ភ្នំពេញៈ​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ នៅ​ថ្ងៃទី២៤ កុម្ភៈ​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ ពិនិត្យ​លើ​ការ​សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ​ដែល​ពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ ​នៅតាម​បណ្ដា​ខេត្ដ ខណៈ​ខេត្ដ​មួយចំនួន​ បានបញ្ចប់​ការវាស់វែង និង​កំពុង​ដាក់​ឯកសារ​ជូន​រដ្ឋាភិបាល​ពិនិត្យ​សម្រេច។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី២៤ កុម្ភៈ​​ថា កិច្ចប្រជុំ​អន្តរក្រសួង​នេះ បាន​ពិនិត្យ លើ​ការសិក្សា និង​ចងក្រង​ឯកសារ​ ទីតាំង​ដី​ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប​ព្រះវិហារ ត្បូងឃ្មុំ និង ឧ​ត្ត​រ​មានជ័យ។

លោក​ថ្លែងថា កិច្ចប្រជុំ​អន្តរក្រសួង​នេះ ​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ស្រុក និង​មេឃុំ​ នៃ​ខេត្ត​ពាក់ព័ន្ធ​ផងដែរ។

លោក ភក្ត្រា ថ្លែងថា៖«លទ្ធផល​នៃ​កិច្ចប្រជុំ គឺ​យើង​បន្ត​ការសិក្សា​បន្ថែមទៀត ហើយ​ពិនិត្យមើល​លើ​កិច្ចការងារ​មួយចំនួន​ដែល​នៅ​សេសសល់ ដែល​យើង​ត្រូវ​បន្តធ្វើ»។

លោក ងួ​ត រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពង់ធំ ថ្លែង​នៅ​ថ្ងៃទី២៤ កុម្ភៈ​​ថា រដ្ឋបាល​ខេត្ដ​កំពង់ធំ តាមរយៈ​ការ​អនុវត្ដ​ការងារ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​ប្រមាណ ២ ឆ្នាំកន្លងមក ស្ដីពី​ការពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ ដែល​ពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ មកដល់​បច្ចុប្បន្ន គឺ​បានបញ្ចប់​រួចរាល់​ លើ​កិច្ចការងារ​នេះ និង​បានដាក់​ឯកសារ​ជូន​រាជរដ្ឋាភិបាល ​ដើម្បី​ពិនិត្យ និង​សម្រេច។

លោក​ថ្លែងថា៖«យើង​បាន​ចូលរួម​ប្រជុំ​ព្រឹក​មិញ (ថ្ងៃទី២៤ កុម្ភៈ​)ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​សម្រាប់​ខេត្ដ​កំពង់ធំ​យើង គឺ​យើង​បានសម្រេច​ទិន្នន័យបឋម​ហើយ យើង​បាន​ចងក្រង​ជា​ព័ត៌មាន​ចំនួន​គ្រួសារ ទីតាំង និង​ផ្ទៃដី ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​រួចហើយ និង​បានធ្វើ​លិខិត​ជូន​ក្រសួង​បរិស្ថាន​រួចរាល់​ហើយ ​នេះ​សម្រាប់​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន»។

លោក ងួន រតនៈ បានឱ្យដឹងថា ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​កំពង់ធំ មាន​ទិដ្ឋភាព​ចំនួន ៣ ទាក់ទង​នឹង​ការពិនិត្យ សិក្សា និង​ចង​ក្រង​ឯកសារ​ទីតាំង​ដី​ នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ ដែល​ពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំនេះ។

ក្នុងនោះ​មាន​ទីតាំង​ដែល​ពលរដ្ឋ​រស់នៅ​ តំបន់​កម្រ​បព្រៃឈើ​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំបន់​ការពារ​ធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ក្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​តំបន់​ដែន​ទន្លេសាប​មួយផ្នែក។

លោក​ថ្លែងថា៖«សម្រាប់​តំបន់ការពារធម្មជាតិ ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ ដែល​ក្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រមាណ ១៥ ០០០ គ្រួសារ ក្រៅពីនេះ ​នៅមាន​ពលរដ្ឋ​នៅ​តំបន់​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម និង​តំបន់​ទន្លេសាប​ទៀត។ ខ្ញុំ​មិន​ចាំ​តួលេខ​សរុប​ទេ ប៉ុន្ដែ​យើង​បានធ្វើ​រួច​ដែរ​ហើយ»។

លោកស្រី មិន ធា​រី អភិបាលរង ខេត្ដ​ឧត្ដរមានជ័យ ក៏​បានឱ្យដឹង​នៅ​ថ្ងៃទី២៤ កុម្ភៈដែរ​ថា រដ្ឋបាល​ខេត្ដ​ឧត្ដរមានជ័យ​ក៏បាន​ធ្វើ​រួចរាល់​ហើយ​ដែរ លើ​ការសិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​រួម​នឹង​តំបន់​ផ្សេងទៀត ដែល​ពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំមក​ហើយ​។

លោកស្រី​បាន​ថ្លែងថា៖«កិច្ចប្រជុំ​ព្រឹក​មិញ ជា​កិច្ចប្រជុំ​លើក​ទី២ហើយ​ ជាមួយ​គណៈកម្មការ ពិនិត្យ​លើការ​​សិក្សា និង​ចងក្រង​ឯកសារ​ ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ ដែល​ពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ។ យើង​បាន​ទិន្នន័យ​ជាក់លាក់ ច្បាស់លាស់​រួចរាល់​ហើយ ទើបបាន​យកមក​ប្រជុំ​នៅ​ថ្នាក់​អន្តរក្រសួង​នេះ​ប៉ុន្ដែ​​ការសម្រេច​គឺ​យើង​រងចាំ​លើ​រាជរដ្ឋាភិបាល ​ក្នុងការ​សម្រេច»។

លោកស្រី មិន ធា​រី បានឱ្យដឹងថា ក្រុមការងារ​អន្តរក្រសួង និង​ក្រុម​ការងាររដ្ឋបាល​ខេត្ដ​ បាន​ចុះ​វាស់វែង​ក្បាលដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​ជាក់ស្ដែង​ បាន​រួចរាល់​អស់ហើយ ​ដោយបាន​អនុវត្ដ​រយៈពេល​ប្រមាណ ២ ឆ្នាំ ដោយបាន​វាស់វែង​តំបន់​ដែល​ត្រូវ​កាត់​ឆ្វៀល​ ស្ថិតនៅក្នុង​ស្រុក​ចំនួន៣ គឺ​ស្រុក​បន្ទាយ​អំបិល ស្រុក​អន្ទង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ដែលមាន​ផ្ទៃដី​ត្រូវ​កាត់​ឆ្វៀល​ប្រមាណ ១៥ ០០០ ម៉ឺន​ហិកតា៕