ពោធិ៍សាត់ៈ ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​កំពុង​រៀបចំ​កែលម្អ​សួនច្បារ ដាក់​ភ្លើងពណ៌ លាបថ្នាំ នៅតាម​ខឿន រៀបចំ​ផ្លូវ​កៅស៊ូ សំខាន់ៗ រៀបចំ​បណ្តាញ​លូ ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ និង​រៀបចំ​កែលម្អ​ការដាក់​ស្លាក​ផ្សព្វផ្សាយ​ឱ្យមាន​របៀបរៀបរយ​ក្នុង​ទីក្រុង ដើម្បី​សោភណភាព​ស្អាត ដោយ​រំពឹងថា​នឹង​ឈ្នះ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទទួលបាន​រំដួល ៣ ​ទង​។

លោក លាង ទិតដ្ឋាន ប្រធាន​មន្ទីរព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ថា ក្នុង​រយៈពេល​ជាង ​៤ ​ខែ​មកនេះ ក្រោម​ការដឹកនាំ​របស់​លោក​ ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់​ថ្មី​កំពុង​មាន​ការកែលម្អ​សួនច្បារ​ប្រប​មាត់​ស្ទឹង រៀបចំ​ភ្លើងពណ៌ លាបថ្នាំ​ពណ៌​តាម​ខឿន ក៏ដូចជា​រៀបចំ​ថ្នល់​កៅស៊ូ​ដែលជា​ផ្លូវ​អាទិភាព​សំខាន់​នៅក្នុង​ក្រុង​ពោធិ៍សាត់ ព្រមទាំង​បណ្តាញ​លូ​ផងដែរ​។

លោក​ប្រាប់ថា ការរៀបចំ​កែលម្អ​សោភណភាព​ក្រុង​នេះ ​ក្នុង​គោលបំណង​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កម្សាន្ត​ផងដែរ​។

លោក លាង ទិតដ្ឋាន ឱ្យដឹងទៀតថា​ក្នុងការ​កែលម្អ​ទីក្រុង​នេះ រដ្ឋបាលខេត្ត​ក៏មាន​ការរៀបចំ​ឱ្យមាន​កន្លែង​ទុកដាក់​សំណល់​សំរាម​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ ក៏ដូចជា​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ និង​រៀបចំ​កែលម្អ​ការដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ឱ្យមាន​ការផ្លាស់ប្តូរ​ថ្មី និង​មាន​របៀបរៀបរយ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការធ្វើ​នេះ​គឺ​ដើម្បី​ជួយ​ជំរុញ ក៏ដូចជា​ការវាយតម្លៃ​ដល់​ទីក្រុង​ស្អាត​របស់​យើង​ដែល​យើង​តែងតែ​ខំប្រឹងប្រែង​គ្រប់​ស្ថាប័ន​ទាំងអស់ គឺ​ដើម្បីឱ្យ​ខេត្ត​យើង​ទទួលបាន​រំដួល​ ៣ ​ទង ព្រោះ​កន្លងមក យើង​បានតែ​ ២ ​ទង​ទេ ហើយ​សង្ឃឹមថា ឆ្នាំនេះ​មានការ​ផ្លាស់ប្តូរ​ច្រើន​អ៊ីចឹង យើង​អាច​ទទួល​ ៣ ​ទង​»​។ លោក ទិតដ្ឋាន ប្រាប់ថា លោក​អភិបាលខេត្ត​ឱ្យ​ផ្តោតលើ​ការដាក់​អំពូល​ភ្លើង LED រៀប​ដាក់​តាម​ដងផ្លូវ​ដែលមាន​អំពូល​បំភ្លឺ និង​ភ្លើងពណ៌​នៅ​ដងផ្លូវ​សំខាន់ៗ ជាក់ស្តែង​មាន​ការដាក់​រួចរាល់​នៅ​ផ្លូវ​ ១០១ និង​ផ្លូវ ១០២ និង​ផ្លូវ​ដទៃ​ផ្សេងទៀត​កំពុង​បន្ត​ដាក់​រហូតដល់​ពេញ​ទីក្រុង​។

តាម​ការណែនាំ​របស់​អភិបាលខេត្ត គឺ​មិន​ត្រឹមតែ​នៅក្នុង​ក្រុង​ទេ​ដែល​ត្រូវ​រៀបចំ​ដាក់​អំពូល​ភ្លើង​ឱ្យ​ភ្លឺ​គ្រប់កន្លែង សូម្បី​នៅតាម​បណ្តា​ស្រុក​ក៏​នឹងត្រូវ​រៀបចំ​ដាក់​អំពូល​ភ្លើង​ផងដែរ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​ដឹង​ពី​ចំនួន​អំពូល​ទេ ប៉ុន្តែ​បើតាម​ប្រសាសន៍​របស់គាត់​ [​អភិបាលខេត្ត​] ​គាត់​នឹង​រៀបចំ​ឱ្យ​ភ្លឺ​ទាំង​អស់ទាំង​នៅក្នុង​ក្រុង ក៏ដូចជា​នៅតាម​បណ្តា​ស្រុក​»​។

លោក ស៊ីម រតនៈ ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​ក្រុង​ពោធិ៍សាត់​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ថា លោក​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរខេត្ត ចំពោះ​ការរៀបចំ​កែលម្អ​ក្រុង​ឱ្យ​កាន់តែ​ស្អាត ជាពិសេស​គឺ​ការរៀបចំ​ដាក់​ឱ្យមាន​ភ្លើង​បំភ្លឺ​ផ្លូវ និង​ភ្លើងពណ៌​ផ្សេងៗ ដែល​មើលទៅ​មាន​ភាពទាក់ទាញ និង​ស៊ីវីល័យ​។

លោក​បន្តថា ការរៀបចំ​ឱ្យមាន​ភ្លើង​បំភ្លឺ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ការប្រកប​របររកស៊ី​នៅពេល​យប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ក៏ដូចជា​បង្ក​ភាពងាយ​ស្រួល​ក្នុងការ​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ផងដែរ​។ លោក​ថ្លែងថា​៖ «​អ្នកខ្លះ​គាត់​ធ្វើ​ការងារ​រកស៊ី​ពេលយប់​បើ​មាន​ភ្លើង​មាន​អ៊ីចឹង​វា​ស្រួល ហើយ​បើ​អត់​ភ្លើង​ក៏​ពិបាក​ដែរ ព្រោះ​ត្រូវ​ប្រើ​ម៉ាស៊ីន​ខ្លួនឯង​ទិញ​សាំង​ចាក់ ហើយ​ឥឡូវ​សាំង​ឡើងថ្លៃ​ទៀត អ៊ីចឹង​ត្រូវ​ចំណាយ​ច្រើន តែបើ​គាត់​ដាក់​ភ្លើង​ដាក់​អ៊ីចឹងទៅ​វា​ធូរ​ដែរ​ដោយសារ​ភ្លើង​រដ្ឋ​វា​មិនសូវ​ថ្លៃ​អី​ប៉ុន្មាន​ទេ​»៕