ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ស្នើឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ នៅតាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំ​ឱ្យមាន​និន្នាការ​កាប់​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ជា​បន្តទៀត​។

លោក ស ខេង បានស្នើ​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ​២៣ ខែកុម្ភៈ​។ លោក​លើកឡើងថា ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការដោះស្រាយ​វិវាទ​ដីធ្លី គឺជា​កិច្ចការ​ដែលមាន​ការពា​ក់​ព័ន្ធ​តួនាទី និង​ការទទួល​ខុសត្រូវ​របស់​ក្រសួង​ស្ថាប័ន​នៅក្នុង​ការតាក់តែង​ក្របខ័ណ្ឌ​គោលនយោបាយ ក្របខ័ណ្ឌ​ច្បាប់ ព្រមទាំង​ការត្រួតពិនិត្យ​ការអនុវត្ត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​នេះ​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​នូវ​គោលការណ៍ វិធានការ​សំខាន់ៗ ដែល​ដាក់​​ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក​បន្តថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គប្បី​សហការ​ពន្លឿន ការដោះស្រាយ​ដោយ​យកចិត្ត​ទុកដាក់​ក្នុងការ​គ្រប់គ្រង​ទិន្ន័យ​ស្ថិតិ អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​ដីធ្លី ដែល​កំពុង​កាន់កាប់​និង​អាស្រ័យផល​ជាក់ស្តែង​យូរ​ឆ្នាំ​មកហើយ នៅ​​លើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ​តាម​ខេត្ត​នីមួយៗ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។

ក្នុងន័យនេះ​លោក​ថា​៖ «​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់ការពារ​ធម្មជាតិ​ និង​គម្រប​ព្រៃឈើ ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំឱ្យ​មាន​និន្នាការ​រុក ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឬ ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​បន្តទៀត​»​។

លោក​សង្កត់ធ្ងន់ថា ក្នុងករណី​រកឃើញ ការទន្ទ្រាន​កាន់កាប់​ដី​នៅតាម​តំបន់​ការពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​។

ទន្ទឹមនេះ រដ្ឋបាលខេត្ត​ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ ឃុំ មិនត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ ទិញ​លក់ ផ្ទេរ​កម្មសិទិ្ធ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​របស់​រដ្ឋ​នោះឡើយ​។

លោក​រដ្ឋមន្ត្រី​បន្តទៀតថា ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​របស់​ខេត្ត រដ្ឋបាលខេត្ត​ត្រូវយក​ចិត្ត​ទុកដាក់​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ក្នុងការ​រៀបចំ​កំណត់ តំបន់​បោះបង្គោល​ព្រំ និង​ចុះបញ្ជី​ដីធ្លី​របស់​រដ្ឋ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការទន្ទ្រាន កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។

បន្ថែម​ពីនេះ រដ្ឋបាលខេត្ត​ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ឱ្យបាន​យល់ច្បាស់​អំពី​ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ដើម្បីឱ្យ​ពួកគាត់​ចូលរួម ការពារ​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​។

ជាមួយ​គ្នានេះ លោក ស ខេង ជំរុញ ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ពន្លឿន​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យបាន​ឆាប់រហ័ស​ចៀសវាង​ទុក​វិវាទ​ទាំងនោះ​ឱ្យ​រីក​រាលដាល ស្មុគស្មាញ​លំបាក​ដោះស្រាយ​។ «​ទន្ទឹមនេះ​ក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លី ជម្លោះ​ និង​ការតវ៉ា​នានា​នៅ​មូលដ្ឋាន ត្រូវខិតខំ​បញ្ចៀស​ឱ្យបាន​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព​»​។

ពាក់ព័ន្ធ​ការកាប់​ទន្ទ្រាន​ដីព្រៃ មន្ត្រី​​ឧទ្យានុរក្ស​ស្នាក់ការ​ច្រក​តោល​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ បាន​ចុះ​ល្បាត​ដល់​តំបន់​ត្រាចភ្លោះ អូរដៃជ្រៃ ច្បោះជ្រុំ និង​បាន​បោះ​ស្លាក​បម្រាម​ហាមឃាត់​កាប់​រានទន្ទ្រាន​ដីព្រៃ​យក​ធ្វើ​ចម្ការ នៅ​ភូមិសាស្ត្រ​ស្រុក​សណ្តាន់​នៃ​ខេត្ត​នេះ​។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំ​អាល់ ក៏បាន​អំពាវនាវ​ដល់​មន្ត្រី​បរិស្ថាន​មន្ត្រី​ឧទ្យានុរក្ស សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​រួមគ្នា​សហ​ការឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការការពារ និង​អភិរក្ស​ដែនជម្រក​សត្វព្រៃ ក៏ដូចជា តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​។ ការអំពាវនាវ​នេះ​ធ្វើឡើង ខណៈ​លោក​ចុះ​ពិនិត្យ​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ​៕