ភ្នំពេញៈ គម្រោង​រេ​ដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​របស់​ក្រសួងបរិស្ថាន​ដែល​គាំទ្រ​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance កំពុងមាន​ការចូលរួម​យ៉ាង​ផុលផុស​ពី​ប្រជាពលរដ្ឋ​ចំនួន​ ២៩​សហគមន៍​ ឬប្រមាណ​ ៤ ០០០ ​គ្រួសារ នៅក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។ នេះ​បើ​យោងតាមការ​ផ្សព្វផ្សាយ​របស់អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។​

​នៅក្នុង​របាយ​ការ​ណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ អង្គការ​នេះ​បាន​លើកឡើងថា តាមរយៈ​គម្រោង រេ​ដ​បូក ប្រជា​សហគមន៍ បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការពារ ធនធានធម្មជាតិ និង បរិស្ថាន ដោយ​ពួកគាត់​បាន​ផ្លាស់​ទម្លាប់​ពី​ការកាប់​ព្រៃឈើ ចិញ្ចឹមជីវិត មក​ការពារ​ព្រៃឈើ សត្វព្រៃ​និង​បរិស្ថាន ដើម្បី​ទាញយក​ផលប្រយោជន៍ ពី​ធម្មជាតិ មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​វិញ​។​

របាយការណ៍​នេះថា​៖ «​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មាន​មោទនៈភាព​ក្នុងការ​អនុវត្ត​គម្រោង​រេ​ដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​ជាការ​ច្នៃប្រឌិត​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​គ្រប់គ្រង​អាកាសធាតុ​ពិភពលោក​ក៏ដូចជា​បង្កើត​ឱកាស​ជីវភាព​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ផងដែរ​»​។​

បើតាម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ គម្រោង​រេ​ដ​បូក តំបន់​ជួរ​ភ្នំក្រវាញ បានផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្នុង សហគមន៍ ឲ្យ​បន្ត​ការសិក្សា នៅ​មហាវិទ្យាល័យទៀតផង​ដើម្បី​យក​ចំណេះដឹង​ទាំងនោះ មក​អភិរក្ស មូលដ្ឋាន នឹង​ខ្លួន​ឲ្យ​ប្រសើរ​ថែម​ទៀតផង​។​

នៅក្នុង​តំបន់ ជួរ​ភ្នំក្រវាញ ប្រជាពលរដ្ឋ នៅតាម​សហគមន៍​មូលដ្ឋាន​បាន​ពង្រឹង​ការយល់ដឹង លើ​ការគ្រប់គ្រង ធនធានធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ តាមរយៈ ជម្រើស​ផ្សេងៗ ក្រៅពី​ការពឹងផ្អែក លើ​ព្រៃឈើ​ជា​របរ​ចិញ្ចឹមជីវិត យ៉ាង​សមរម្យ ប្រសើរ​ជាង​មុន ដែល​ពឹងផ្អែក តែ​លើ​ការ បរបាញ់​សត្វព្រៃ​និង​កាប់​ព្រៃឈើ តែប៉ុណ្ណោះ​។​

​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​បាន​ពង្រឹង​ការយល់ដឹង​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​តាមរយៈ​ជម្រើស​ផ្សេង​ក្រៅពី​ការពឹង​ផ្អែកលើ​ព្រៃឈើ​ជា​របរ​ចិញ្ចឹម​ជិវិត​។​

លោកស្រី កុយ ឡាយ ​ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត នៅ​ឃុំ​ជី​ផាត​ស្រុក​ថ្មបាំង ខេត្តកោះកុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​បង្កើតជា​សហគមន៍​និង​មានការ​ណែនាំ​ពី​សំណាក់​អង្គការ មន្ត្រី​ពាក់ព័ន្ធ​នានា​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងអស់​នៅក្នុង​សហគមន៍​អ្នកស្រី បាន​បញ្ឈប់​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​និង​បរបាញ់​សត្វព្រៃ​។​

អ្នកស្រី​​ថា​៖ «​កាលពីមុន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យើងខ្ញុំ ភាគច្រើន​នាំគ្នា​ចូល​កាប់​ព្រៃ និង​បរបាញ់​សត្វព្រៃ សម្រាប់​ទ្រទ្រង់​ជីវភាព ប៉ុន្តែ​ឥឡូវនេះ ពួកយើង​បាននាំគ្នា​ប្ដូរ​មុខរបរ​មក​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​មើល​ព្រៃកោងកាង និង​ទស្សនា​សត្វព្រៃ​វិញ ហើយ​ការងារ​នេះ​ធ្វើ​ឲ្យ​ជីវភាព​ពួកយើង​ល្អប្រសើរ​ជាង​មុន​»​។​

អ្នកស្រី កុយ ឡាយ ថ្លែងដោយ គំនិត​សុទិដ្ឋិនិយម​ថា គម្រោងនេះជា​កម្មវិធី​មួយ​ជួយ​ទ្រទ្រង់​បន្ថែមទៀត​ដល់​ជីវភាព​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​របស់​អ្នកស្រី និង​សហគមន៍​ផ្សេងទៀត​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ទាំងមូល​។

អ្នកស្រី​ថ្លែងថា​៖«​ថ្មីៗ​នេះ​មាន​កូនចៅ​របស់​អ្នកភូមិ​យើង​ម្នាក់​ត្រូវបាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែលជា​ដៃគូ​របស់​ក្រសួងបរិស្ថាន ផ្ដល់​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​៤​ឆ្នាំ​។ យើង​រីករាយ​ណាស់ នៅពេល​គម្រោង​នេះ បានផ្ដល់​ក្ដីសង្ឃឹម​ដល់​សហគមន៍​យើង​តាម​មធ្យោបាយ​ជាច្រើន​បែបនេះ​»​។​

អ្នកស្រី ជុំ សុ​កប ប្រធានស្ដីទី​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​តា​តៃ​ក្រោម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​រេ​ដ​បូក តំបន់​ជួរ​ភ្នំក្រវាញ បានផ្ដល់​ក្ដីសង្ឃឹម​ថ្មី​មួយទៀត ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ជីវភាព​រស់នៅ តាមរយៈ​ការនាំ​ភ្ញៀវ​ទស្សនា​ព្រៃ និង សត្វព្រៃ ដ៏​សម្បូរ​បែប​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​។​

អ្នកស្រី​ថ្លែងថា​៖«​តាមរយៈ​គម្រោង​រេ​ដ​បូក​សហគមន៍​យើង​កាន់​តែមាន​ទំនុកចិត្ត​ទៅលើ​ការប្រកប​អាជីវកម្ម​បំរើសេវា​អេកូរ​ទេសចរណ៍ ព្រោះ​គម្រោង​នេះ មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព អាកាសធាតុ​ទេ ថែមទាំង​ធ្វើ​ឲ្យ​យើង​កាន់តែ​ចូលចិត្ត និង​ស្រឡាញ់​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ជីវចម្រុះ និង​បរិស្ថាន​ក្នុង​តំបន់​របស់​យើង​ទាំងមូល​»​។

អ្នកស្រី សុ​កប ថា ចាប់តាំងពី​មានការ​រា​ត្បា​ត​ជំងឺ​កូ​វីដ​១៩​មក ប្រាក់ចំណូល​ពី​ការដឹកនាំ​ភ្ញៀវទេសចរ​បាន​ថយចុះ​ប្រមាណ​៥០​ភាគរយ​ក្នុង​មួយថ្ងៃ ដោយ​បច្ចុប្បន្ន មាន​ភ្ញៀវទេសចរ​ជា​មធ្យម ក្នុង​១​ថ្ងៃ​ម​ប្រមាណ​១០០​នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលមក​ទស្សនា​ទេសភាព​និង វប្បធម៌​ប្រពៃណី របស់​សហគមន៍​រប​ស់​អ្នកស្រី​។

សូមបញ្ជាក់ថា​គម្រោង រេ​ដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​គាំទ្រ​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ជា​គម្រោង​មួយ​ដែល​បានការ​ពារ​ព្រៃ​ទឹកភ្លៀង​ត្រូពិច​ចំនួន ៤៩៧.០០០ ហិកតា​ដោយ​ការពារ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ជាង ៣ លាន​តោន​ក្នុង​មួយឆ្នាំៗ​ដែល​ស្មើនឹង​មួយ​ភាគ​ប្រាំ​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា​៕