​ប្រទេស​នានា​ក្នុង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាច​រួមដៃគ្នា ដើម្បី​ផ្តល់​ជម្រើស​នៃ​របៀបរៀបរយ​ក្នុង​តំបន់​ដែលមាន​លក្ខណៈ​ពហុភាគី​ផ្អែកលើ​ច្បាប់ និង​បើកចំហ​សម្រាប់​ផលប្រយោជន៍ នៃ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២២ កុម្ភៈ ថា អាស៊ាន​ត្រូវបាន​ទទួលស្គាល់ថា​ជា​តួអង្គ​កណ្តាល​មួយ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ ថ្នាក់ដឹកនាំ​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ បាន​បញ្ចេញ​ទស្សនៈ​ថា អាស៊ាន និង​អឺរ៉ុប​គួរតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ការបំពេញ​បន្ថែម និង​ការរួមបញ្ចូល​គ្នា​រវាង​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ-​ប៉ាស៊ីហ្វិក និង​យុទ្ធសាស្ត្រ​របស់​សហភាព-​អឺរ៉ុប​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ-​ប៉ាស៊ីហ្វិក​។ ជាពិសេស​ក្នុង​វិស័យ​សហប្រតិបត្តិការ​ជាក់ស្តែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព ការផ្លាស់ប្តូរ ឌីជីថល ការប្រែប្រួល​អាកាសធាតុ ការស្តារ​សេដ្ឋកិច្ច សុវត្ថិភាព​ផ្នែក​សុខភាព កិច្ចសហប្រតិបត្តិការ​ដែនសមុទ្រ ការការពារ​ជីវចម្រុះ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ចែករំលែក​នូវ​គោល​គំនិត​អាស៊ាន​ក្នុងការ​រៀបចំ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​វេទិកា​នេះ ដោយ​ជឿជាក់ថា ទស្សន​វិស័យនេះ​អាចជា​វេទិកា ដើម្បី​សម្រួល​ដល់​ការបំពេញ​បន្ថែម ក្នុង​ចំណោម​កំណែទម្រង់​ផ្សេងៗ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​រួម​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​នាំមក​នូវ​វិបុលភាព​ជូន​ប្រជាពលរដ្ឋ​៕