ភ្នំពេញៈ នៅក្នុង​ឆ្នាំ​ ២០២១ ​កន្លងមកនេះ ជំងឺគ្រុនឈាម​ត្រូវបាន​រកឃើញថា កើតមាន​ជិត ២ ០០០​ ករណី ខណៈ​ចំនួន​អ្នកស្លាប់​ទូទាំងប្រទេស​មាន​ ៨​ ករណី ហើយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០ គឺ​ករណី​ឈឺ​បាន​ថយចុះ ៩៨,៤​ ភាគរយ ចំណែក​ចំនួន​អ្នកស្លាប់​បាន​ថយចុះ​ ៥០ ​ភាគរយ​។

តួលេខ​នៃ​ការរកឃើញ​ជំងឺ​គ្រុនឈាម​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ ​និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំនេះ​។

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​បានឱ្យដឹងថា​៖ «​ឆ្នាំ​ ២០២១ ​មាន​ចំនួន ១ ៩០៣ ​ករណី ដែលមាន​អត្រា​អាំងស៊ីដង់​ ១២ ​ករណី​ក្នុងចំណោម​ប្រជាជន ​១០០ ​ពាន់​នាក់ និង​ស្លាប់​ចំនួន​ ៨ ​ករណី​ដែលមាន​អត្រា​ស្លាប់​ ០,៤ ​ភាគរយ​។ បើ​ប្រៀបធៀប​​នឹង​ឆ្នាំ​ ២០២០ ​គឺ​ករណី​ឈឺ បាន​ថយចុះ​ ៩៨,៤ ​ភាគរយ ដោយ​ឆ្នាំ​ ២០២០ មាន​ ១១ ៩៧៧ ​ករណី និង​ចំនួន​អ្នកស្លាប់​បាន​ថយចុះ ​៥០ ​ភាគរយ​ដោយ​ឆ្នាំ​ ២០២០ មាន​ ១៦​ ករណី​»​។

មជ្ឈមណ្ឌល​នេះ​បានឱ្យដឹង​បន្តថា សម្រាប់​ភូមិសាស្ត្រ​ដែល​ករណី​គ្រុនឈាម​កើត​ច្រើនជាងគេ​ក្នុង​ឆ្នាំ​ ២០២១ មាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ចាម និង​ត្បូងឃ្មុំ ខណៈ​វីរុស​នៃ​ជំងឺគ្រុនឈាម​នេះ​ត្រូវបាន​រកឃើញ​ច្រើនជាងគេ​គឺមាន​ប្រភេទ​ DNV-2​ ចំនួន​ ៧៨ ​ភាគរយ ដែល​ផ្លាស់ប្តូរ​ពី​ ៥ ​ឆ្នាំ​កន្លងទៅ​រកឃើញ​ច្រើនជាងគេ​គឺ​ប្រភេទ​ DNV-1​។

មជ្ឈមណ្ឌល​បានបញ្ជាក់​ថា​ «​សរុបមក​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​នឹង​គ្រុនឈាម​ឆ្នាំ​ ២០១៣-២០២១ គឺ​ការងារ​គ្រប់គ្រង និង​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​បានទទួល​នូវ​លទ្ធផល​ជោគជ័យ​ទាំង​សូចនាករ​អត្រា​អាំងស៊ីដង់​ករណី​ជំងឺ​ទាប​ជាង​ ១២,១ ​ក្នុងចំណោម​ប្រជាជន​ ១០០ ​ពាន់​នាក់ និង​អត្រា​ស្លាប់​ទាប​ជាង​ ០,២ ​ភាគរយ ដែល​បាន​គ្រោងទុក​សម្រាប់​​ឆ្នាំ​ ២០២១ បានន័យថា បាន​រក្សា​ស្ថានភាព​ជំងឺ​ឱ្យ​ស្ថិតនៅ​​ក្នុងស្ថានភាព​ធម្មតា (Endemicity) ពេញ​ ១ ​ឆ្នាំ​»​។

សូមជម្រាបថា សម្រាប់​ឆ្នាំនេះ​​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​បាន​ត្រៀម​ថ្នាំ​អាបែត​ ១៦០​ តោន ថ្នាំ​បាញ់​មូស ​៦ ០០០ ​លីត្រ និង​សេរ៉ូម ៦៩ ០០០ ​ដប​​សម្រាប់​ការផ្គត់ផ្គង់​បែងចែក​បន្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ឆ្លើយតប​ស្ថានភាព​ជំងឺ​គ្រុនឈាម និង​ភ្នាក់ងារ​ចម្លង​ពិសេស​​អត្រា​គ្របដណ្តប់​ភាជន៍​ទឹក​ប្រើប្រាស់​ដោយ​ដាក់​ថ្នាំ​អាបែត​ ៩០% យ៉ាងតិច​។

លោក ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ​បាន​ថ្លែងថា​ទន្ទឹមនឹង​សមិទ្ធផល​ទទួលបាន​​នេះ មជ្ឈមណ្ឌល​ក៏មាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជះឥទ្ធិពល​ដល់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ផងដែរ​។

បញ្ហា​ប្រឈម​នោះ​លោក​បានឱ្យ​ដឹងថា​៖ «​វិបត្តិ​ជំងឺ​កូវីដ ​១៩ បាន​ជះឥទ្ធិពល​ដល់​កម្មវិធី​ទាំងនេះ ហើយ​ការគ្រប់គ្រង​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ដោយ​ថ្នាំ​បាណក​ឃាត ​(Larvicide)​ នៅមានកម្រិត​ព្រោះ​អត្រា​គ្របដណ្តប់​តាម​ភាជន៍​ទឹក​ (water containers) ​មិនទាន់​បាន​ ១០០​ ភាគរយ​នៅឡើយ​»​។

ជាងនេះទៅទៀត លោក​បានឱ្យដឹង​ដែរ​ថា សកម្មភាព​ប្រជាជន​ចូលរួម​មិនទាន់​ពេញលេញ​ក្នុងការ​បង្ការ​ជំងឺគ្រុនឈាម តាមរយៈ​ការគ្រប់គ្រង​សម្ភារ​ស្តុក​ទឹក​ ឬ​ដក់​ទឹក ពិសេស​សម្បកកង់​ដែល​ប្រើ​រួច​បាន​ដក់​ទឹកជា​កត្តា​អំណោយផល​ខ្លាំង​ដល់​មូសខ្លា​ជា​ភ្នាក់ងារ​ចម្លង​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រជាជន​ខ្លះ​នៅ​និយម​ស្វែងរក​សេវា​ថែទាំ​សុខភាព​ឯកជន​មុន​ទៅរក​សេវា​របស់​រដ្ឋ ជួន​ពេល​សេវា​ឯកជន​ខ្លះ​មិនមាន​ជំនាញ​ធ្វើ​រោគវិនិច្ឆ័យថែទាំ​ព្យាបាល​ជំងឺគ្រុនឈាម ជាហេតុ​ជំរុញ​ឱ្យ​អ្នកជំងឺ​វិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ និង​ខ្លះ​ស្លាប់ បន្ទាប់ពី​យឺតយ៉ាវ​ពេលវេលា​បញ្ជូន​ទៅដល់​សេវា​រដ្ឋ​លើសពី​ ៧២ ​ម៉ោង​»​។

យ៉ាងណាក្ដី លោក ហ៊ុយ រ៉េកុល បាន​អះអាងថា សម្រាប់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំនេះ មជ្ឈមណ្ឌល​នឹង​បន្ត​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ដើម្បី​ទទួលបាន​នូវ​សូចនាករ​អត្រា​ឈឺ​ធ្លាក់ចុះ​ច្រើនជាង​ ២០​ ភាគរយ និង​អត្រា​ស្លាប់​ទាប​ជាង​ ០,១៥ ​ភាគរយ​៕