ភ្នំពេញៈ នៅក្នុង​ឆ្នាំ ២០២១ អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​ទូទាំង​ ២៥ រាជធានី​-​ខេត្ត បានផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ជាង ៤៤ ​ម៉ឺន​សេវា និង​ទទួលបាន​ចំណូល​ជាង ២១ ​លាន​ដុល្លារ ខណៈដែល​​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដាក់​ទិសដៅ​ឱ្យ​បន្តធ្វើ​កំណែទម្រង់​វិស័យនេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ផ្តល់​សេវាសាធារណៈ​នៅតាម​មូលដ្ឋាន​។

ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួងមហាផ្ទៃ និង​លទ្ធផល​ការងារ​ប្រឡងប្រណាំង​ការអនុវត្ត​គោលនយោបាយ ​«​ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព​» កាលពី​ថ្ងៃ​ទី​ ២២ ខែកុម្ភៈ លោក ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា អង្គភាព​ច្រកចេញចូល​តែមួយ ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត បាន​ផ្តល់​សេវា​ចំនួន ៤៤២ ១០៨ ​សេវា​លើ ១៤ ​វិស័យ និង​រកចំណូលបាន​ជាង ២១ ​លាន​ដុល្លារ​។

លោក​បន្តថា ដោយឡែក​​ចំពោះ​ការិយាល័យ​ច្រកចេញ-​ចូល​តែមួយ ក្រុង ស្រុក ខណ្ឌ ២០៤ ​គោលដៅ បានផ្តល់​សេវា​រដ្ឋបាល​ចំនួន ៧៥០ ៨៦៩ ​សេវា​​លើ ១៤ ​វិស័យ និង​ទទួលបាន​ចំណូល​ជាង ៣ ​លាន​ដុល្លារ​។

លោក ប៉ោ ភក្តិ បាន​បន្ថែមថា ចំពោះ​ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត ទាំង​ ២៥ ​គោលដៅ​បាន​ទទួល​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ​ចំនួន ១ ៤១៧ ​ករណី ក្នុងនោះ​បណ្តឹង​ក្នុង​សមត្ថកិច្ច ៨៨៥​ ករណី បញ្ចប់​ការដោះស្រាយ ៧៧៩ ​ករណី បណ្តឹង​ក្រៅ​សមត្ថកិច្ច​ចំនួន ២៧០ ​ករណី និង​ព័ត៌មាន​ផ្សេងៗ​មាន​ចំនួន ៣៣ ​ករណី​។ ដោយឡែក​ការិយាល័យ​ប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០ ​គោលដៅ ទទួល​បាន​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ​ចំនួន​ ១១ ៩០៩ ​ករណី ដែល​ក្នុងនោះ​បណ្តឹង​នៅក្នុង​សមត្ថកិច្ច ៣០៥ ​ករណី បណ្តឹង​ក្រៅ​សមត្ថកិច្ច ២១៨ ​ករណី និង​ព័ត៌មាន​ផ្សេងៗ ១១ ៣៨៦ ​ករណី​។

លោក​បន្តថា ក្នុងនោះ​ក្រសួងមហាផ្ទៃ​បានផ្តល់​ការគាំទ្រ​ដល់​ការជ្រើសរើស​ប្រធាន និង​អនុប្រធានការិយាល័យ​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ​ដល់​ប្រធាន អនុប្រធាន ​និង​មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​បង្កើតឡើង​ទាំង​ថ្នាក់​រាជធានី-​ខេត្ត និង​ថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បី​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹងតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការបំពេញ​ការងារ និង​ផ្តល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

ជាមួយ​គ្នានេះដែរ លោក ប៉ោ ភក្តិ បានដាក់​ទិសដៅ​ការងារ​ដោយ​បន្ត​ខិតខំ​ជំរុញ​ការអនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការអនុវត្ត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី ២ ឆ្នាំ​ ២០២១-២០៣០ ​និង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​។ លោក​បន្តថា​៖ ​​«​បន្ត​ខិតខំ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន សំដៅ​ធានា​ការលើកកម្ពស់ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​រៀបចំ​គោល​ការណ៍​បែបបទ និង​នីតិវិធី​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យមាន​ភាពសាមញ្ញ និង​ងាយស្រួល​ និង​មាន​សុពលភាព​ក្នុងការ​អនុវត្ត​។ បន្ត​សហការ ផ្សព្វផ្សាយ ផ្តល់​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ទើប​ជ្រើសរើស​ថ្មី និង​មន្ត្រី​កំពុង​បំពេញការងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​អំពី​គោលការណ៍ និង​លិខិត​បទដ្ឋាន​ថ្មីៗ​ទាក់ទិន​នឹង​ការអនុវត្ត​ការងារ​។

លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​បាន​ថ្លែងថា ការធ្វើកំណែទម្រង់​ក្នុងការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​បរិយាប័ន្ន ជាពិសេស​ភាពងាយស្រួល​មិន​សាំញ៉ាំ ឆាប់រហ័ស តាមរយៈ​យន្តការ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ពិតជា​កំណែទម្រង់​ដ៏ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ច័ន្ទរឿន ធ្លាប់​ថ្លែងថា តាម​ការសង្កេត​របស់​លោក ច្រកចេញចូល​តែមួយ​នេះ ជា​កន្លែង​ដែល​ផ្តល់​សេវាកម្ម​ផ្នែក​រដ្ឋបាល​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។

លោក ប៉ា ច័ន្ទរឿន ថ្លែងថា​៖ «​ដូច្នេះ​ប្រសិនបើ​ពង្រីក​វិសាលភាព​ទំហំ​ការងារ និង​ប្រសិទ្ធភាព​ការងារ​នៅ​ច្រក​នេះ​ឱ្យបាន​មួយកម្រិត​ទៀត​ជាការ​ល្អ​ក្នុង​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​ជា​បទពិសោធ​កន្លងមក ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​នោះ​គាត់​ពេញចិត្ត ដោយសារ​នៅ​ទីនោះ​មាន​ព័ត៌មាន​គ្រប់គ្រាន់​»​។

លោក​បន្តថា ច្រកចេញចូល​តែមួយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច​នៅ​មូលដ្ឋាន ហើយ​លោក​ជំរុញ​ដល់​មន្ត្រី​បន្ត​ពង្រឹង​ប្រសិទ្ធភាព​បន្ថែមទៀត ចៀសវាង​មានការ​រិះគន់ ឬ​ថ្នាំងថ្នាក់​ពី​ពលរដ្ឋ​មូលដ្ឋាន​៕