ព្រះសីហនុៈ ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ គ្រោង​បញ្ជូន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២៥ កុម្ភៈ បន្ទាប់ពី​ចាប់ខ្លួនបាន ​២ ​ថ្ងៃ នៅក្រុង​-​ខេត្ត ព្រះសីហនុ ជាមួយ​ម្សៅ​ថ្នាំញៀន​ ១៥​ កញ្ចប់​តូច និង​ច្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ប្រភេទ WY ៤​ គ្រាប់​ទៀត​ ខណៈ​ការដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​បទល្មើស​ផ្សេងៗ​នៅពេល​យប់​ក៏​កំពុង​ត្រូវបាន​ពង្រឹង​ផងដែរ​។​

លោក តាក់ សារិទ្ធ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ ប្រាប់​នៅ​ថ្ងៃទី ​២៤ ​កុម្ភៈ​ថា ជនសង្ស័យ​ឈ្មោះ​ Ma lian Fei ភេទ ប្រុស អាយុ ៤០ ​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ ១ សង្កាត់ ៤ ក្រុង​-​ខេត្ត ព្រះសីហនុ​។ កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​គ្រោង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ​២៥ ​កុម្ភៈ​។​

លោក​ថ្លែងថា​៖ «​ការឃាត់ខ្លួន​ជនសង្ស័យ​គឺ ​នគរបាល​ក្រុងព្រះសីហនុ​ជា​អ្នកអនុវត្ត​ផ្ទាល់​។ នៅ ​​(​ថ្ងៃទី ​២៥ ​កុម្ភៈ​) ​ទើប​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ប៉ុន្តែ​ខាង​ក្រុង​ជា​អ្នកធ្វើ​»​។​

បើ​យោងតាម​គេហទំព័រ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ថ្ងៃទី ​២៣ ខែ កុម្ភៈ ឆ្នាំ ​២០២២​បានសរសេរថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺ​ដឹកនាំ​បញ្ជាពី​លោក​ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ ចំពោះ​ជនសង្ស័យ​រូបនេះ​ត្រូវបាន​កងសន្តិសុខ ឆាយ​ណា​ថោ​ន ​(​ឈ្មោះ​ទីតាំង​) ស្ថិតនៅ​ភូមិ​ ៦ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​រាយការណ៍​មក កម្លាំង​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​ឃាត់ខ្លួន។

ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ១៥ កញ្ចប់ ច្នាំ​គ្រាប់​ពណ៍​ផ្កាឈូក​ប្រភេទ WY ចំនួន ៤ ​គ្រាប់ ​និង​ទូរស័ព្ទដៃ ​១ គ្រឿង​។​

ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​បទល្មើស និង​ពង្រឹង​សន្តិ​សុខ ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះដែរ លោក​ ជួន ណា​រិន្ទ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២១​ កុម្ភៈ​ថា នគរបាល​ខេត្ត​ព្រះសីហនុ​ កំពុង​ដាក់​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​រក​អ្នកបើកបរ​រថយន្ត​ដែល​ប្រើប្រាស់​សារធាតុ​ញៀន ដើម្បី​ពង្រឹង​សន្តិសុខ​នៅតាម​គោលដៅ​ស្មុគស្មាញ​មួយចំនួន​ក្នុង​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

លោក​ថា ការដាក់​គោលដៅ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​អនុវត្ត​ជារឿយៗ​នេះ​គឺជា​វិធានការ​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ការងារ​នេះ​គឺ មិនមែនជា​ការដាក់​ក​ម្លាំ​ង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ទេ តែ​ជាការ​ត្រួតពិនិត្យ​តាម​ពេលវេលា និង​តាម​ភូមិសាស្ត្រ​ដែល​ លោក​សន្និដ្ឋានថា ​ទីតាំង​នោះ​អាចមាន​បញ្ហា​អ្វីមួយ​កើតឡើង ឬមួយ​អាចមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​តំបន់​ស្មុគស្មាញ​។​

លោក​ថ្លែងថា​៖ «​យើង​ត្រួតពិនិត្យ​នេះ​ពាក់ព័ន្ធ​រក​សារធាតុ​ស្រវឹង​ផង រក​អ្នកប្រើប្រាស់​សារធាតុ​ញៀន និង​ត្រួតពិនិត្យ​រក​អាវុធជាតិផ្ទុះ​ផង នេះ​ជា​ជំនាញ​របស់ខ្ញុំ​តែ​ប៉ុណ្ណឹង​។ យើង​មើល​សភាពការណ៍​បច្ចុប្បន្ន​នេះ​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ច្រើន ហើយ​យើង​ក៏ត្រូវ​រក​អ្នក​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ផង​។ នេះ​គឺជា​វិធានការ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត និង​ជា​វិធានការ​របស់​ស្នងការ​នគរបាល​ខេត្ត​»៕