ភ្នំពេញៈ រដ្ឋបាល​រាជធានី​បន្ត​អំពាវនាវ​ឱ្យ​ក្រុមអ្នកតវ៉ា​ដែលជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ សហការ និង​អនុវត្ត​វិធានការ​សុខភាព​ដើម្បី​ចៀសវាង​ការចម្លង​ជំងឺ​កូវីដ ១៩ ​ដែល​ប្រឈម​នឹង​វិធានការ​ច្បាប់​ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ក្នុងអំឡុងពេល​អ្នក​តវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មីទៀត​។

កាលពី​ថ្ងៃទី​ ២១ និង​ ២២ ខែកុម្ភៈ មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បណ្តាល​ឱ្យមាន​ការចាប់​រុញ​ទាញ និង​សែង​ក្រុមអ្នកតវ៉ា​ដោយ​បង្ខំ​ឱ្យចូល​ទៅក្នុង​រថយន្តក្រុង​ ដើម្បី​នាំយក​ពួកគេ​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ជំងឺ​កូវីដ​ ១៩ រាជធានី​ភ្នំពេញ​។

សកម្មភាព​ទាំងនេះ​បាន​ធ្វើឡើង​អំឡុងពេល​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី​នៅក្បែរ​ក្រុមហ៊ុន​ក្នុង​ខណ្ឌចំការមន​ក្រោយ​ពួកគេ​អះអាងថា បានបញ្ចប់​ការធ្វើ​ចត្តាឡីស័ក​ហើយ​ការប្រមូល​ជាថ្មី​នេះ​គឺ​ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​សហជីព ១១ ​នាក់ និង​ទទួល​យក​កម្មករ​ជាង ៣០០ ​នាក់ ចូលធ្វើការ​វិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់ខ្លួន​ថា បាតុករ​ដែល​បាន​នាំទៅ​មណ្ឌល​ចត្តាឡីស័ក​ទាំងនោះ​គឺមាន​ចរិត​រឹងរូស ច្រងេងច្រងាង មិន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​ជាមួយ​ក្រុមបាតុករ​ប្រមាណ ៣០០​ នាក់ ដែល​មិនទាន់បាន​យក​សំណាក​នៅ​កោះពេជ្រ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បន្តថា មនុស្ស ១ ​ក្រុម​តូច​នោះបាន​សន្សំ​ចិត្ត ណែនាំ​ឱ្យ​ក្រុមបាតុករ​បង្កើត​ឈុត​ឆាកល្ខោន​តាម​ការគ្រោងទុក ហើយ​ថត​រូបភាព​សម្រាប់​បង្ហោះ​តាម​បណ្តាញ​សង្គម​ដើម្បី​បំភាន់​សាធារណមតិ ដូច​ករណី​នាំគ្នា​មិន​សម្រាក​ក្នុង​បន្ទប់​ដែល​រៀបចំ​ជូន បែរជា​មក​សម្រាក​ផ្ទាល់​ដី​នៅ​ខាងក្រៅ​បន្ទប់​ទៅវិញ​ ដើម្បី​សម្តែង​ដូចជា​កម្សត់ វេទនា​។ សកម្មភាព​ទាំងនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់ទុកថា​គឺធ្វើឡើង ​ដើម្បី​ឱ្យ​មហាជន​យល់ច្រឡំ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច ធ្វើបាប គាបសង្កត់ និង​ធ្វើទុក្ខបុកម្នេញ​ពួកគាត់​ស្របពេល​រូបភាព​ដែល​ធ្លាប់​សម្ដែង​កន្លងមក គឺ​មិន​គ្រប់គ្រាន់​សម្រាប់​មហិច្ឆតា​របស់​ក្រុម​គេ​ឡើយ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា​៖ «​ជា​ការសោកស្តាយ​ក្រុមបាតុករ​បាន​ច្រានចោល​មិន​ទទួលយក​ការរៀបចំ​ផ្តល់ជូន​ការស្នាក់នៅ ថែមទាំង​បាន​ស្រែក​ឡូឡា បង្ក​ភាព​គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅក្នុង​មណ្ឌល​ និង​រុញ​ចោល​នូវ​សម្ភារ​សម្រាប់​ប្រើប្រាស់ បដិសេធ​ការចូល​ស្នាក់​នៅក្នុង​បន្ទប់​សម្រាក ព្រមទាំង​ធ្វើ​សកម្មភាព​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​បំភាន់​សាធារណ​មតិ ដោយ​នាំគ្នា​ប្រមូលផ្ដុំ​សម្រាក​ផ្ទាល់​ដី​នៅក្រៅ​បន្ទប់ រួច​ថតរូប​ភាព​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ក្នុង​ន័យ​ទម្លាក់កំហុស​មកលើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏ដូចជា​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​»​។

ជាមួយ​នឹង​សកម្មភាព​ទាំងនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ព្រមាន​ដែរ​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិន័យ​ជា​ ២ ​ប្រភេទ​គឺ​ទី​ ១​ ចំពោះ​អ្នក​ដែល​ធ្លាប់​ត្រូវបាន​អប់រំ​កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២២ ប្រសិនបើ​មាន​វត្តមាន​នៅក្នុង​ចំណោម​អ្នក​ទាំង ៥៦ ​នាក់ នឹងធ្វើ​ការផាកពិន័យ​ទ្វេដង​ក្នុងករណី​មិន​រាងចាល​។ ចំណែក​ទី​ ២ ​ចំពោះ​អ្នក​ដែល​មក​ធ្វើ​បាតុកម្ម​ថ្មី​ផ្សេងទៀត​នឹងត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ១ ​លាន​រៀល​ក្នុង​បាតុករ​ម្នាក់ ស្រប​តាម​វិធានការ​សុខាភិបាល​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖ «​អំពាវនាវ​ដល់​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ ដទៃទៀត សូមកុំ​ជឿ​តាម​ការអូសទាញ​របស់​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ដើម្បី​កេងចំណេញ យក​រូបភាព​សម្រាប់​ធ្វើ​អាជីវកម្ម​បំពេញ​មហិច្ឆតា​របស់ខ្លួន បែរជា​ឱ្យ​ក្រុមបាតុករ​ជា​អ្នករងគ្រោះ​ទទួល​ខុសត្រូវ ចំពោះមុខ​ច្បាប់​ទៅវិញ​។ សូមឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ប្រមូលផ្ដុំ​ខុសច្បាប់​ផ្ទុយ​នឹង​វិធានការ​សុខាភិបាល ទោះ​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ និង​ត្រូវ​ចូលរួម​សហការ​ជា​ចាំបាច់​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​វិធាន​សុខាភិបាល​ដែល​បានដាក់​ចេញ​»​។

ក្នុង​រយៈពេល​ ២ ​ថ្ងៃ​អតីត​បុគ្គលិក និង​អ្នកចូលរួម​តវ៉ា​ប្រមាណ ១០០ នាក់​ហើយ​ដែល​ត្រូវបាន​សមត្ថកិច្ច​បំបែក​ និង​នាំយកទៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ពួកគេ​ព្យាយាម​ប្រមូលគ្នា​នៅក្បែរ​ក្រុមហ៊ុន​ដោយ​ក្នុងនោះ​មាន​អ្នក​តវ៉ា​ចំនួន ៤ នាក់​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩​។ សរុបមក​ដល់ពេលនេះ​មាន​ក្រុមអ្នកតវ៉ា​ប្រមាណ​ជាង ១០០ នាក់​ហើយ​ដែល​ត្រូវបាន​រកឃើញថា ឆ្លង​ជំងឺ​កូវីដ​ជា​បន្តបន្ទាប់​។

ថ្ងៃទី ​២៤ កុម្ភៈ អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ចំនួន ៥១ ស្ថាប័ន​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរឹតត្បិត​សេរីភាព​ និង​បង្ក​ភាពស្រួល​ឱ្យ​ពួកគេ​បន្ត​ការតវ៉ា​ដោយ​សន្តិវិធី និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​គ្មាន​ការរើសអើង​៕

វីដេអូ៖