ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ជនបរទេស​អន្តោប្រវេសន៍​ជិត ១ ​ម៉ឺន​នាក់​បន្ត​ស្នាក់នៅ​ខុសច្បាប់​នៅ​កម្ពុជា ដោយ​មិនបាន​មកសុំ​បណ្ណ​ស្នាក់នៅ​ថ្មី ឬ​សុំ​បន្ត​រយៈពេល​ប្រើប្រាស់ និង​បាន​លើក​បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​។

ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២ របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ២៣ ​ខែកុម្ភៈ លោក ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ចំពោះ​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​ក្នុងនោះ​ជនបរទេស​អន្តោប្រវេសន៍​ចំនួន ៩ ៩២៤ ​នាក់ មិនបាន​មកសុំ​បណ្ណ​ស្នាក់នៅ​ថ្មី ឬ​សុំ​បន្ត​រយៈពេល​ប្រើប្រាស់ និង​ជនបរទេស​អន្តោប្រវេសន៍​គ្រប់​អាយុ ១៨ ​ឆ្នាំ​មួយចំនួន​មិនបាន​មកសុំ​បណ្ណ​ស្នាក់នៅ​តាមច្បាប់​កំណត់​»​។ លោក​បន្តថា ពាក់ព័ន្ធ​ករណីនេះ វិធានការ​ដោះស្រាយ​ចំពោះមុខ ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ស្រង់​បញ្ជី​ឈ្មោះ​ជនអន្តោប្រវេសន៍​ដែល​មិនបាន​មកសុំ​បន្ត​រយៈពេល​ប្រើប្រាស់ និង​ស្នើសុំ​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍ ផ្ញើជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រួចរាល់​ហើយ​ដើម្បី​មាន​វិធានការ​។

បន្ថែម​ពីនេះ​លោក ប៉ោ ភក្តិ បានស្នើ​ស្នងការ​នគរបាល​រាជធានី ខេត្ត ត្រូវ​ចាត់​ឱ្យ​សមត្ថកិច្ច​ជំនាញ​ក្រោម​ឱវាទ កោះហៅ​មុខសញ្ញា​ក្នុង​បញ្ជី​ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផ្ញើជូន​មក​ណែនាំ​ឱ្យ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ ដោយ​កំណត់​រយៈពេល​អនុវត្ត​ក្នុង​ករណី​រឹងរូស​ត្រូវ​អនុវត្តតាម​វិធានការ​ផ្លូវច្បាប់​។ នា​ពិធី​នោះ លោក​ក៏បាន​ជំរុញ​ការចេញប្រកាស​អន្តរក្រសួង​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ផងដែរ​។

ពាក់ព័ន្ធ​បញ្ហា​ប្រឈម​វិញ លោក​បានឱ្យដឹងថា ការ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ជនបរទេស​អន្តោប្រវេសន៍​ពី​មូលដ្ឋាន ​១ ទៅ​មូលដ្ឋាន​ ១ មិនទាន់បាន​ច្បាស់លាស់ ហើយ​ការរៀប​អាពាហ៍ពិពាហ៍​រវាង​ជនបរទេស​អន្តោប្រវេសន៍ និង​ជនបរទេស​អន្តោប្រវេសន៍ និង​ជនបរទេស​អន្តោប្រវេសន៍​ជាមួយ​ជនជាតិខ្មែរ មិនទាន់​មាន​បទដ្ឋាន​កំណត់​នៅឡើយ​។ បន្ថែម​ពីនេះ លោក​ថា អាជ្ញាធរ​វៀតណាម​មិន​ទទួលយក​ជនបរទេស​អន្តោប្រវេសន៍​វៀតណាម ដែលមាន​បំណង​ត្រឡប់​ទៅ​ប្រទេស​វិញ ខណៈ​ការ​បំផ្លាស់ទី​ពី​ផ្ទះ​បណ្តែត​ទឹក​មកលើ​គោក​នៅ​ខេត្ត​កំពង់ឆ្នាំង​កន្លងមក​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ការកំណត់​របស់​ក្រសួង​។

បើតាម​លោក លោក ប៉ោ ភក្តិ បញ្ហា​ប្រឈម​ផ្សង​ទៀត រួមមាន ម្ចាស់​គ្រឹះស្ថាន​មិន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ការរាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​មក​ស្នាក់នៅ ខណៈ​សមត្ថភាព​របស់​មន្ត្រី​មាន​សមត្ថកិច្ច​នៅមានកម្រិត ជាពិសេស​លើ​ផ្នែក​ភាសា និង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ។

ក្នុងឱកាស​ពិធី​បើក​សន្និបាត​នោះដែរ លោក​បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ពាក់ព័ន្ធ​ជនបរទេស​ឆ្លងដែន​ខុសច្បាប់​ចូលមក​កម្ពុជា ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ក្នុងនោះ​មាន​ការលេចឡើង​នូវ​បាតុភាព​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើការ​ល្មើស​លក្ខខណ្ឌ​ការងារ និង​រំលោភ​សិទ្ធិមនុស្ស​។

លោក​បាន​បន្តទៀតថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ស្នើ​ដល់​ស្នងការ​នគរបាល​រាជធានី ខេត្ត ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ​លើ​មុខសញ្ញា​ដែល​ត្រូវបាន​បណ្តេញចេញ ហើយ​បាន​ត្រឡប់មកវិញ​រួច​ផ្ញើមក​ក្រសួង ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​អនុវត្ត​វិធានការ​ច្បាប់​។

រីឯ​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន​វិញ លោក​ថា មានការ​ជួប​ការលំបាក​ដោយសារ​ភូមិសាស្ត្រ​ធម្មជាតិ​មាន​ភាព​ស្មុគស្មាញ មាន​កន្លែង​ខ្លះ​កម្លាំង​ទៅ​មិន​ដល់ ខ្វះ​កម្លាំង​សម្រាប់​ឈរជើង​នៅតាម​គោលដៅ សមត្ថភាព​មន្ត្រី​នៅមានកម្រិត និង​ខ្វះ​មធ្យោបាយ​សម្ភារ​បច្ចេកទេស ដែលជា​ហេតុនាំឱ្យ​មានការ​ចន្លោះប្រហោង​ក្នុងការ​គ្រប់គ្រង​។

ក្នុងន័យនេះ តាមរយៈ​សន្និបាត​រយៈពេល​ ២ ​ថ្ងៃ លោក ប៉ោ ភក្តិ បានស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ឱ្យបាន​កាន់តែ​ល្អ​ជាមួយ​ប្រទេស​ជិតខាង ដែលមាន​ការទាក់ទង​ដល់​បញ្ហា​ការបញ្ជូន​ជនបរទេស​អន្តោប្រវេសន៍​ឱ្យ​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​របស់​ពួកគេ​វិញ​។

ក្នុង​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​លួច​ឆ្លងដែន​ខុសច្បាប់​បាន​ចំនួន ៦៦៧ ​លើក ឃាត់​មនុស្ស​បាន​ចំនួន ៤ ៣៣៣ នាក់​ក្នុងនោះ​មាន​ ៨ ​សញ្ជាតិ​។ ជាមួយគ្នានេះ​ក៏បាន​បណ្តេញចេញ​តាម​ច្រកទ្វារព្រំដែន​ចំនួន ៣ ៧៩៤ ​នាក់ បញ្ជូនមក​ស្នាក់ការ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ត្រៀម​បណ្តេញចេញ​ចំនួន ៥១៩ ​នាក់ និង​បញ្ជូនទៅ​ពន្ធនាគារ​ចំនួន ២០ ​នាក់​។

របាយការណ៍​ដដែល​បន្ត​ថា កងកម្លាំង​នគរបាល​ព្រំដែន​បាន​សហការ​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ ទទួល​ជនទេសន្តរប្រវេសន៍​ជា​ពលករ​ខ្មែរ​ត្រឡប់មក​កម្ពុជា​វិញ​បាន​ចំនួន​ជិត ១១​ ម៉ឺន​នាក់ និង​បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ​ធ្វើការ​បង្ក្រាប​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​បាន​ចំនួន ២៣៩​ ករណី ឃាត់​មនុស្ស​ ២៨២​ នាក់ និង​បញ្ជូនទៅ​តុលាការ ៤៩ ​នាក់​៕