ភ្នំពេញ: អន្តរក្រសួង​ និង​ធនាគារ​ពិភពលោក​ (WB) កំពុង​សិក្សា​រៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក នៅក្នុង​ក្រុង​ និង​ស្រុក​នៅក្នុង​ខេត្ត​ចំនួន​ ៥ ក្រោម​ការផ្ដល់​ហិរញ្ញប្បទាន​ពី WB ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៦០ ​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។

លោក នូវ និត ប្រធាន​ការិយាល័យ​មុខងារ​ និង​ធនធាន​នៃ​មុខងារ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ​ថា គម្រោង​នេះ​បាននិង​កំពុង​សិក្សា និង​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ចរចា​បញ្ចប់​គម្រោង​នេះ​នៅ​អំឡុង​ខែមីនា ឆ្នាំ ​២០២២ មុននឹង​ចាប់ផ្តើម​អនុវត្ត​។ គម្រោង​នេះ​អនុវត្ត​ដោយ​អន្តរក្រសួង​រួមមាន ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​បរិស្ថាន និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ WB ដោយ​ត្រូវអនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ដូចជា ខេត្តសៀមរាប (​ក្រុង​សៀមរាប​) ខេត្តកណ្តាល (​ក្រុង​តាខ្មៅ​) ខេត្ត​កំពង់ស្ពឺ (​ក្រុង​ច្បារមន​) ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រះសីហនុ​។

បើតាម លោក នូវ និត គម្រោង​នេះ​គាំទ្រ​ថវិកា​ចំនួន ៦០ ​លាន​ដុល្លារ ពី WB​។ គម្រោង​នេះ​ត្រូវបាន​សិក្សា​​ចាប់តាំងពី​ចុងឆ្នាំ​ ២០១៩ ប៉ុន្តែ ដោយសារ​ជំងឺ​កូវីដ​ ១៩ បានធ្វើ​ឱ្យមាន​ភាពយឺតយ៉ាវ​ក្នុងការ​អនុវត្ត​។ ក្រោយ​អនុវត្ត​គម្រោង​នេះ នឹងធ្វើ​ឱ្យ​ក្រុង និង​ស្រុក​នៅក្នុង​ខេត្ត​គោលដៅ​ទាំង ៥ ​នោះ មាន​ទីលាន​ចាក់សំរាម​ត្រឹមត្រូវ និង​ស្តង់ដា​បច្ចេកទេស​ខ្ពស់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​សុខភាព​សាធារណៈ​កាន់តែ​ល្អប្រសើរ ជាពិសេស​អាច​កែច្នៃ​សំរាម​នោះ​ទៅជា​ជីកំប៉ុស​ និង​មាន​កន្លែង​ទុកដាក់​ត្រឹមត្រូវ និង​ដោយ​ធ្វើការ​ញែក​ប្រភេទ​សំរាម​ចេញពី​គ្នា​។

លោក​ថ្លែងថា​៖ «​ធម្មតា​សំរាម​នៅពេលដែល​យើង​ចាក់​នៅ​ទីវាល​ ឬ​រណ្តៅ វា​នឹង​ជះក្លិន​ដល់​ប្រជាពលដ្ឋ​ដែល​នៅ​​ជិតខាង និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខុមាលភាព​ពលរដ្ឋ​ និង​ធ្វើឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​ប្រឡាយ បឹងបួ ជាដើម​។ ដូច្នេះ គម្រោង​នេះ​នឹងចូលរួម​ការពារ​ទាំងអស់ ព្រោះ​មាន​លូ​ដែល​គេ​ធ្វើ​រួចហើយ​»​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ បង្ហាញថា អន្តរក្រសួង​បាន​សហការ​ជាមួយ​ក្រុម​ការងារ WB លោក​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន ជាច្រើនលើក និង​បាន​ចូលរួម​ពិនិត្យ​ផ្តល់យោបល់​លើ​របាយការណ៍​សិក្សា និង​ឯកសារ​រៀបចំ​គម្រោង​មួយចំនួន​រួមមាន ១- ឯកសារ​ក្របខ័ណ្ឌ​គ្រប់គ្រង​បរិស្ថាន និង​សង្គម ២-​របាយការណ៍​ស្ដីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​​សង្គម​បឋម សម្រាប់​ជម្រើស​សាងសង់​ទីលាន​ទុកដាក់​សំរាម​ខេត្តសៀមរាប ៣- ​ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការតាំង​ទីលំនៅ​ថ្មី ៤-​ ឯកសារ​ក្របខ័ណ្ឌ​ផែនការ​ជនជាតិដើម​ភាគតិច និង​ ៥- ឯកសារ​គោលនយោបាយ​គ្រប់គ្រង​ការងារ​។

រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ក្នុង​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ និង​ការអភិវឌ្ឍ​ទីប្រជុំជន ប្រកបដោយ​សោភណភាព ចីរភាព និង​សុខុមាលភាព​។ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ក្រុង-ស្រុក​រៀបចំ​ទីលាន​ផ្ទាល់ ឬ​ទីលាន​តំបន់​ដែល​អាច​គ្រប់គ្រង​សំរាម​មាន​ប្រសិទ្ធភាព និង​អាច​ទាញ​ធនធាន ដើម្បី​ចូលរួម​បង្កើន​សេដ្ឋកិច្ចជាតិ​។

រាជរដ្ឋាភិបាល​បាន​បង្កើត​សហគ្រាស​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ និង​ទីលាន​ទុកដាក់​សំរាម​សំណល់​រឹង​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​ឆ្នាំ​ ២០២០ ដែលមាន​បេសកកម្ម​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ និង​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង​៕