សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ជំរុញ​ឱ្យ​រួមគ្នា​បន្ត​អនុវត្ត​ជំហាន​ចុងក្រោយ​ដើម្បី​ឈាន​ទៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​ផ្លាស់​ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម​នៅ​ឆ្នាំ​ ២០២៣ ​ខាងមុខ ថ្វីបើ​ចាប់ពី​ ២០១៨ ដល់​ ២០២១ ក្រសួង​អះអាងថា កម្ពុជា​គ្មាន​ករណី​ស្លាប់​ដោយ​ជំងឺ​នេះ និង​ករណី​ឈឺ​មានការ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់​ក៏ដោយ​។

ការអះអាង​យ៉ាង​ដូច្នេះ​បានធ្វើ​ឡើង​ពី​ថ្ងៃទី​ ២២ ខែកុម្ភៈ នៅ​ខេត្តសៀមរាប​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ ​និង​លើក​ទិសដៅ​ឆ្នាំ ​២០២២ ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ​។

លោក ​ម៉ម ប៊ុនហេង បាន​ថ្លែង​ដោយ​ជំរុញ​ដល់​មន្ដ្រី​សុខាភិបាល​ទូទាំង​ប្រទេស​ឱ្យ​បន្ដ​ខិតខំ​យក​ចិត្ដ​ទុកដាក់​ និង​ពង្រឹង​សកម្មភាព​អនុវត្ត​ជំហាន​ចុងក្រោយ​ឆ្ពោះទៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​ប្លាស់ស្មូដ្យូម​ហ្វាល់ស៊ីប៉ារ៉ូម​នៅ​ឆ្នាំ​ ២០២៣​។ ​លោក​បន្តថា ចំនួន​អ្នកជំងឺ​ប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម​ថ្វីដ្បិតតែ​មាន​ការថយចុះ​ច្រើន តែ​គ្រប់គ្នា​ត្រូវ​ពង្រឹង​បន្ថែមទៀត ជាពិសេស​សកម្មភាព​អនុវត្ត​ជំហាន​ចុងក្រោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចូលរួម​ចំណែក​យ៉ាងសកម្ម​ពី​មន្ដ្រី​ពាក់ព័ន្ធ​នេះ គឺជា​ភាពចាំបាច់​បំផុត​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល ជាពិសេស​គឺ​ជំហាន​ចុងក្រោយ​លុបបំបាត់​ឱ្យបាន​នូវ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម​នៅ​ឆ្នាំ​ ២០២៣»​។

ជាមួយ​នឹង​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​នេះ លោក​ ម៉ម ប៊ុនហេង ​បាន​ណែនាំ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ត្រូវ​ពិនិត្យ​តាមដាន​ស្ថានភាព​ជំងឺ​ឱ្យទាន់​ពេលវេលា​រាល់ ​២៤ ​ម៉ោង និង​មាន​វិធានការ​ឆ្លើយតប​បន្ទាន់​តាម​វិធីសាស្ត្រ ១-៣-៧ (​រកឃើញ​ករណី​វិជ្ជមាន​ត្រូវ​ព្យាបាល​ និង​កំណត់​ភូមិសាស្ត្រ​សម្បុក​ចម្លង និង​ឆ្លើយតប​កម្ចាត់​សម្បុក​បង្ក​ជំងឺ​)​។

លោក​បាន​ណែនាំ​បន្តថា​៖ «​ត្រូវ​ចូលរួម​ប្រតិបត្តិ​ឱ្យមាន​ប្រសិទ្ធភាព​នូវ​វិធីសាស្ត្រ​ជំហាន​ចុងក្រោយ “​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម​ត្រឹម​ឆ្នាំ​ ២០២៣”​ លើ​គោលដៅ​ប្រជាជន​ចេញ​ចូលទៅ​តំបន់​ប្រឈម​ជំងឺគ្រុនចាញ់ ដូចជា អ្នក​ប្រកបរបរ អ្នក​ទៅ​បោះជំរំ​ ឬ​អ្នកទេសចរ​កម្សាន្ត​ក្នុងព្រៃ​/​ភ្នំ ជាដើម​។ ពី​ពេលនេះ​ទៅ​ខ្ញុំ​សូម​លើក​ទឹកចិត្ត និង​អញ្ជើញ​ក្រសួង​ទេសចរណ៍​ចូលរួម​គាំទ្រ​សកម្មភាព​របស់​កម្មវិធី​ឱ្យបាន​ទូលំទូលាយ​ផង​ជា​ចាំបាច់​»​។

បន្ថែម​ពីនេះ​គឺ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្របដណ្តប់​មុង​ជ្រលក់​ថ្នាំ​ដល់​ប្រជាជន​ចល័ត និង​ចំណាកស្រុក​ឱ្យបាន​ ១០០ ​ភាគរយ ពិសេស​តាមរយៈ​អ្នកស្ម័គ្រចិត្ត​ព្យាបាល​ជំងឺគ្រុនចាញ់​ចល័ត​ហើយ​ត្រូវ​ពង្រឹង​ និង​ពង្រីក​វិសាលភាព​ការព្យាបាល​ផ្តាច់​ជំងឺគ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់ដោយ​ថ្នាំ Primaquine១៤ ​ថ្ងៃ នៅ​ទូទាំងប្រទេស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ​នេះ​បើតាម​ការណែនាំ​របស់​លោក​ ម៉ម ប៊ុនហេង​។

តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​ និង​បាណក​សាស្ត្រ​បានឱ្យ​ដឹងថា ជំងឺគ្រុនចាញ់​ក្នុង​ឆ្នាំ​ ២០២១ មាន ៤២៧៩ ​ករណី (​អត្រា​អាំង​ស៊ីដង់​ ០,២៦/១០០០​ ប្រជាជន​) ​គឺមាន​ការថយចុះ ៥៤ ​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​ ២០២០ ។

របាយការណ៍​ដដែល​បានឱ្យដឹង​បន្ត​​ថា ក្នុងនោះ​ប្រភេទ​ជំងឺគ្រុនចាញ់​ហ្វាល់ស៊ីប៉ារ៉ូម​ (​ទម្រង់​សន្ធំ​) ​និង​ចម្រុះ ឆ្នាំ​ ២០២១ មាន​ ៣២០ ​ករណី ដែលជា​ចំនួន​កាត់បន្ថយ​យ៉ាងគំហុក ៦៦ ​ភាគរយ​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២០ បានន័យថា ឆ្នាំ​ ២០២១ គឺ​អត្រា​អាំងស៊ីដង់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម​តិចជាង ១ មាន​ ១០០ ​ភាគរយ​ស្រុក​ប្រតិបត្តិ​។

ចំពោះ​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​វិញ របាយការណ៍​នេះ​បាន​អះអាងថា​៖ «​សូន្យ​តាំងពី​ឆ្នាំ ២០១៨ ​មក បានន័យថា សម្រេចបាន​ជោគជ័យ​នូវ​សូចនាករ​អត្រា​ស្លាប់​ ៣ ​ឆ្នាំមុន​គោលដៅ​ឆ្នាំ​ ២០២០​។ ​ករណី​ជំងឺ​គ្រុន​​ចាញ់​មាន​រាយប៉ាយ​ជាប្រចាំ​ពេញ​ ១ ​ឆ្នាំ​ ២០២១ ហើយ​ករណី​ជំងឺ​កើន​ខ្ពស់​ក្នុង​​អំឡុង​ខែមិថុនា​ដល់​ខែសីហា ក្នុងស្រុក​ប្រតិបត្តិ ៥៥ នៃ​ ២១ ​ខេត្ត​ប្រឈម​»​។

សូមជម្រាបថា តាម​របាយការណ៍​នេះ​អត្រា​អាំងស៊ីដង់​ជំងឺគ្រុនចាញ់​គ្រប់ប្រភេទ​ក្នុងចំណោម​ប្រជាជន​ ១ ០០០ ​នាក់ តិចជាង​ ១ មាន​ ៩១ ​ភាគរយ​ស្រុក​ប្រតិបត្តិ​និង​អត្រា​អាំងស៊ីដង់​ជំងឺ​ធំ​ជាង ឬ​ស្មើ ១ នៅសល់តែ​ ៩​ ស្រុក​ប្រតិបត្តិ ដែល​ចុះ​ពី​ឆ្នាំ​ ២០២០ មាន​ ១១ ស្រុក​ប្រតិបត្តិ​ និង​ឆ្នាំ​ ២០១៩ មាន​ ២៥ ស្រុក​ប្រតិបត្តិ​។

ស្រុក​ប្រតិបត្តិ​ចំនួន​ ៩ ដែលមាន​អត្រា​អាំងស៊ីដង់​ជំងឺ​ខ្ពស់​មានស្រុក​ប្រតិបត្តិ​សែនមនោរម្យ​ (​អត្រា​អាំងស៊ីដង់ ​៤,៩២) ស្រុក​ប្រតិបត្តិ​ស្ទឹងត្រែង (​អត្រា​អាំងស៊ីដង់​ ២,៧០) ​ស្រុក​ប្រតិបត្តិ​ក្រវាញ (​អត្រា​អាំងស៊ីដង់ ២,៤២) ស្រុក​ប្រតិបត្តិ​ភ្នំស្រួច ​(​អត្រា​អាំងស៊ី​ដង់ ២,១៩) ស្រុក​ប្រតិបត្តិ​កំពង់ស្ពឺ (​អត្រា​អាំងស៊ីដង់​ ២,១៦) ស្រុក​ប្រតិបត្តិក្រគរ​ (​អត្រា​អាំងស៊ីដង់ ​២,១៦) ស្រុក​ប្រតិបត្តិ​បានលុង​ (​អត្រា​អាំងស៊ីដង់​ ១,៨១) ស្រុក​ប្រតិបត្តិ​ឧដុង្គ (​អត្រា​អាំងស៊ីដង់​ ១,១៣) ​និង​ស្រុក​ប្រតិបត្តិ​ក្រចេះ ​(​អត្រា​អាំង​ស៊ី​ដង់​ ១,០១)​។

នេះ​បើតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណក​សាស្ត្រ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួលបាន​៕