ភ្នំពេញៈ ​តុលាការ​កំពូល​នៅ​ថ្ងៃទី ​២៣ ​កុម្ភៈ​បានប្រកាស​សាលដីកា​ភ្លាមៗ​បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​ប្រមាណ​ជា​ ១ ​ម៉ោង​ដោយ​សម្រេច​ច្រានចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ពាក់ព័ន្ធ​សរសេរ​ខិត្តប័ណ្ណ​ប្រមាថ​សម្លាប់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រព្រឹត្ត​កាលពី​ខែសីហា​ឆ្នាំ​ ២០២១ នៅ​ភូមិ​ទួលពង្រ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

បន្ទាប់ពី​បញ្ចប់​សវនាការ និង​ក្រោយពី​ថយ​ទៅ​ពិភាក្សា​ប្រមាណ​ជាង​ ១០ ​នាទី​ក្រោយមក លោក​ចៅក្រម ជីវ កេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ហើយ​ដែល​បានផ្តល់​សិទ្ធិ​ដល់​លោក​ចៅក្រម ១ រូប​ទៀត បាន​អាន​សាលដីកា​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ាវ រ៉ាវី ភេទ​ប្រុស អាយុ​ ៤៨ ​ឆ្នាំ​។

ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ស្តាប់​សារ​ណា​របស់​ជន​ត្រូវ​ចោទ ដែល​មេធាវី​អវត្តមាន​ក្នុង​សវនាការ និង​ក្រោយពី​បាន​ស្តាប់​សេចក្តីសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ តុលាការ​កំពូល​ពេល​បើកសវនាការ​ជំនុំជម្រះ និង​ក្រោយពី​បាន​​ពិភាក្សាគ្នា​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញថា ប្រការ​ដែល​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​នៅក្រៅ​ឃុំ​នេះ​ជាការ​ត្រឹមត្រូវ​ហើយ​។

លោក​ថ្លែងថា​៖ «​សាលដីកា​របស់​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ហើយ ហេតុដូច្នេះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​ឧទ្ធរណ៍​ភ្នំពេញ​នៅ​ដដែល​»​។

តាម​អង្គហេតុ​របស់​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​បង្ហាញថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ប៉ាវ រ៉ាវី រស់នៅ​ភូមិ​ទួលពង្រ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ជា​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​។ កាលពី​ខែសីហា ឆ្នាំ​ ២០១៩ ជននេះ​បាន​សរសេរ​ខិត្តប័ណ្ណ​ហើយ​ដើរ​ចែក​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​រស់នៅ ដោយ​នៅក្នុង​ខិត្តប័ណ្ណ​នោះ​មាន​សរសេរ​រិះគន់​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​។

អង្គហេតុ​បង្ហាញ​បន្តថា នៅក្នុង​ខិត្តប័ណ្ណ​នោះ​បាន​សរសេរ​គាំទ្រ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ឱ្យ​វិល​ចូល​ស្រុក​វិញ និង​និយាយ​ប្រមាថ​សម្លាប់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ប៉ាវ រ៉ាវី ត្រូវ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៦ ​សីហា ឆ្នាំ​ ២០២១ និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​។

សំណុំ​រឿងនេះ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​កាល​ពីថ្ងៃ​ទី ​៣ វិច្ឆិកា ឆ្នាំ​ ២០២១​ ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា​ ៤៩៤ មាត្រា​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ ។ បន្ទាប់មក​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​ឱ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។ ដោយ​មិន​សុខចិត្ត​នឹង​ការសម្រេច​នេះ​ជន​ត្រូវ​ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ហើយ​ត្រូវ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ​បើក​សវនាការ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២២ ធ្នូ ឆ្នាំ​ ២០២១ ​សម្រេច​មិន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ដូច​ការសម្រេច​របស់​តុលាការ​ខេត្តកណ្តាល​៕

វីដេអូ៖