ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទទួលបាន​ពាន​កោតសរសើរ​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ (SEATCA) ​ក្នុងនាម​ជា​ស្ថាប័ន​រដ្ឋាភិបាល​ដែល​អនុវត្ត​បាន​ល្អ​លើ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​។

កម្មវិធី​ប្រគល់​ពាន​កិត្តិយស​ការអនុវត្ត​ល្អ​ដល់​ស្ថាប័ន​ទាំងនេះ​បាន​ធ្វើ​ឡើង​តាមរយៈ​វីដេអូ​អនឡាញ​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ដែល​រៀបចំ​ដោយ​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍​ (SEATCA)​ ដែលមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​អាស៊ាន សង្គម​ស៊ីវិល ដែល​ពាក់ព័ន្ធ​នឹង​តំណាង​ស្ថាប័ន​ដែល​ទទួលបាន​ពាន​កិត្តិយស​។

សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍​បាន​លើកឡើងថា ខ្លួន​បានដាក់​ឱ្យ​ដំណើរការ​របាយការណ៍​ថ្មី​បំផុត​ចំនួន​ ២ ​នៅក្នុង​កម្មវិធី​នេះ​។ SEATCA

ក៏បាន​ឱ្យដឹង​ដែរ​ថា ជាមួយ​គ្នា​នោះ​តារាង​ពិន្ទុ FCTC និង​របាយការណ៍​សន្ទស្សន៍​ និង​ស្ថាប័ន​ដែល​បានទទួល​ពាន​កោតសរសើរ​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ក៏ត្រូវ​បានប្រកាស​ផងដែរ​។

SEATCA ​បានបញ្ជាក់​ក្នុង​កម្មវិធី​នោះ​ថា​ «​ក្នុង​ព្រឹត្តិការណ៍​នេះ យើង​បានទទួល​ស្គាល់​អ្នកទទួល​ពានរង្វាន់​ជើងឯក​គ្រប់គ្រង​ថ្នាំជក់​នៅក្នុង​តំបន់​អាស៊ាន​។ ​ប្រទេស​សមាជិក​អាស៊ាន​គឺ​​បាន​ចូលរួម​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​បាន​យ៉ាង​ល្អ​»​។

បើតាម​ការប្រកាស​របស់ SEATCA ​ក្នុង​កម្មវិធី​កាលពី​ម្សិលមិញ​គឺ​មិនមែន​តែ​កម្ពុជា​ទេ​ដែល​បានទទួល​ពាន​កោតសរសើរ​នេះ​។ ជាក់ស្ដែង​ក្រសួង​ស្ថាប័ន​នៃ​ប្រទេស​សមាជិក​អាស៊ាន​ដូចជា ក្រសួងសុខាភិបាល​ថៃ សិង្ហបុរី​ និង​​ហ្វីលីពីន និង​ក្រសួង​អប់រំ វប្បធម៌​ស្រាវជ្រាវ​ និង​បច្ចេកវិទ្យា​ឥណ្ឌូនេស៊ី​ក៏​ទទួល​​បាន​ពាន​កោតសរសើរ​នេះ​ផងដែរ​។

លោកស្រី សឿ សុជាតា តំណាង​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​បាន​ចូលរួម​ទទួលពាន​ក្នុង​កម្មវិធី​នេះ​បាន​ថ្លែងថា ការទទួលបាន​ពាន​កោតសរសើរ​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ក្នុង​ពេលនេះ​គឺជា​ការលើក​ទឹកចិត្ត​ក្នុងការ​ជំរុញ​ដល់​ប្រទេស​កម្ពុជា​ឱ្យមាន​ការខិតខំ​បន្ថែមទៀត​ក្នុង​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា​ពាន​នេះ​នឹង​ជួយ​ជំរុញ​ដល់​ក្រុម​ការងារ​របស់ខ្ញុំ ដៃគូ​សហការ​ទាំងអស់​របស់ខ្ញុំ​ក្នុងការ​បន្ត​ការ​ពាំនាំ​ការ​កាត់បន្ថយ​ និង​បញ្ចប់​ការប្រើប្រាស់​ថ្នាំជក់ និង​ការហាមឃាត់​ថ្នាំជក់​សម្រាប់​ប្រទេស​កម្ពុជា​យើង​»​។

កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ កន្លងទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​នូវ​សេចក្ដីណែនាំ​មួយ​ចំពោះ​អង្គភាព​ចំណុះ​ក្រសួង និង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ទាំង​សាធារណៈ​ និង​ឯកជន​ដោយ​ហាមឃាត់​ការចាប់​ដៃគូ​សហការ​ជាមួយ​ឧស្សាហករ​ថ្នាំជក់ ការទទួល​ការឧបត្ថម្ភ​គាំទ្រ ឬ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ឧស្សាហករ​ថ្នាំជក់ ការផ្ដល់​ទីកន្លែង ឬ​ទីធ្លា​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​សម្រាប់​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ ឬ​ពិព័រណ៍​ដែលជា​កម្មវិធី​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ត្រូវ​ចូលរួម​លុបបំបាត់​សកម្មភាព​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​តាម​គ្រប់​រូបភាព​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បានឱ្យដឹងថា សេចក្តីណែនាំ​នេះ​ត្រូវបាន​ដាក់ចេញ ក្រោយពី​ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន​បានធ្វើ​សកម្មភាព​ឧបត្ថម្ភ​ក្នុង​គ្រឹះស្ថានសិក្សា​ក្នុង​គោលបំណង​កេងចំណេញ​ផ្សព្វផ្សាយ​ឈ្មោះ​ក្រុមហ៊ុន​ និង​ផលិតផល​របស់ខ្លួន​ដល់​សិស្ស និស្សិត​។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​សេនាធិការ​នៅ​ខែមីនា ឆ្នាំ​ ២០២១ បានចេញ​នូវ​សេចក្ដី​ណែនាំ ហាមឃាត់​ការនាំ​ចូល ការជួញដូរ ការធ្វើ​អាជីវកម្ម និង​ការប្រើប្រាស់​ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងប្រទេស​កម្ពុជា​បន្ថែម​លើ​ការហាមឃាត់ ការប្រើប្រាស់ ការធ្វើ​អាជីវកម្ម និង​ការ​នាំចូល​ផលិតផល​ស៊ីហ្សា (SISHA) និង​បារី​អេឡិចត្រូនិក (E-Cigarette) ​ដែល​បាន​ដាក់ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៤​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​លើកឡើងថា ការដាក់ចេញ​នូវ​សេចក្តីណែនាំ​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​លក់​ផលិតផល អេចឈ៍ ធី ភី និង​បារី​អេឡិចត្រូនិក តាម​បណ្តាញ​ព័ត៌មាន​សង្គម​ដែលនាំឱ្យ​ស្ថាប័ន​ទាំង ​២ ​នេះ​ទទួល​បាន​ពាន​កោតសរសើរ​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ក្នុង​នាម​ជា​ស្ថាប័ន​រដ្ឋាភិបាល​ដែល​អនុវត្ត​បានល្អ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អវត្តមាន​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​ក្នុង​គ្រឹះស្ថានសិក្សា ជាការ​ចូលរួម​លើកកម្ពស់​សុខភាព​បុគ្គល គុណភាព​អប់រំ និង​គុណភាព​ជីវិត​។ លោក បន្តថា ក្រសួង​អប់រំ យុវជន និង​កីឡា​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​លើកទឹកចិត្ត​ និង​កិច្ចសហការ​ជាមួយ​​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​សុខភាព​របស់​អ្នកសិក្សា និង​ភាគី​ពាក់ព័ន្ធ​តាមរយ:​គ្រប់​រូបភាព​។

លោក​បាន​បញ្ជាក់ថា​៖ ​​«​គ្រឿងញៀន​​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​អាច​​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ និង​អាយុជីវិត​របស់​អ្នកសិក្សា​ ​និង​ភាគី​ពាក់ព័ន្ធ​។ ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាននិង​កំពុង​បន្ត​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ផលប៉ះពាល់​​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​។ ​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​ដៃគូ​ការងារ​​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ ​និង​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​​កាត់បន្ថយ​គ្រោះថ្នាក់​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​»​។

សូមជម្រាបថា ជា​រៀងរាល់ឆ្នាំ​ពិភពលោក​ត្រូវ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា​ ១ ​ទ្រីលាន​ដុល្លារ​សហរដ្ឋអាមេរិក​ (១០០០ ០០០ ០០០ ០០០USD) និង​មាន​មនុស្ស​ប្រមាណ ​៧ ​លាន​នាក់​បាន​ស្លាប់ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ ១​ ភាគ​ ៣ ​ដង នៅក្នុង​ឆ្នាំ​ ២០៣០ ប្រសិនបើ​មិនមាន​ការទប់ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេនោះ​។ ក្រឡេក​មក​ប្រទេស​កម្ពុជា​យើង​វិញ ថ្នាំជក់​បានសម្លាប់​ប្រជាជន​ប្រមាណ​ ១៥ ០០០​ នាក់ ជា​រៀងរាល់​ឆ្នាំ និង​ខាតបង់​ថវិកា​ប្រមាណ​ ៦៤៩​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជា​រៀងរាល់​​ឆ្នាំ​គឺ​ស្មើនឹង​ ៣ ​ភាគរយ នៃ​ GDP របស់​កម្ពុជា​។ នេះ​បើ​យោងតាម​ការអះអាង​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​៕