ភ្នំពេញៈ ​ក្រុម​មេធាវី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ កំពុង​ពន្លឿន​នីតិវិធី​ត្រួតពិនិត្យ និង​កែសម្រួល​ខ្លឹមសារ បច្ចេកទេស​នៃ​ពាក្យបណ្ដឹង​ប្រឆាំងនឹង​ក្រុមហ៊ុន Think Biotech (Cambodia) Co.; Ltd ​ទៅ​តុលាការ​ករណី​ឈូសឆាយ​ដីព្រៃ​បង្ក​ឱ្យ​ខូច​ប្រាសាទបុរាណ​ចំណាស់​មួយ ឈ្មោះ ប្រាសាទ​លាវចោម ឬ​ប្រាសាទត្រពាំង​ក្របៅ​នៅ​ភូមិ​អាជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

លោក អ៊ុក សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ថា កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ក្រុម​មេធាវី​និ ង​ក្រុម​ជំនាញការ​ផ្នែក​បេតិកភណ្ឌ​​បាន​ជួប​ប្រឹក្សា​គ្នា​លើ​ការត្រួតពិនិត្យ​ និង​កែសម្រួល​ខ្លឹមសារ​បច្ចេកទេស​នៃ​ពាក្យបណ្ដឹង​មួយ​សម្រាប់​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន Think Biotech ទៅ​តុលាការ ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ​ទទួល​ខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​ប្រាសាទបុរាណ​ដែលជា​សម្បត្តិ​​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

លោក សុខា បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ ក្រុម​ជំនាញការ​ និង​ក្រុម​មេធាវី​កំពុង​រួម​សហការ​គ្នា​ត្រួតពិនិត្យ​ និង​កែសម្រួល​ខ្លឹមសារ​បច្ចេកទេស​មួយចំនួន​នៃ​ពាក្យបណ្ដឹង​ទៅតាម​នីតិវិធី​ច្បាប់ ក្រោយ​ការកែសម្រួល​លើ​ខ្លឹមសារ បច្ចេកទេស​នៃ​ពាក្យបណ្ដឹង​នោះ​រួច​យើង​នឹងដាក់​ឆ្លងទៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ពិនិត្យ​ និង​សម្រេច ដាក់​ចូលទៅ​តុលាការ​តែម្ដង​»​។

លោក​បាន​បន្ថែមថា​៖ «​ករណី​នេះ ក្រសួង​មិន​នៅ​ស្ងៀម​ទេ គឺ​យើង​យកចិត្តទុកដាក់​បំផុត​។ ប៉ុន្តែ​យើង​មិនអាច​ធ្វើ​ដោយ​ភាព​តក់ក្រហល់​បានទេ​»​។

ជុំវិញ​កិច្ចការ​នេះ​ផងដែរ អាជ្ញាធរ​ និង​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ ខេត្តក្រចេះ ក៏​មិន​ព្រងើយកន្តើយ​ដែរ គឺ​បាន​ចុះ​ប្រមូល​នូវ​វត្ថុតាង​ចម្លាក់​ថ្ម​ប្រាសាទ​បុរាណ​ដែល​បាក់រលំ​ដោយសារ​ការ​ឈូសឆាយ​ព្រៃ​ខ្វះ​ការប្រុងប្រយ័ត្ន​របស់​ភាគី​ក្រុមហ៊ុន ​Think Biotech យកមក​រក្សាទុក​នៅ​សារមន្ទីរ​វប្បធម៌​ខេត្ត និង​បានរៀបចំ​ជា​របាយ​ការណ៍​សំយោគ​ក្នុង​ជំហាន​បឋម​បញ្ជូន​ទៅកាន់​ក្រសួង​ដើម្បី​​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ថា​ក្រោយពី​ទទួលដំណឹង​ករណី​ក្រុមហ៊ុន​ខាងលើ​ធ្វើឱ្យ​រលំ​ប្រាសាទ​លាវ​ចោម ភ្លាម ក្រុម​ការងារ​របស់លោក​បាន​ចុះ​ដល់​ទីតាំង​កើតហេតុ​នោះ​ហើយ​​បាននាំគ្នា​ប្រមូលយក​នូវ​ចម្លាក់​ផ្ដែរ​ប្រាសាទ​មក​រក្សាទុក​នៅ​សារមន្ទីរ​វប្បធម៌​ខេត្ត​ជា​បណ្ដោះអាសន្ន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ប្រមូល​នូវ​វត្ថុតាង និង​ថតរូបភាព​នៃ​ទីទួល​ប្រាសាទ​បាក់បែក​នោះ ក្រុមការងារ​យើង​ដែល​មាន​ការចូលរួម​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្តក្រចេះ បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​បាន​ណែនាំ​ដល់​ភាគី​ក្រុមហ៊ុន ធ្វើការ​បោះបង្គោល កំណត់​ព្រំប្រទល់​ទីតាំង​ទួលប្រាសាទ​បុរាណ​លើ​ផ្ទៃដី​ជិត​ ១ ​ហិកតា ជា​បណ្ដោះអាសន្ន និង​ត្រូវដាក់​ការ​យាមកាម​ជាប្រចាំ ដើម្បី​ការពារ​ពី​ការបំផ្លិចបំផ្លាញ​តាម​គ្រប់​រូបភាព​ផ្សេងទៀត​»​។

បើតាម​លោក វាសនា ប្រាសាទ​លាវចោម ដែល​រង​ការបាក់បែក និង​ដួលរលំ​នោះ ជា​ប្រាសាទ​ដ៏ចំណាស់​បំផុត​មួយ​ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុង​សតវត្សរិ៍​ទី​ ៧ ​ឬ​សម័យ​ចេនឡា​។ ប្រាសាទ​នោះ ជា​សំណង់​ដែល​សង់​​ឡើង​ពី​ថ្ម​ដីឥដ្ឋ​សម្រាប់​ការ​ឧទ្ទិស​​ដល់​ព្រាហ្មណ៍​សាសនា​។

ទោះយ៉ាងណា​ក៏ដោយ មក​​ទល់​ពេលនេះ លោក Lu Chu Chang ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Think Biotech (Cambodia) Co.; Ltd នៅតែ​មិនអាច​ទាក់ទង​ស្នើសុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តក្រចេះ ក្រុមហ៊ុន ​Think Biotech(Cambodia) Co.; Ltd​ទទួលបាន​អាជ្ញាប័ណ្ណ​វិនិយោគ​អភិវឌ្ឍ​​រោងចក្រ​ឧស្សាហកម្ម កែច្នៃ​ផលិតផល​ព្រៃឈើ ឬ​ស្ថានីយ​ស្តារ​ព្រៃឈើ​លើ​ផ្ទៃដី​ជាង ៣ ​ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ និង​នៅក្នុង​ស្រុក​សៀមបូក ខេត្តស្ទឹងត្រែង​៕

វីដេអូ៖