ភ្នំពេញៈ ទោះបី​ចំនួន​ជនរងគ្រោះ​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​បាន​ថយ​ចុះមក​នៅត្រឹមតែ​ជាង​ ៤០ ​នាក់​នៅក្នុង​ឆ្នាំ ​២០២១ ក្នុង​រយៈពេល​ជាង​ ២៥ ​ឆ្នាំនេះ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក​ជា​រឿង​ទុក្ខសោក​ និង​សោកស្ដាយ​បំផុត​សម្រាប់​ប្រទេសជាតិ​។ យោងតាម​សារលិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​កាលពី​ម្សិលមិញ ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​ ២៣ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​។

លោកនាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ២០២២ បាន​ថ្លែង​ដោយបាន​រំឭក​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស​បងប្អូន​ដែល​កំពុង​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយសារ​គ្រឿងផ្ទុះ​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​តែងតែ​ចាត់ទុក​ចំពោះ​ការបាត់បង់​ជីវិត ពិការ និង​របួស​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដោះមីន​ថា «​ទោះបី​ការបាត់បង់​ជីវិត ឬ​ពិការ​ប្រជាជន​សូម្បីតែ​ម្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​ទុក្ខសោក និង​ជាការ​សោកស្តាយ​បំផុត​សម្រាប់​ប្រទេសជាតិ​ទាំងមូល​»​។

លោក​ថ្លែងថា សង្គ្រាម​បាន​បន្សល់​នូវ​គ្រាប់មីន​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិផ្ទុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​បណ្ដាលឱ្យ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​រងរបួស​ធ្លាក់ខ្លួន​ពិការ និង​ស្លាប់​បាត់បង់​ជីវិត​ព្រមទាំង​បង្ក​នូវ​សោកនាដកម្ម​ដ៏ឈឺចាប់​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក​ និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ ជាមួយនឹង​ការបង្រួបបង្រួម​ជាតិ​ដែល​នាំមក​នូវ​ស្ថិរភាព​នយោបាយ សុខសន្តិភាព​ និង​សុវត្ថិភាព​ពេញលេញ​ទូទាំងប្រទេស និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​នយោបាយ ឈ្នះ ឈ្នះ នៅ​ចុងឆ្នាំ​ ១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា មាន​លទ្ធភាព​ដោះស្រាយ​នូវ​ផល​អវិជ្ជមាន​លើ​គ្រប់​វិស័យ​។ ជាមួយគ្នានេះ​សមិទ្ធផល​លើ​វិស័យ​សកម្មភាព​មីន​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ចគាំពារ​សន្តិភាព​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​។

​លោកនាយក​រដ្ឋមន្ដ្រីថ្លែងថា គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ឆ្នាំ​ ២០២១ រយៈពេល ២៩ ឆ្នាំ​កន្លងមកនេះ ផ្ទៃដី​ទំហំ ២ ៣២៥ ​គីឡូ​ម៉ែត​ការ៉េ​ត្រូវបាន​បោសសម្អាត​សម្រាប់​យកទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល​ក្នុងនោះ​វិស័យ​កសិកម្ម ៧១ ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ ភាគរយ និង​ផ្សេងៗ ២១ ​ភាគរយ​រួមមាន​ការសាងសង់​លំនៅឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព​ជាដើម ដោយមាន​ប្រជាពលរដ្ឋ​ទទួលផល​ចំនួន ៧ ៣២២ ៥៣៦ នាក់​។ មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ១១៨ ៦៩៣ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ចំនួន ២៥ ៩១៨ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម ចំនួន ២ ៩៧៧ ២៦៧ គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​។ ទន្ទឹមនឹងនោះ​ចំនួន​ជនរងគ្រោះ​បាន​ថយចុះ​ពី ៤ ៣២០ នាក់ ក្នុង​ឆ្នាំ​ ១៩៩៦ មក​ត្រឹម ៤៤ នាក់ ក្នុង​ឆ្នាំ​ ២០២១​។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា តែងតែ​យកចិត្ត​ទុកដាក់ និង​គិតគូរ​ព្រមទាំង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដូចគ្នា​តាមរយៈ​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ចូលរួម​បំពេញ​បេសកកម្ម​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​ចំនួន ៩ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្ដាល​សរុប​ចំនួន ៧ ៨៩៩ នាក់​ក្នុង​នោះ​ស្ត្រី​ចំនួន ៥២៨ នាក់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម ឆ្លៀត​យក​ឱកាស​នេះ សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ​ប្រទេស​ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍​ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្អូនៗ ក្មួយៗ​ជា​អ្នកដោះមីន ដែល​បាន​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​បោសសម្អាត​មីន​លក្ខណៈ​មនុស្សធម៌​នេះ​ដែល​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​បាន​ចាត់ទុក​វិស័យ​បោសសម្អាត​មីន​ជា​ការងារ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ផ្ដល់​សុខ​សុវត្ថិភាព ការជំរុញ​ការអភិវឌ្ឍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​»​។

លោក​ថា​៖ «​ថ្វីបើ​វិស័យ​សកម្មភាព​មីន​បាននិង​កំពុង​ទទួលលទ្ធផល​ដ៏ធំធេង​យ៉ាងណា​ក៏ដោយ កម្ពុជា​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន ៧៩៤ គីឡូម៉ែត្រ​ការ៉េ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន ១២៤០ គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ​ ២០២៥​។ ជាមួយ​គ្នានេះ​ការងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​ជា​កិច្ចការ​ដ៏ចាំបាច់​មួយ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ និង​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​គ្រឿងផ្ទុះ​នៅតាម​សហគមន៍​ដែល​យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ រូបថត SPM

លោក​បន្តថា ក្នុងន័យនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​បន្ត​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ដែល​បង្កឡើង​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ​៤ ២០១៨-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រតិបត្តិករ​ជាតិ​ និង​អន្តរជាតិ​ត្រូវ​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ប្រជាពលរដ្ឋ តាមរយៈ​សកម្មភាព​អប់រំ​ដោយផ្ទាល់​នៅតាម​សហគមន៍ សាលារៀន និង​វត្តអារាម ការអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​។

លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មីន​ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ​ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​កំណត់​ឱ្យបាន​ជាក់លាក់​នូវ​តំបន់​ ឬ​ទីតាំង​ដែល​រង​ការប្រឈម​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដើម្បី​ធ្វើ​ការអប់រំ​ទប់ស្កាត់​គ្រោះថ្នាក់​បាន​ទាន់ពេលវេលា​ព្រមទាំង​រៀបចំ សារ​អប់រំ និង​វិធីសាស្ត្រ​អប់រំ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៅតាម​បរិបទ​នៃ​សហគមន៍​ដែល​រងផលប៉ះពាល់​ និង​ឥរិយាបថ​របស់​ជន​ងាយ​រងគ្រោះ​។ អាជ្ញាធរ​មីន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ គួរ​បន្ត​ស្រាវជ្រាវ វិធីសាស្ត្រ​កៀរគរ​ធនធាន​ប្រកបដោយ​នវានុវត្តន៍​ជាពិសេស​ជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​ចក្ខុវិស័យ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​ ២០២៥»​។

លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឱ្យ​ចូលរួម​អនុវត្ត បើ​ឃើញ​មីន គ្រាប់បែក​ចង្កោម ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សូមកុំ​ប៉ះពាល់ កុំ​ដំ កុំ​ដុត និង​កុំ​គប់​លេង ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់ ធ្លាក់ ខ្លួន​ពិការ និង​បាត់បង់​ជីវិត ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត​។ ហាម​ទិញ លក់ រក្សាទុក កែច្នៃ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែលជា​អំពើ​ខុសច្បាប់ និង​កុំ​ប្រើប្រាស់​ដី និង​កុំ​ចូលក្នុង​តំបន់​ដែល​មិន​ស្គាល់​ច្បាស់ ឬ​សង្ស័យថា​មាន​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

លោក លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​ ២៣ នៃ​ទិវា​នេះ លើទឹក​ដី​នៃ​ខេត្តព្រះវិហារ​ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែលជា​លទ្ធផល​នៃ​សង្គ្រាមរ៉ាំរ៉ៃ​អូសបន្លាយ ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ​១៩៦០​។

ចរិត​បញ្ហា​នៃ​ការ​គំរាម​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុងប្រទេស​កម្ពុជា​មាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​។

លោក​ថ្លែងថា​៖ «​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី​នៅ​ចុងឆ្នាំ ​១៩៩៨ កម្ពុជា ទទួលបាន​សុខសន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស​ដែល​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​លទ្ធភាព​គ្រប់គ្រាន់​ដោះស្រាយ​ការគំរាមកំហែង​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ប្រកប​ដោយ​ប្រសិទ្ធភាព និង​គ្មាន​ការភ័យខ្លាច​ក្នុង​ការចូលរួម​ផ្តល់​សុខ​សុវត្ថិភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​»​។

លោក​បន្តថា ជាមួយ​នឹង​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏ត្រចះត្រចង់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មាន​មហិច្ឆតា​ធំធេង​ណាស់ ព្រមទាំង​បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​គោលដៅ​យ៉ាងច្បាស់​លាស់ គឺ «​កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ​ ២០២៥» ហើយ​យើង​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​អាចធ្វើ​បាន​ជាមួយ​នឹង​ការតាំង​ចិត្ត​ខ្ពស់ និង​ការប្តេជ្ញាចិត្ត​រួម​របស់​យើង​ទាំងអស់​គ្នា​។

លោក លី ធុជ ទោះបី​មាន​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការងារ​បោសសម្អាត​មីន​ និង​គ្រាប់​យ៉ាងណា​ក៏ដោយ ការគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​មាន​ជាប្រចាំ​ដោយ​កត្តា​មួយចំនួន​រួមមាន ការលេង​ ឬ​ច្នៃ​គ្រាប់ ឈរ​មើល​គេ​លេង​គ្រាប់ សម្អាត​ដី​ធ្វើ​កសិកម្ម ចូល​ព្រៃ​កាប់​ឈើ រក​ស្បៀង​អាហារ ធ្វើ​កសិកម្ម ដោះមីន​ក្រៅផ្លូវការ ដុត​ព្រៃ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​មិន​ស្គាល់​ច្បាស់​ជាដើម​។ លោក​រំឭកថា​ជាក់ស្តែង​ថ្មីៗ​នេះ​យុវជន​ ២​ នាក់ ស្លាប់​ដោយ​មីន​នៅលើ​ទឹកដី​អតីត​សមរភូមិ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ១០ ខែមករា​៕