ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ស្នើ​អភិបាលខេត្ត ដែលមាន​លទ្ធភាព​សិក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៥​ ដើម្បី​រៀបចំ​មណ្ឌល​អប់រំ​កែប្រែ​អ្នកញៀន​គ្រឿងញៀន​នៅតាម​បណ្តា​ខេត្ត ដែល​អាចជួយ​សម្រួល និង​បន្ធូរបន្ថយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​។

ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាសលោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​នៅ​រាជធានី​ភ្នំពេញ​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ពី​ការគ្រប់គ្រង​ពន្ធនាគារ​ដោយ​ចាត់ទុកថា ជា​បញ្ហា​ប្រឈម​បំផុត​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ភាពចង្អៀត​ណែន ខណៈ​អគារ​ពន្ធនាគារ​ខ្លះ​មានការ​ទ្រុឌទ្រោម​។ លោក​បន្តថា ដោយសារ​ការកើនឡើង​នៃ​ជន​ជាប់ឃុំ អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារ​មួយចំនួន​មាន​ភាពទ្រុឌទ្រោម និង​ភាពយឺតយ៉ាវ នៃ​ចំណាត់ការ​របស់​តុលាការ​ជាក់ស្តែង ក្នុង​ចំណោម​ជន​ជាប់ឃុំ​ជាង ៣៧ ០០០ នាក់ ហើយ​ជន​ជាប់ឃុំ​ទាំងនោះ​មាន​សាលក្រម និង​សាលដីកា តុលាការ តែ​ជាង ១១ ០០០​ នាក់ ប៉ុណ្ណោះ​។ ទន្ទឹមនេះ ជន​ជាប់ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ចំនួន ៥៤,៤៤ ​ភាគរយ នៃ​ជនជាប់ឃុំ​សរុប​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក ស ខេង បានផ្តល់​នូវ​ការណែនាំ​អំពី​វិធាន​ការសំខាន់ៗ​មួយចំនួន ដែល​ត្រូវខិតខំ​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ពន្ធនាគារ​ជាពិសេស​ពន្ធនាគារ ដែលមាន​អគារ​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ដែល​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ និង​សុវត្ថិភាព​នៅតាម​ពន្ធនាគារ​។ លោក​បន្តថា ចំណែក​ជន​ជាប់ឃុំ ដែល​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន ក្រសួង​ពាក់ព័ន្ធ ធ្វើការ​ពិនិត្យ​ព្យាបាល និង​បង្កើត​កម្មវិធី​ដើម្បី​ធានា​ស្តារនីតិសម្បទា​ដល់​ជន​ជាប់ឃុំ​ទាំងនោះ​។

ក្នុងន័យនេះ​លោក​បាន​ណែនាំ​ថា​៖ «​ចំពោះ​ខេត្ត​ដែលមាន​លទ្ធភាព​គួររៀបចំ​មណ្ឌល​អប់រំ​កែប្រែ​គ្រឿងញៀន ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផង និង​កាត់បន្ថយ​បទល្មើស​នៅ​មូលដ្ឋាន​ផង​»​។ ចំពោះ​ការរៀបចំ​មណ្ឌល​អប់រំ​កែប្រែ​គ្រឿងញៀន​នេះ​លោក​ឧបនាយក​រដ្ឋមន្ត្រី​បានស្នើ​អភិបាលខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​ជាមួយ​ក្រសួង​ចំនួន ៥ រួមមាន​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល​ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមជាមួយ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។

លោក​ថា​៖ «​ទី​ ១ ក្រសួង​មហាផ្ទៃ​ជា​ក្រសួង​ដែល​ផ្តើមគំនិត ទី​ ២​ ក្រសួងយុត្តិធម៌ ព្រោះ​ទាក់ទង​ការបើក​សវនាការ កាត់ទោស​មាន​សាលក្រម​ស្ថាពរ តែ​ប៉ុន្មាន​ទេ​នៅសល់​មួយចំនួនទៀត មិនទាន់មាន​សាលក្រម បើ​មិនទាន់មាន​សាលក្រម​ជា​ស្ថាពរ​យើង​យកទៅដាក់​មជ្ឈមណ្ឌល​ដើម្បី​អប់រំ​កែប្រែ​ក៏​ពិបាក​។ ខ្ញុំ​បាន​ទាក់ទង​ឯកឧត្តម​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គាត់​គាំទ្រ​ពេញទំហឹង​ចំពោះ​បញ្ហា​នេះ អ៊ីចឹង​អាច​ថា សហការ​បាន​»​។

លោក​បន្តថា ទី ៣ ក្រសួង​ហិរញ្ញវត្ថុ ព្រោះ​បើ​អត់​មាន​លុយ យើង​មាន​ឆន្ទៈ​យ៉ាងម៉េច​ក៏ដោយ​ក៏​ធ្វើ​អី​មិន​ចេញ​ដែរ គ្រាន់តែ​ថា យើង​ត្រូវ​ចាយ​របៀប​ម៉េច ដើម្បី​ធានា​ប្រសិទ្ធភាព​ដោយ​មិន​ខ្ជះខ្ជាយ​ថវិកា​។ ទី​ ៤ ក្រសួង​សុខាភិបាល​ទាក់ទង​ការគាំទ្រ​ក្នុង​ការព្យាបាល តាម​លទ្ធភាព​គ្រប់បែបយ៉ាង​តាមតែ​អាចធ្វើ​បាន និង​ទី​ ៥ ក្រសួង​សង្គមកិច្ច ដើម្បី​បន្ត​រៀបចំ​នូវ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​។ លោក ស ខេង គូសបញ្ជាក់ថា មណ្ឌល​អប់រំ​កែប្រែ​នេះ សម្រាប់​ដាក់​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​ប៉ុណ្ណោះ រីឯ​អ្នកជួញដូរ​គ្រឿងញៀន​មិន​អនុញ្ញាត​ឱ្យ​ដាក់​រួមជាមួយ​នោះទេ​។

ពាក់ព័ន្ធ​ការរៀបចំ​មណ្ឌល​ខាងលើនេះ​លោក ស ខេង បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ និង​ការចូលរួម​រួម​ពី​ដៃគូ​ទាំង​ជាតិ និង​អន្តរជាតិ​ផងដែរ​។ លោក​ថា៖ «​យើង​ក៏​បើកចំហ​ស្វាគមន៍​ចំពោះ​ការចូលរួម​ពី​មិត្តភក្តិ​អន្តរជាតិ ក៏ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល នៅក្នុង​ប្រទេស​ និង​អន្តរជាតិ ដែលមាន​បំណង​ដើម្បី​ជួយ​គាំទ្រ​ដល់​ការងារ​នេះ​»​។ បន្ថែម​ពីនេះ​ដើម្បី​លើកកម្ពស់​ការអប់រំ​វិជ្ជាជីវៈ​ដល់​ទណ្ឌិត លោក​បាន​ណែនាំ អគ្គនាយកដ្ឋាន​ពន្ធនាគារ ត្រូវ​សិក្សា​ស្រាវជ្រាវ​ឱ្យមាន​ឧស្សាហកម្ម​ និង​កសិឧស្សាហកម្ម​នៅតាម​ពន្ធនាគារ ដោយ​ពិនិត្យ​អំពី​តម្រូវការ​ក្របខ័ណ្ឌ​នៅតាម​មណ្ឌល​អប់រំ​កែប្រែ ដើម្បី​រៀបចំ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឱ្យស្រប​តាម​ទំហំ​ និង​តួនាទី​នៃ​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ និង​ពន្ធនាគារ​នីមួយៗ​។

លោក​ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រូវ​ពិនិត្យ​ស្រាវជ្រាវ​អំពី​ប្រព័ន្ធ​នីតិវិធី​នានា ចំពោះ​ការធ្វើសមាហរណកម្ម​ទណ្ឌិត ដែល​បាន​ដោះលែង​ទៅក្នុង​សហគមន៍ និង​ការ​ផ្តល់ព័ត៌មាន​ទៅវិញ​ទៅមក​អំពី​កម្រិត​កែប្រែ​ខ្លួន​របស់​ទណ្ឌិត ក្រោយពេល​ដោះលែង​»​។

នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម ឱ្យមាន​មណ្ឌល អប់រំ​កែប្រែ​គ្រឿងញៀន​នៅតាម​បណ្តា​ខេត្ត​ដែល​អាចជួយ​កាត់បន្ថយ​ភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ​។ ប៉ុន្តែ​លោក​ស្នើឱ្យ​មណ្ឌល​នេះ ត្រូវ​ធានា​អំពី​ការគោរព​សិទ្ធិ​របស់​ទណ្ឌិត​ទាំងនោះ ដើម្បីឱ្យ​ក្លាយជា​មណ្ឌល​បន្សាប និង​អប់រំ​កែប្រែ​ដែលមាន​ប្រសិទ្ធភាព​ចៀសវាង​ការរិះគន់​។

លោក​ថា​៖ «​យើង​គាំទ្រ​បើសិន​មានការ​រៀបចំ​មណ្ឌល​នៅតាម​ខេត្តហើយ​មានការ​យកចិត្ត​ទុកដាក់ ព្រោះ​កន្លងមក​ឃើញថា ខេត្ត​មួយចំនួន​ក៏មាន​មណ្ឌល​អប់រំ​កែប្រែ​គ្រឿងញៀន​ដែរ ប៉ុន្តែ​មណ្ឌល​ទាំងអស់នោះ​ត្រូវបាន​ទទួលរង​នូវ​ការរិះគន់ ហើយ​គេ​មើលឃើញថា​មិនទាន់មាន​ស្តង់ដា​មួយ​ដែល​ទទួល​យកបាន​»​។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​លោក ប៉ោ ភក្តិ បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ​៥ ៩៧៤ ករណី ស្មើ ១២ ៦៧២ ​នាក់ ក្នុងនោះ​រឹបអូស​សារធាតុ​ញៀន​សរុប ៣ ៥៥៤,១៣ ​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​ជាង​ ១ ​តោន​៕

វីដេអូ៖