ភ្នំពេញៈ អង្គជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ពិចារណា​ក្នុង​ការពន្លឿន​នីតិវិធី​សវនាការ​រឿងក្តី​របស់លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចោទ​ពីបទ​ «​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​» ឬ​ «​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​» តបតាម​ការស្នើសុំ​របស់​សហមេធាវី​របស់លោក​ កឹម សុខា​។

ក្រោយ​បញ្ចប់​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ លោក​ ចាន់ ចេន សហមេធាវី លោក​ កឹម សុខា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក​បានស្នើ​សុំ​ទៅ​អង្គ​ជំនុំជម្រះ​ឱ្យ​ពន្លឿន​នីតិវិធី​សវនាការ​លោក​ កឹម សុខា ដែលជា​កូនក្តី​របស់​លោក​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​បើ​អូសបន្លាយ​កាន់តែ​យូរ វា​នឹង​ធ្វើឱ្យ​ខូចប្រយោជន៍ និង​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី​របស់លោក​។ តបតាម​ការស្នើសុំ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បញ្ជាក់​ក្នុង​អង្គសវនាការ​ថា លោក​នឹង​យកទៅ​ពិចារណា និង​ពិនិត្យមើល​កម្មវិធី​របស់​តុលាការ​។

បើតាម លោក​ ចាន់ ចេ​ន រឿងក្តី​របស់លោក​ កឹម សុខា បាន​អូសបន្លាយ​ពេល​ជាង ៤​ ឆ្នាំ​មកហើយ ដោយ​រាប់​គិត​ចាប់​ពីថ្ងៃ​ចាប់ខ្លួន​រហូត​មកដល់​បច្ចុប្បន្ន​។ ទាំង​សហមេធាវី និង លោក​ កឹម សុខា និង​ប្រជាពលរដ្ឋ ដែលជា​អ្នកគាំទ្រ​លោក កឹម សុខា នៅតែ​ទាមទារ និង​នៅតែ​ចង់បាន​ឱ្យ​តុលាការ​ធ្វើការ​ពន្លឿន​នីតិវិធី ជំនុំជម្រះ​នេះ​ឱ្យបាន​ច្រើនដង​។ បើ​អាច​គឺ​ធ្វើជា​រៀងរាល់ថ្ងៃ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ឬក៏​យ៉ាងហោចណាស់​ធ្វើឱ្យបាន ៣ ​ដង​ក្នុង ​១ ​សប្តាហ៍​ដែរ​។

លោក​បន្តថា បើ​សវនាការ​ធ្វើ​តែ​ ១​ ព្រឹក ក្នុង​ ១​សប្តាហ៍​បែបនេះ គឺ​មិនដឹងថា​រឿងក្តី​នេះ អូសបន្លាយ ពេលវេលា​ទៅដល់​ខែ​ណា ឬ ឆ្នាំ​ណា​នោះទេ​។ ការអូសបន្លាយ​ពេលវេលា​យូរ​បែបនេះ វា​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​កូនក្តី​លោក​ដែល​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ចែង​ពី​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស និង​ជាពិសេស​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់លោក កឹម សុខា ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​នៅតែ​សំណូមពរ នៅតែ​ទាមទារ និង​ចង់​បានឱ្យ​តុលាការ​បន្ថែម​កម្មវិធី​សវនាការ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​យើងខ្ញុំ ព្រោះ ឯកឧត្តម កឹម សុខា អត់​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការចោទប្រកាន់​នោះទេ​។ រឿងនេះ យើង​បាន​សំណូមពរ​តាំងពី​ដំណើរការ​សវនាការ​ដំបូង​ប៉ុន្តែ អម្បាញ់មិញ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​មានប្រសាសន៍​នៅក្នុង​អង្គ​សវនាការ​ដែរ​ថា គាត់​នឹង​ពិនិត្យមើល​នូវ​សំណើ​របស់​យើងខ្ញុំ​ជា​សហមេធាវី ក៏ដូចជា​កម្មវិធី​របស់​តុលាការ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា សវនាការ​នឹង​ឆ្លើយតប​នូវ​អ្វី [​ដែលជា​] ​ការស្នើសុំ​របស់​សហមេធាវី ក៏ដូចជា​អ្នកគាំទ្រ​លោក កឹម សុខា​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ ផ្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា​៖ «​ខ្ញុំ​អត់​ទទួល​ព័ត៌មាន​ហ្នឹង​ផង​»​។ លោក​បន្តថា សវនាការ​របស់លោក​ កឹម សុខា នៅ​ថ្ងៃទី​ ២៣ កុម្ភៈ បាន​ដំណើរការ​ទៅជា​ធម្មតា ហើយ​សវនាការ​បន្តទៀត​នោះ​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី​ ២ មីនា ឆ្នាំ​ ២០២២ វេលា​ម៉ាង​ ៨: ៣០ ​នាទី​ព្រឹក​។

លោក​ ផែង ហេង សហមេធាវី លោក​ កឹម សុខា ម្នាក់ទៀត​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​ ២៣ កុម្ភៈ​បាន​បន្ត​ចាក់​វីដេអូ ទី​ ១៦,១៧ និង​បង្ហាញ​ភ័ស្តុភាង​ជា​ឯកសារ​មួយចំនួនទៀត​។ ប៉ុន្តែ មាន​ភាពតានតឹង​ពាក់ព័ន្ធ​នឹង​នីតិវិធី​ខ្លះ​ដោយ​តំណាង​អយ្យការ​ព្យាយាម​ចោទសួរ​លើ​បច្ចេកទេស​។

លោក​ថ្លែងថា​៖ «​យើង​ដាក់​ភ័ស្តុតាង​នេះ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ក្តី លោក​ កឹម សុខា ក្តី អនុវត្ត​ទៅតាម​នីតិវិធី ដែល គ.ជ.ប. បានកំណត់ និង​មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​មើលឃើញ​ និង​ចាប់កំហុស ដំណើរការ​បោះឆ្នោត​ និង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ សូម្បីតែ​អង្គការ​តម្លាភាព​ក៏​មើលឃើញ​មាន​ភាពមិនប្រក្រតី​ដែរ​។ យើង​តវ៉ា​ ទៅតាម​ក្របខ័ណ្ឌ​ច្បាប់ មិនមែន​ទៅធ្វើ​សន្ទិដ្ឋភាព​ជាមួយ​បរទេស និង​មិនមែន​ធ្វើ​បដិវត្តន៍​ពណ៌ ដូច​ការលើកឡើង​តំណាង​អយ្យការ​នោះ​»​។

លោក​ កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ​ ២០១៧ ក្នុង​គេហដ្ឋាន​របស់​លោក​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ត្រូវបាន​បញ្ជូនទៅ​ដាក់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទប្រកាន់​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ឬ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដោយ​គិត​មកដល់​ពេលនេះ គឺមាន​រយៈពេល ៤ ​ឆ្នាំ ហើយ​។

លោក​ កឹម សុខា ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ កាលពីថ្ងៃ​ទី ​១០ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ប៉ុន្តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ទី​ ១.​ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​ ២.​ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង​ទី​ ៣.​ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕

វីដេអូ៖