
លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំដល់មន្ត្រីរាជការស៊ីវិល ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច ៧ ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងលិខិត ១ ច្បាប់ផ្ញើជូនអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសនាថ្ងៃទី ២២ កុម្ភៈ លោក ស ខេង សរសេរថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២២។ ទន្ទឹមនោះការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នឹងចាប់ផ្តើមពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងករណីខាងលើ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដូចមានចុះក្នុងយោង មន្ត្រីរាជការស៊ីវិលមានសិទ្ធិទទួលបានច្បាប់ឈប់សម្រាកពីការងារតាមរបប និងនីតិវិធីដែលបានកំណត់។ ករណីមន្ត្រីរាជការស៊ីវិល ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសរយៈពេលយ៉ាងតិច ៧ ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥»។
ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោក ស ខេង បានណែនាំថា មន្ត្រីរាជការស៊ីវិលត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមមាត្រា ៣៧ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីរាជការស៊ីវិលមិនត្រូវយកម៉ោងបម្រើការងារទៅបម្រើឱ្យសកម្មភាពគណបក្សនយោបាយណាមួយឡើយ។
លោកណែនាំថា ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវមាត្រា ៨២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥។ មន្ត្រីរាជការស៊ីវិលមិនត្រូវប្រើថវិកា សម្ភារ ទីកន្លែង មធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរបស់រដ្ឋដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្លែងនៅថ្ងៃទី ២៤ កុម្ភៈ ថា លិខិតរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបនឹងមាត្រា ៣៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ច្បាប់នេះតម្រូវឱ្យមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេសយ៉ាងតិច ៧ ថ្ងៃ មុនបើកយុទ្ធនាការបោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។
លោកថា៖ «ដូច្នេះមន្ត្រីរាជការស៊ីវិលត្រូវតែដាក់ពាក្យសុំច្បាប់ ឈប់ពិសេសនេះ។ លិខិតក្រសួងមហាផ្ទៃនេះពាក់ព័ន្ធនឹងបញ្ញត្តិមានចែងក្នុងមាត្រា ៣៧ ដោយក្នុងមាត្រានេះដែរ ក៏បានចែង ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើពាក្យស្នើសុំតាមឋានានុក្រមទៅសាមីក្រសួង ឬអង្គភាពទៅបម្រើការងារក្រៅក្របខ័ណ្ឌដើមក្នុងរយៈពេលនៃអាណត្តិរបស់ខ្លួន»។ បើតាម លោក សោម សូរីដា ក្នុងអំឡុងពេលនេះ សាមីខ្លួនត្រូវមានសិទ្ធិឡើងថ្នាក់ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។ ច្បាប់នេះក៏បានបន្ធូរបន្ថយខ្លះដែរ ពាក់ព័ន្ធនឹងចប់អាណត្តិ ក្រុមប្រឹក្សាឃុំ-សង្កាត់ សាមីខ្លួនអាចសុំត្រឡប់មកបម្រើការនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារ អាស្រ័យលើសាមីក្រសួង ឬក៏សាមីអង្គភាពជាអ្នកសម្រេច។
លោក តាន់ ណាវិន បច្ចុប្បន្ន ជាចៅសង្កាត់ទឹកថ្លាប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៤ កុម្ភៈ ថា លោកក៏បន្តឈរឈ្មោះជាបេក្ខជនសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុម-ប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នេះដែរ។ ប៉ុន្តែលោកមិនទាន់ទទួលបានលិខិតណែនាំពីលោក ស ខេង នៅឡើយទេ។ ទោះជាយ៉ាងណា លោកថ្លែងថា លោកនឹងអនុវត្តតាមសេចក្តីណែនាំរបស់លោក ស ខេង ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យដំណើការនៃការរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌។ លោកថ្លែងថា៖ «យើងត្រូវតែអនុវត្ត បើសិនជាមានលិខិតនេះមកដល់ ហើយចេញពីក្រសួង ឬក៏មន្ទីរណាមួយក៏ដោយ យើងត្រូវតែអនុវត្ត»។
លោកថា ការធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោត លោករំពឹងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រោះកន្លងមក លោកបានដឹកនាំសង្កាត់ មានការអភិវឌ្ឍ រីកចម្រើនគួរកត់សម្គាល់ ជាពិសេសការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាពលរដ្ឋ៕