ព្រះវិហារៈ លោក​ទេស​រដ្ឋមន្ត្រី ​លី ធុជ ​អនុប្រធាន​ទី១​អាជ្ញាធរ​មីន​បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំប្រថុយ​​ចូលទៅ​តំបន់​ដែល​មិនស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​ច្បាស់លាស់​ និង​មិន​ត្រូវ​ប៉ះពាល់​គ្រាប់មីន ​គ្រាប់បែក​ចង្កោម ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាដាច់ខាត​ ហើយ​ត្រូវ​រាយ​ការណ៍​ជាបន្ទាន់​នៅពេល​បានឃើញ ​បានដឹង​ពី​កន្លែង​មានមីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។

ការអំពាវ​នាវ​របស់​លោក​លី ធុជ ​បែបនេះ​ធ្វើឡើ់ង ​ខណៈ​លោក​ចុះ​ដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ការអប់រំ ​ការយល់ដឹង​អំពី​មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិងហារ ​នាថ្ងៃ​ទី២៣ ​ខែកុម្ភៈ ​ដែល​ការលើក​ផ្ទាំង​ប៉ាណូ​នេះ ​ក្រោមការ​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ ​ពី​លោក​ឧកញ៉ា​ វាន់​ស៊ូអៀង។

លោក​ថ្លែងថា​៖«ក្នុង​នាម​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​[ហ៊ុន សែន] ​និង​ជាប្រធាន​អាជ្ញាធរ​មីន​ ខ្ញុំ​សូមអំពាវ​នាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ មិន​ត្រូវ​ប្រថុយ​ប្រថាន​ចូលទៅ​តំបន់​ដែល​មិន​ស្គាល់​ទីតាំង​ភូមិសាស្រ្ត​ច្បាស់លាស់​ក្នុង​បំណង​ណាមួយ ​ដូចជា​ប្រើប្រាស់​ដី ​រុករក​អនុផល​ព្រៃឈើ​ ធ្វើដំណើរ​ឆ្លងកាត់ ​មិនត្រូវ​ប៉ះពាល់​គ្រាប់​មីន​ គ្រាប់​បែក​ចង្កោម ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ដាច់​ខាត»។

លោក​ក៏បាន​រំឭក​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​រាយ​ការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ​មេឃុំ ​មេភូមិ ​ ប្រតិបត្តិករ​បោស​សម្អាត​មីន​ ឬ​សមត្ថកិច្ច​នគរបាល​ជាបន្ទាន់ ​នៅពេល​បាន​ឃើញ ​បានដឹង ​ពី​កន្លែង​មានមីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ជាមួយ​គ្នានោះ ​លោក​ លី ធុជ ​បាន​ថ្លែង​អំណរ​គុណ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ប្រកប​ដោយ​សប្បុរស​របស់​លោក​ឧកញ៉ា​ វាន់ ស៊ូអៀង ​ដែល​បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ផ្សព្វ​ផ្សាយ​ការយល់​ដឹង​អំពី​មីន ​និង​ការកាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា។

លោក​ថា​ ទោះបី​មាន​កិច្ចខិតខំ​ប្រឹងប្រែង ​លើ​ការងារ​បោស​សម្អាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​យ៉ាង​ណា​ក៏ដោយ ​ក៏គ្រោះ​ថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅតែ​មាន​ជាប្រចាំ ​ដោយ​កត្តា​មួយចំនួន​ រួមមាន ​ការលេង ​ឬ​ច្នៃគ្រាប់ ​ឈរ​មើល​គេ​លេង​គ្រាប់ ​សម្អាត​ដីធ្វើ​កសិកម្ម ចូលព្រៃ​កាប់​ឈើ ​រ​កស្បៀង​អាហារ ​ធ្វើកសិកម្ម ​ ដោះ​មីន​ក្រៅ​ផ្លូវការ ​ ដុតព្រៃ ​ និង​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​មិនស្គាល់​ច្បាស់ ​ជាដើម។

លោក​ទេស​រដ្ឋមន្ត្រី ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៤ ​កុម្ភៈ​ថា ​ការលើក​ផ្ទាំង​ប៉ាណូ​នៅ​ស្រុក​ជាំក្សាន្ត​ នៃ​ខេត្ត​ព្រះវិហារ​នេះ​ ដោយសារតែ​ទីនោះ​មាន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់មីន​ខ្ពស់​ជាង​គេ​នៅ​ខេត្ត​ព្រះវិហារ ​ហើយ​ទីនោះ​ក៏មាន​ចម្ការ​មីន​ច្រើន​ជាង​គេ​ផង​ដែរ។

លោក​ថ្លែងថា​៖«យើង​លើក​នៅ​ហ្នឹង ​ដើម្បី​ជានិ​មិត្តរូប​ ដែល​មាន​គ្រោះថ្នាក់​ច្រើន​ជាង​គេ​នៅ​ខេត្ត​ព្រះវិហារ​ ហើយ​គោល​ដៅ​នៃ​ការលើក​ផ្លាក​ហ្នឹង​គឺ​ដូច​យើង​ដាក់​សញ្ញា​គ្រោះថ្នាក់​ចរាចរណ៍​អ៊ីចឹង។ ការដាក់​ហ្នឹង​ គឺឱ្យ​ប្រជាជន​គាត់​ឃើញ ​ហើយ​ប្រុងប្រយ័ត្ន ​យើង​ដាក់​លេខ​ទូរស័ព្ទ​ ដែល​ត្រូវ​ទាក់​ទង ​សម្រាប់​ងាយស្រួល​ដល់​ពលរដ្ឋ​ទាក់ទង​ពេល​គាត់​ឃើញ​គ្រាប់​រំសេវ»។​

បើ​តាម​លោក​លី ធុជ ​ស្រុក​ជាំក្សាន្ត ​គឺជា​អតីត​សមរភូមិ ​និង​ជាស្រុក​រង​ផល​ប៉ះពាល់​ខ្ពស់​ជាង​គេ ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅ​ខេត្ត​ព្រះវិហារ។ គិត​ត្រឹម​ឆ្នាំ២០២១ ​ផ្ទៃដី​មាន​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ស្រុក​ជាំក្សាន្ត​ប្រមាណ​ជាង​១១២គីឡូ​ម៉ែត្រ​ក្រឡា​ស្មើ​នឹង​៧៨%​ នៃ​ផ្ទៃដី​ទូទាំង​ខេត្ត​ព្រះវិហារ​ប្រមាណ ​១៤៣គីឡូ​ម៉ែត្រ​ក្រឡា ​ត្រូវបាន​បោស​សម្អាត​រួច ​ដោយ​បាន​រកឃើញ ​និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន​២៤ ៨២៧គ្រាប់ ​មីនតោន​ចំនួន​២៤១គ្រាប់ ​និង​សំណល់​ជាតិផ្ទុះ​ពីសង្គ្រាម​ចំនួន​៤៤ ០១៥គ្រាប់។

លោក​បញ្ជាក់ថា​៖«ស្រុក​ជាំក្សាន្ត ​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់​ជាងគេ​ក្នុង​ខេត្ត​ព្រះវិហារ ​មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​សរុប​១ ៣១៨នាក់ ​ក្នុងនោះ​ដោយសារ​មីន​មាន​ចំនួន​១០៤២នាក់ ​ស្មើនឹង​ ៤៤%​ នៃ​ជនរងគ្រោះ​ទូទាំង​ខេត្ត​ព្រះ​វិហារ​ដែល​មាន​ជន​រង​គ្រោះ​ចំនួន​២ ៩៩៥នាក់»។

ក្នុង​ខែមករា ​ឆ្នាំ២០២២​នេះ ​ស្រុក​ជាំក្សាន្ត ​បានរង​នូវ​សោកនាដកម្ម​យ៉ាង​រន្ធត់ ​មាន​គ្រោះថ្នាក់​ចំនួន​២ករណី​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែមួយ​ គឺ​ ថ្ងៃ​ទី១០ ​នៅ​ភូមិ​សែនតេជៈ ​ឃុំមរកត ​ស្រុក​ជាំក្សាន្ត ​បណ្តាលឱ្យ​ស្លាប់​៤នាក់ ​និង​រងរបួស​២នាក់។ ករណី​ទី១ ​គ្រោះថ្នាក់​ដោយ​សារ​មីនតោន​ បណ្តាលឱ្យ​អ្នកដោះ​មីន​នៃ​អង្គការ​ដោះមីន​កម្ពុជា​បាត់បង់​ជីវិត​ចំនួន​៣នាក់ ​និង​រង​របួស​ចំនួន​២នាក់។ ទី២​ គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​បណ្តាលឱ្យ​នាយ​ទាហាន​នៃ​កងពល​តូច​អន្តរាគមន៍​លេខ​៩ ​ចំនួន​១នាក់​បាត់​បង់​ជីវិត។ នេះ​បើ​តាម​ការបញ្ជាក់​បន្ថែម​ពី​លោក​លី ធុជ។

លោក​វុធ ដារ៉ា ​អភិបាល​ស្រុក​ជាំក្សាន្ត ​ថ្លែង​នៅ​ថ្ងៃ​ទី២៤ ​ខែកុម្ភៈ​ថា ​កន្លងមក​ អាជ្ញាធរ​បានយក​ចិត្ត​ទុកដាក់​អប់រំ ​ផ្សព្វផ្សាយ​ជូនដល់​ប្រជា​ពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាបន្ត​បន្ទាប់។ ប៉ុន្តែ​ទោះយ៉ាង​ណា​នៅតែ​មាន​ករណី​គ្រោះថ្នាក់​កើត​ឡើង​ជាបន្ត​បន្ទាប់។ ហេតុ​នេះ ​ការលើក​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នេះ ​គឺ​ដើម្បី​ពញ្ញាក់​ស្មារតី​បន្ថែមទៀត​ឱ្យ​ពលរដ្ឋ​បានដឹង​ថា​ នេះ​ជា​តំបន់​គ្រោះ​ថ្នាក់​ដោយ​គ្រាប់​មិន​ទាន់ផ្ទុះ ​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន។

លោក​ថ្លែងថា​៖«លើក​ប៉ាណូ​អប់រំ ​ផ្សព្វផ្សាយ​ពន្យល់​អប់រំ ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ​តំបន់​ហ្នឹង ​គឺជា​តំបន់​ប្រឈម​មាន​មីន​មិនទាន់​ផ្ទុះ ​កាក​សំណល់​អាវុធ​ជាតិ​ផ្ទុះ​មិនទាន់​ផ្ទុះ ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន។ ព្រោះ​វា​មិន​ឈប់ឈរ​សោះ​ទៅ​ហើយ ​ចេះតែ​ឭ​ទីនេះ​ទីនោះ ​ស្លាប់​តែ​រហូត។ អ៊ីចឹង​ផ្ទាំង​នេះ​ដូច​ប្រកាស​អាសន្ន​អ៊ីចឹង ​ថា​ឱ្យ​យើង​ដឹង ​និង​ប្រយ័ត្ន​ពេល​ចូល​តំបន់​ហ្នឹង ​មុន​ធ្វើ​អី​ត្រូវ​ទាក់ទង​ស៊ីម៉ាក់​ឱ្យ​គេ​ពិនិត្យ​សិន»៕