ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដុត​កម្ទេចចោល​រថយន្ត​ដែល​មិនទាន់​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​ធ្វើជា​គំរូ​ទៅ​ថ្ងៃមុខ និង​ណែនាំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រឹបអូស​រថយន្ត​គេចពន្ធ ទោះ​នៅផ្ទះ​លោកធំ​ណាក៏ដោយ​។

​ការព្រមាន​ធ្ងន់ៗ​នេះ ធ្វើឡើង​ខណៈ​លោក​អញ្ជើញ​ជា​អធិបតី បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង មហាផ្ទៃ កាលពី​ថ្ងៃទី ​២៣ ខែកុម្ភៈ​ដែលមាន​ការចូលរួម​ពី​គ្រប់​រដ្ឋមន្ត្រី​ និង​អភិបាល​ខេត្ត​ទូទាំងប្រទេស​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សំដៅ​ទៅលើ​ម្ចាស់​រថយន្ត ដែល​មិនទាន់​ចូលមក​បង់ពន្ធ ហើយ​ព្រមាន​ដុត​កម្ទេចចោល ក្រោយ​រឹបអូស​បាន​។

លោក​ថា​៖ «​ហើយ​អ្នក​ដែល​មិនទាន់​បង់ពន្ធ​ប្រមាណ ៥ ​ពាន់ គ្រឿង​រថយន្ត​ទៀត សូម​ចេញមក​បង់ពន្ធ ប្រយ័ត្ន​ដល់ពេល​ថ្ងៃ​ណាមួយ ខ្ញុំ​បញ្ជា​ឱ្យ​ដុត​ឡាន​ចោល​តែម្តង កុំឱ្យ​ពិបាក​ពេក​។ ពេល​ណាមួយ​ខ្ញុំ​ថា យក​ធ្វើជា​គំរូ​យក​ឡាន​ដុតចោល​តែម្តង​ទោះ​ថ្លៃ​ប៉ុនណា​ក៏ដោយ ដើម្បីឱ្យ​រាង​តែម្តង​»​។

ក្នុងន័យនេះ​លោក​ ហ៊ុន សែន បាន​លើក​ករណី​ជាក់ស្តែង​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​ ១៩៩៩ គ្រា​ដែល​លោក​បាន​បញ្ជា​ឱ្យ​ដុត​រថយន្ត​ដឹកឈើ​ផងដែរ​។ លោក​ថា​៖ «​ចាំ​បានទេ ឆ្នាំ ១៩៩៩ ដុត​ឡាន​ដឹកឈើ​ចោល​ប្រាប់ថា កុំឱ្យ​កាប់​ឈើ ឈប់​កាប់ វា​នៅតែ​កាប់ មិនដឹង​ធ្វើ​ម៉េច បញ្ជា​ទៅឱ្យ​ដុត​ឡាន​ចោល​តែម្តង ព្រោះ​ឡាន​ទៅដល់​តុលាការ វា​ទៅ​រំដោះ ហើយ​ដឹកឈើ​ទៀត អ៊ីចឹង​ដដែលៗ ដុតចោល​តែម្តង​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា មូលហេតុ​ដែល​ស្នើឱ្យ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ ដើម្បី​កុំឱ្យ​មាន​ឡាន​នៅលើ​ផ្លូវ បើកបរ​ដោយ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​។ លោក​បន្តទៀតថា​៖ «​ខ្ញុំ​អំពាវនាវ​អ្នក​ដែល​មិនទាន់​បង់ពន្ធ​ចេញមក​បង់ពន្ធ ហើយ​អត់​មាន​លើកលែង​ ១០​ ភាគរយ​ទៀត​ទេ​ពីមុន ថ្ងៃ​ ៣១ ខែធ្នូ ឆ្នាំ ២០២១ គឺ​អនុគ្រោះ​ពន្ធ ១០ ​ភាគរយ ប៉ុន្តែ​ដល់ពេល​អ្នកឯង​មិន​មក​បង់​ផុត​ថ្ងៃ គឺ​បង់ពន្ធ​ពេញ ហើយ​បើ​ថា រកឃើញ​ហើយ​ត្រូវ​រឹបអូស​ទោះ​នៅផ្ទះ​អ្នកណា​ក៏ដោយ​»​។

ទន្ទឹមនឹង​ការព្រមាន​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ទាំងអស់ សូម​បំពេញ​កាតព្វកិច្ច​ពន្ធ ខណៈ​លោក​សង្កេតឃើញ​ថា តួលេខ​បំណុល​ក្រុមហ៊ុន​មួយចំនួន​បាន​ជំពាក់​ចំពោះ​រដ្ឋ​មាន​ចំនួន​ច្រើន​។

បន្ថែម​ពីនេះ លោក​អំពាវនាវ​ដោយ​ទទូច​ស្នើសុំ​ឱ្យ​រួមគ្នា​ធ្វើ​សហប្រតិបត្តិការ ដើម្បី​ជួយ​ដល់​អង្គភាព​ប្រមូល​ចំណូល​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ប្រឆាំងនឹង​អំពើ​គេចពន្ធ​។ លោក ហ៊ុន សែន គូសបញ្ជាក់ថា ការពង្រឹង​ការប្រមូល​ពន្ធ​នេះ ដើម្បី​គាំទ្រ​ឱ្យ​អង្គភាព​ប្រមូល​ចំណូល ស្រប​ពេល​ដែល​កម្ពុជា​ត្រូវការ​ចំណាយ​ច្រើន​ទៅលើ​វិធានការ​ទប់ស្កាត់​កូវីដ​ ១៩ និង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចេះ​សន្សំសំចៃ​នៅក្នុង​គ្រានេះ​។

ទន្ទឹមនឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ដរាបណា​លោក​នៅតែ​ដឹកនាំ​ប្រទេស គឺ​មិន​យកពន្ធ​លើដី​ស្រែ​ពលរដ្ឋ​ឡើយ​។ លោក​ថា​៖ «​ពន្ធ​ដី​កសិកម្ម យើង​មិនដែល​យកពន្ធ​ដី​កសិកម្ម​យកមក​ធ្វើ​ថវិកាជាតិ​របស់​យើង​ទេ គណបក្ស​ប្រជាជន​បាន​ដឹកនាំ​កិច្ចការ​នេះ​តាំងពី​ឆ្នាំ​ ១៩៧៩ ហើយ​បើ​គណបក្ស​ប្រជាជន​បន្ដ​ដឹកនាំ​បន្តទៀត ពន្ធ​ដីស្រែ ពន្ធ​ដីចម្ការ ពន្ធ​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅតែ​មិន​យក បើសិនជា​មេដឹកនាំ​ជាន់ក្រោយ​យកពន្ធ​ដីស្រែ ហើយ​វិញ្ញាណ​ខ្ញុំ​ដឹង ខ្ញុំ​នឹងដាក់​បណ្តាសា ព្រោះ​ជា​នយោបាយ​ដីធ្លី​របស់ខ្ញុំ​តាំងពី​​ដើម​មក មិន​យកពន្ធ​ដីស្រែ​ទេ​»៕

វីដេអូ៖