ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា​នៅ ប៊ឺកលី សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី ​២៣ កុម្ភៈ​នេះ​បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​គម្រោង​ «​អភិវឌ្ឍន៍​ជំនាញ​ការងារ​ឌីជីថល​» រយៈពេល​ ៥​ ឆ្នាំ​ក្រោម​មូលនិធិ ១៥ លាន​ដុល្លារ​អាមេរិក​ផ្ដល់​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បីឱ្យ​យុវជន​កម្ពុជា​ទទួល​បាន​នូវ​ជំនាញ​ក្នុង​ការប្រកួតប្រជែង​លើ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​។ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ការប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង «​អភិវឌ្ឍន៍​ជំនាញ​ការងារ​ឌីជីថល​» ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W.Patrick Murphy កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ​នេះ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង រាជធានី ភ្នំពេញ​។

«​គម្រោង​នេះ​នឹង​ពង្រឹង​ជំនាញ​ឌីជីថល​របស់​យុវជន​ និង​អ្នកជំនាញ​របស់​កម្ពុជា ដើម្បីឱ្យ​ប្រទេស​កម្ពុជា​អាច​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក ដែល​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​កាន់តែខ្លាំង និង​ត្រូវការ​ជំនាញ​ការងារ​ឌីជីថល​»​។ យោងតាម​សេចក្ដីប្រកាស​។

សេចក្ដី​ប្រកាស​បានឱ្យដឹង​ថា គម្រោង​ថ្មី​នេះ​នឹង​ធ្វើការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​កម្ពុជា ដើម្បី​ពង្រឹង​វគ្គសិក្សា និង​កម្មវិធី​នានា​សម្រាប់​និស្សិត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ស្ថាប័ន​ទាំងនោះ​ឱ្យបំពេញ​តាម​ស្តង់ដា​អប់រំ ដែលមាន​ការទទួលស្គាល់ ដូច្នេះ​និយោជក​អាច​ជ្រើសរើស​និស្សិត​បញ្ចប់​ការសិក្សា​នៅ​កម្ពុជា​ដោយមាន​ទំនុកចិត្ត​។

បើតាម​សេចក្ដី​ប្រកាស អាហារូបករណ៍ និង​ឱកាស​បង្កើត​បណ្តាញ នឹង​ជា​អាទិភាព​មួយ​សម្រាប់​គម្រោង​ថ្មី​នេះ ដើម្បីឱ្យ​និស្សិត យុវជន​កម្ពុជា​អាច​កសាង​ជំនាញ និង​ស្វែងរក​ឱកាស​ការងារ​ដែល​ត្រូវ​នឹង​ការអប់រំ​របស់​ពួកគេ​។

គម្រោង​នេះ​នឹង​ត​ភ្ជាប់​វិស័យ​ឯកជន​របស់​កម្ពុជា និង​សាកលវិទ្យាល័យ​ក្នុងស្រុក​ជាច្រើន​ដោយ​បង្កើត​ឱកាស​ការងារ​តាមរយៈ​ការចុះ​កម្មសិក្សា​ក្នុង​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​។ គម្រោង​នេះ​នឹង​ផ្តល់​អាទិភាព​ខ្ពស់​លើ​បរិយាប័ន្ន ដើម្បី​ធានាថា​យុវជន​មកពី​គ្រប់​មជ្ឈដ្ឋាន​អាច​ទទួលបាន​ឱកាស​ដែល​គម្រោង​នេះ​នឹង​ផ្ដល់ឱ្យ​។

លោក ហង់ជួន ណារ៉ុន ថ្លែង​ក្នុងពេល​ធ្វើជា​អធិបតី​ការ​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​នេះ ដោយបាន​បញ្ជាក់ថា គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​កែលម្អ​លទ្ធផល​អប់រំ​សម្រាប់​យុវជន និង​អ្នកជំនាញ​របស់​កម្ពុជា​ដើម្បីឱ្យ​ប្រទេស​កម្ពុជា​អាចឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក​។

លោក ហង់ជួន ណារ៉ុន ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការកើនឡើង​នៃ​ការងារ​ដែល​ពឹង​ផ្អែកលើ​ចំណេះដឹង​នៅ​ទូទាំង​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​យុវជន និង​និស្សិត​បញ្ចប់​ការសិក្សា​នៅ​កម្ពុជា​សម្រាប់​ការពិត​នៃ​សេដ្ឋកិច្ច​ក្នុងពេល​ថ្មី​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀតថា​៖ «​យើង​ស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ការងារ​ឌីជីថល​របស់ USAID ព្រោះ​វា​នឹង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុងប្រទេស​កម្ពុជា ដើម្បី​កែលម្អ និង​ពង្រឹងគុណភាព​នៃ​កម្មវិធីសិក្សា និង​ការផ្តល់ជូន​វគ្គ​សិក្សា​ទាក់ទង​នឹង​ជំនាញ ICT និង​លើកកម្ពស់​លើ​ការកែលម្អ​ជំនាញ​ទន់​ដែលមាន​សារៈសំខាន់​សម្រាប់​ការងារ​នៅក្នុង​ទីផ្សារការងារ​»​។

លោក​រដ្ឋមន្ដ្រី​បានលើកឡើង​ទៀតថា ក្រសួង​អប់រំ​នឹង​ជួយ​ណែនាំ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​នៅ​ប៊ឺកលី និង​មូលនិធិ​អាស៊ី​ស្តីពី​ការកំណត់​មុខ​ជំនាញ​សិក្សា​អាទិភាព និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​វាយតម្លៃ​។ ​ក្រសួង​ក៏​នឹង​ធ្វើជា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ជាមួយនឹង​ការធានា​គុណភាព និង​ការស្រាវជ្រាវ​​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់ USAID និង​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​នៅ​ប៊ឺកលី ដែល​បានផ្តល់​មូលនិធិ និង​អនុវត្ត​គម្រោង ៥ ​ឆ្នាំ ដ៏សំខាន់​នេះ​ស្តីពី​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ឌីជីថល​។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ​សំខាន់ៗ​នៃ​គម្រោង​នេះ​»៕