ភ្នំពេញ: ក្រសួង​ជំនាញ​ ២ បានចេញ​ប្រកាស​អន្តរក្រសួង​កំណត់​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវ​ថ្នាល់​លើ​បណ្ដាញ​ផ្លូវថ្នល់ ដើម្បី​តាមដាន ស្រាវជ្រាវ​ និង​ពិនិត្យ​នៅតាម​ទីតាំង បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ ដើម្បី​ជំរុញ​ការគោរព​ច្បាប់ ធានា​សុវត្ថិភាព​ចរាចរណ៍ ​និង​ទប់ស្កាត់​បទល្មើស​ស្ដីពី​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរក្រសួង​ស្ដីពី​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវថ្នល់​កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ ២ ​នេះ​មាន​សិទ្ធិ​ចេញ​លិខិត​បញ្ជា​បេសកកម្ម​ដល់​មន្ដ្រី​អធិការកិច្ច​ផ្លូវថ្នល់​ថ្នាក់ជាតិ និង អភិបាល​នៃ​គណៈអភិបាល​រាជធានី​-​ខេត្ត មាន​សិទ្ធិ​ចេញ​លិខិត​បញ្ជា​បេសកកម្ម​ដល់​មន្ត្រី​អធិការកិច្ច ផ្លូវថ្នល់​ថ្នាក់ក្រោម​ជាតិ​ស្រប​ទៅតាម​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​។

សេចក្ដី​ប្រកាស​ដដែល​នេះ​បានឱ្យ​ដឹងថា មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​មានដូចជា មន្ត្រី​ជំនាញ​មាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​ផ្លូវថ្នល់​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អគ្គនាយកដ្ឋាន​បច្ចេកទេស អគ្គាធិការដ្ឋាន និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​។ មន្ត្រី​ជំនាញ មាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​ផ្លូវថ្នល់​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​បច្ចេកទេស អគ្គាធិការដ្ឋាន​ និង​នាយកដ្ឋាន​ផ្លូវលំ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ត្រី​ជំនាញ​មាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​ផ្លូវថ្នល់​នៃ​មន្ទីរ​រាជធានី ខេត្ត ក្រោម​ឱវាទ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ត្រូវ​ស្នើសុំ​លិខិត​បញ្ជា​បេសកកម្ម​ចុះ​ត្រួតពិនិត្យ ឬ​ធ្វើ​អធិការកិច្ច​ផ្លូវថ្នល់ ស្របតាម​នីតិវិធី​។ មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់ ត្រូវអនុវត្ត​សិទ្ធិ តួនាទី និង​ភារកិច្ច​ដោយ​ឯករាជ្យ​មិន​លម្អៀង និង​ប្រកប​ដោយ​តម្លាភាព ប្រសិទ្ធភាព ព្រមទាំង​មានការ​ទទួល​ខុសត្រូវ​លើ​សកម្មភាព អធិការកិច្ច​របស់ខ្លួន​។

-​រាល់​ការចុះ​តាមដាន ស្រាវជ្រាវ និង​ត្រួតពិនិត្យ ត្រូវធ្វើឡើង​ជាប្រចាំ​យ៉ាងតិច ២ ដង​ក្នុង ១ ឆ្នាំ នៅតាម​ទីតាំង ឬ​លើ​សមាសភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សំណង់​ផ្លូវថ្នល់​នៅតាម​បណ្តាញ​ផ្លូវថ្នល់ រួមមាន​ផ្លូវ​ល្បឿន​លឿន ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ជនបទ ផ្លូវ​រាជធានី ផ្លូវ​ក្រុង ផ្លូវ​ក្នុង​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​ និង​ផ្លូវថ្នល់​ផ្សេងទៀត​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​។ ការចុះអនុវត្ត​ការត្រួតពិនិត្យ តាមដាន​ និង​ស្រាវជ្រាវ​នៅ​តាម​ទីតាំង ត្រូវ​ជូនដំណឹង​ជាមុន​ទៅ​ម្ចាស់​ទីតាំង ឬ​តំណាង​ស្របច្បាប់​។ ការជូនដំណឹង​នេះ គឺ​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ​ជូន​ដល់​ម្ចាស់ ទីតាំង ឬ​តំណាង​ស្របច្បាប់ ក្នុង​រយៈពេល​យ៉ាងតិច​ ៥ (​ប្រាំ​) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ មុន​ថ្ងៃ​ចុះ​ធ្វើ​​អធិការកិច្ច​។ រាល់​ការធ្វើ​អធិការកិច្ច​របស់​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ត្រូវ​មាន​ការចូលរួម​ពី​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ចំនួន​ ៥ (​ប្រាំ​) នាក់​យ៉ាងតិច សម្រាប់​ការធ្វើ​អធិការកិច្ច​ផ្លូវថ្នល់​ថ្នាក់ជាតិ និង ២- ៣ (​បី​) នាក់​យ៉ាងតិច សម្រាប់​ការធ្វើ​អធិការ​កិច្ច​ផ្លូវថ្នល់​ថ្នាក់ក្រោម​ជាតិ​។ ក្នុងពេល​ចុះ​បំពេញ​បេសកកម្ម មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ត្រូវមាន​លិខិតបញ្ជាក់​បេសកកម្ម និង​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​។ ពាក់​បណ្ណ​សម្គាល់​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ និង​ប្រើប្រាស់​ឯកសណ្ឋាន​ផ្លូវការ​របស់​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​។ ​ប្រើប្រាស់​ឯកសណ្ឋាន​ការពារ​សុវត្ថិភាព​ក្នុង​ករណី​ចាំបាច់​។

យោង​តាមប្រកាសនេះ​បានឱ្យដឹងថា​៖ «​ការចុះ​ត្រួតពិនិត្យ​ចាំបាច់​ត្រូវអនុវត្ត​ចំពោះ​ករណី​មាន​ការសង្ស័យ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សំណង់​ផ្លូវថ្នល់​នៅតាម​ទីតាំង មិន​អនុលោម​តាម​ស្ដង់ដា​បច្ចេកទេស ឬ​បទប្បញ្ញត្តិ​បច្ចេកទេស ឬ​នីតិវិធី​នៃ​ការវាយតម្លៃ​អនុលោមភាព​»​។

«​ករណី​មាន​បណ្ដឹង ឬ​មាន​ការសង្ស័យ​ទាក់ទង​នឹង​ហានិភ័យ​ខ្ពស់ ឬ​ការប៉ះពាល់​ខ្លាំង​ដល់​គុណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ ឬ​បរិស្ថាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សំណង់​ផ្លូវថ្នល់​។​ ករណី​មានការ​ស្រាវជ្រាវ​ឃើញថា ដំណើរការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​សំណង់ ផ្លូវថ្នល់ មិន​គោរព​តាម​ស្តង់ដា​បច្ចេកទេស ឬ​បទប្បញ្ញត្តិ​បច្ចេកទេស ឬ​នីតិវិធី​នៃ​ការវាយតម្លៃ​អនុលោមភាព​ និង​មិនមាន​ការជូនដំណឹង​ជាមុន​ដល់​ម្ចាស់​ទីតាំង ឬ​តំណាង​ស្របច្បាប់​នោះ​ឡើយ​»​។

ប្រកាស​នេះ​បញ្ជាក់ថា មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​អាច​ចូល​បំពេញ​ការងារ​នៅក្នុង​ទីតាំង​បាន លុះត្រាតែ​មាន​ការចូលរួម​ ឬ​មាន​វត្តមាន​ម្ចាស់​ទីតាំង ឬ​តំណាង​ស្របច្បាប់ ហើយ​ទីតាំង​កំពុង​ដំណើរការ​។ មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ត្រូវ​ចូល​បំពេញការងារ​នៅក្នុង​ទីតាំង ដោយ​បើកចំហ​ជា​សាធារណៈ និង​នៅក្នុង​ម៉ោង​បំពេញ​ការងារ គឺ​ចាប់ពី​ម៉ោង ៦ ព្រឹក ដល់​មុន​ម៉ោង ១៨ ល្ងាច​។ ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​នៅតាម​ទីតាំង​អាច​ធ្វើឡើង​នៅក្រោយ​ម៉ោង ១៨ ល្ងាច និង​មុន​ម៉ោង ៦ ព្រឹក​បាន លុះត្រា​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ជាមុន​។

-​ក្នុងករណី​ពិនិត្យឃើញ​ថា ដំណើរការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សំណង់​ផ្លូវថ្នល់ ឬ ការប្រកប​អាជីវកម្ម​លើ​វិស័យ​ផ្លូវថ្នល់ មិន​អនុលោម​តាម​លិខិតអនុញ្ញាត ​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ បទប្បញ្ញត្តិ​បច្ចេកទេស ឬ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​អាច​ចាត់វិធានការ​ប្រមូល​ និង​ដកហូត​ភ័ស្តុតាង​ពាក់ព័ន្ធ​ផ្សេងៗ និង​ធ្វើ​កំណត់ហេតុ​ភ្លាមៗ​នៅ​នឹង​កន្លែង ដោយមាន​ការចូលរួម​ពិនិត្យ​ពី​ម្ចាស់​ទីតាំង ឬ​អ្នកតំណាង​ស្របច្បាប់​លើ​កំណត់ហេតុ​នោះ​។ ចាត់វិធានការ​ផ្អាក​ជាប​ណ្ដោះ​អាសន្ន​នូវ​សកម្មភាព​ដែល​បាន​បង្ក ឬ​បណ្តាលឱ្យ​កើតមាន​ការរំលោភ​អនុលោមភាព​នៃ​បទប្បញ្ញត្តិ​។ រៀបចំ​របាយការណ៍​ជូន​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ និង​លើកសំណើ​ចាត់វិធានការ​មួយ ឬ​ច្រើន​ដូចជា​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ផ្អាក​សកម្មភាព​នៅក្នុង​ទីតាំង​ជា​បណ្តោះអាសន្ន ឬ​ដកហូត​អាជ្ញាប័ណ្ណ ដកហូត​ទុក​បណ្ដោះអាសន្ន​នូវ​សម្ភារ​បរិក្ខារ គ្រឿងចក្រ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​ចាត់​វិធានការ​ផ្សេងទៀត​តាម​ការចាំបាច់ ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។ ក្នុងករណី​មិន​ឯកភាព​ចំពោះ​វិធានការ ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់ ម្ចាស់​ទីតាំង ឬ​អ្នកតំណាង​ស្របច្បាប់​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់​យ៉ាងយូរ ៣០ (​សាមសិប​) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ បន្ទាប់ពី​ថ្ងៃ​ទទួលបាន​ការជូនដំណឹង​អំពី​វិធានការ​នៃ​ការព្រមាន​របស់​មន្ត្រី​ជំនាញ​។ ក្នុងករណី​បាន​ពិនិត្យឃើញ​ដំណើរការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សំណង់​ផ្លូវថ្នល់ ឬ​ការប្រកប​អាជីវកម្ម​លើ​វិស័យ​ផ្លូវថ្នល់ មិន​ត្រឹមត្រូវ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ បទប្បញ្ញត្តិ​បច្ចេកទេស ឬ​លិខិតបទដ្ឋាន​គតិយុត្ត​ណាមួយ​ដែល​គ្រប់គ្រាន់​សម្រាប់​ការពិន័យ​អន្តរការណ៍​មន្ត្រី​អធិការកិច្ច​ផ្លូវថ្នល់​ត្រូវ​រៀបចំ​របាយការណ៍​ជូន​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់​ដើម្បី​ពិនិត្យ​ និង​សម្រេច​។

ប្រកាស​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​លើ​ការគ្រប់គ្រង ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ការធានា​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព​ស័ក្ដិសិទ្ធិ​ភាព និង​បរិស្ថាន​ល្អ​សំដៅ​បង្ការ និង​ទប់ស្កាត់​រាល់​អំពើ​ល្មើស​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង លិខិតបទដ្ឋាន​គតិយុត្ត​៕