
សមត្ថកិច្ច បង្ហាញករណីបង្ក្រាបបទល្មើសសម្អាតប្រាក់នាពេលកន្លងមក។ រូបថត នគរបាល
ព្រះសីហនុៈ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្របសម្រួល ដំណើរការរឿងក្តីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដើម្បីដោះស្រាយ និងស្រាវជ្រាវបទល្មើស សម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលកើតឡើងនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
យោងតាមសេចក្តីសម្រេចនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានបានឱ្យដឹងថា ក្រុមការងារនេះ មានសមាសភាពចំនួន ១១ រូប ដែលមានលោក កោ វណ្ឌី ប្រធានសាលាដំបូងជាសហប្រធាន លោក សៀង សុខ ព្រះរាជអាជ្ញាជាសហប្រធាន លោក កែវ មុនី អនុប្រធានសាលាដំបូងខេត្តជាអនុប្រធាន និងមានសមាសភាពជាច្រើនរូបផ្សេងទៀត។
សេចក្តីសម្រេចនេះបន្តថា ក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា មានតួនាទី និងភារកិច្ច សិក្សាស្រាវជ្រាវ និងតាមដានលិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំនានាពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និង ពិនិត្យ ពិភាក្សា ដោះស្រាយ និងទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ដន្ទាទោសជនជាប់ចោទ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងខ្លឹមសារនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ជាមួយគ្នានេះ ក្រុមការងារនេះក៏មានតួនាទី រៀបចំ និងតាក់តែងលំហូរនីតិវិធី ដោះស្រាយរឿងក្ដីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា និងតាក់តែងឯកសារជំនួយស្មារតីនានា ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាតាមដានការអនុវត្តវិធានការប្រឆាំងការសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ដោះស្រាយរឿងក្ដីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
ប្រការ ៣ នៃសេចក្តីសម្រេចនេះសរសេរថា៖ «ក្រុមការងារបច្ចេកទេសសម្របសម្រួល ដំណើរការរឿងក្តីពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ត្រូវធ្វើការប្រជុំឱ្យបានទៀងទាត់ជារៀងរាល់ខែតាមកោះប្រជុំរបស់សហប្រធានក្រុម។ ក្រុមការងារបច្ចេកទេសសម្របសម្រួល ដំណើរការរឿងក្ដីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា ត្រូវធ្វើរបាយការណ៍ប្រចាំខែស្ដីពីសកម្មភាព និងលទ្ធផលការងារជូនឯកឧត្តមប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញាជ្រាប។ ក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្ដីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា អាចឱ្យលេខាធិការដ្ឋានរដ្ឋបាលខេត្តព្រះសីហនុជួយសម្រួលការងារពាក់ព័ន្ធនឹងកិច្ចការនេះបាន»។
លោក ហួត វិចិត្រ អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែកុម្ភៈ ថា លោក មិនមានអ្វីអត្ថាធិប្បាយទេពាក់ព័ន្ធភារកិច្ច និងកិច្ចការរបស់ក្រុមការងារបច្ចេកទេសសម្របសម្រួល ដំណើរការរឿងក្តីពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ព្រោះមានចែងយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចនេះហើយ។
លោកបន្តថា ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា នៅក្នុងខេត្តព្រះសីហនុ លោកក៏មិនទទួលបានព័ត៌មានលម្អិតដែរ ព្រោះភាគច្រើននៃសំណុំរឿងចូលមកសាលាដំបូងបានឆ្លងកាត់ព្រះរាជអាជ្ញា ដែលជាអ្នកចាត់ចែង។
លោកថ្លែងថា៖ «ដូចខ្ញុំ ជម្រាបអ៊ីចឹង ឱ្យខ្ញុំនិយាយយ៉ាងម៉េច ខ្ញុំអត់មានទិន្នន័យនៅក្នុងដៃផង បើខ្ញុំនិយាយថា ករណីហ្នឹង វាអត់មានផង ហើយរបាយការណ៍ថា មានវាបញ្ច្រាសគ្នា។ បើខ្ញុំថាមាន ហើយរបាយការណ៍ថា អត់ វាបញ្ច្រាសគ្នា ដូចគ្នា។ លុះដល់មានរបាយការណ៍ក្រុមការងារពីលេខាធិការដ្ឋានរបស់សាលាដំបូងដែលគេគ្រប់គ្រងផ្នែករដ្ឋបាលបានខ្ញុំច្បាស់។ ឱ្យខ្ញុំឆ្លើយព្រាវ ខ្ញុំអត់ឆ្លើយទេ»។
លោកថា ក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តីពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាត្រូវបានបង្កើតឡើងតាំងពីយូរណាស់មកហើយ និងត្រូវបានកែសម្រួលសមាសភាពឡើងវិញនៅពេលនេះតែប៉ុណ្ណោះ៕