ស្ទឹងត្រែងៈ ជន​ម្នាក់​ដែល​វាយ​ប្រពន្ធ​នឹង​ចបជីក​បាក់ឆ្អឹង​ក្តោងច្រមុះ និង​បាក់ឆ្អឹង​កំភួនដៃ​ម្ខាង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តស្ទឹងត្រែង​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃទី​ ២៣ កុម្ភៈ បន្ទាប់ពី​ប្រព្រឹត្ត និង​ឃាត់ខ្លួន​ពីថ្ងៃ​ទី ​២១ ​កុម្ភៈ នៅ​ភូមិ​កេតមឿង ឃុំ ស្រែសំបូរ ស្រុក​សៀមប៉ាង​។

លោក​ ឈុំ ស៊ាងហាក់ អ្នក​នាំពាក្យ​តុលាការខេត្ត​ស្ទឹងត្រែង​ឱ្យដឹង​នៅ​ថ្ងៃទី​​​ ២៤ ​កុម្ភៈ​ថា បុរស​ឈ្មោះ​ ម៉ាន ឡន អាយុ​ ៣៣ ​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តហើយ ពីថ្ងៃ​ទី​ ២៣ កុម្ភៈ បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​បាន​ប៉ុន្មាន​ម៉ោង​។ លោក​ថ្លែងថា​៖ «​បុរស​ម្នាក់នេះ ត្រូវបាន​តំណាង​អយ្យការ ចោទ​ពីបទ​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ឬ​អនីតិ​សង្វាសជន​តាម​បញ្ញតិ្ត​មាត្រា​ ២២២ នៃ​ក្រមព្រហ្មទណ្ឌ​»​។ យោងតាម​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ ជន​ត្រូវ​ចោទ អាច​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២​ ទៅ​​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤​ លាន​ទៅ​ ១០​ លាន​រៀល​ប្រសិនបើ​តុលាការ រកឃើញ​ថា​ពិត​ជាមាន​បទល្មើស​។

លោក​ ខៀវ សម្បត្តិ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ ស្រែ​សំបូរ រៀបរាប់​តាម​សម្តី​សាច់ញាតិ​ស្ត្រី​រងគ្រោះ នៅ​ថ្ងៃទី​ ២៤ កុម្ភៈ​ថា ជន​ឈ្មោះ ម៉ាន ឡន មាន​ប្រពន្ធ​ឈ្មោះ​ កាន ញ៉ុត អាយុ ២៩ ​ឆ្នាំ មានកូន​តូចៗ​ចំនួន​ ៣ ​នាក់​កំពុង​រស់នៅ​ក្នុងបន្ទុក​។ ប៉ុន្តែ​កន្លងមក គ្រួសារ​មួយ​នេះ មិនដែល​ឈ្លោះប្រកែក​គ្នា​ទេ ទើបតែ​ថ្ងៃទី​ ២១ កុម្ភៈ នៅវេលា​ម៉ោងជាង ៧​ យប់​ក៏​ពួកគេ​ឈ្លោះ​គ្នា​។ មុន​មានទំនាស់​គ្នា​នោះ ជនជាប់ចោទ​បាន​ឱ្យ​លុយ​ទៅ​ស្ត្រី​រងគ្រោះ​ចំនួន​ ៦ ​ម៉ឺន​រៀល ហើយ​បន្ទាប់មក​គាត់​ក៏​ទិញ​ស្រា​ផឹក​រហូត​ស្រវឹង​។ ពេលនោះ​ជនជាប់ចោទ​បាន​សួរ​ប្រពន្ធ​ថា លុយ​ដែល​គាត់​ប្រគល់ឱ្យ​ ៦ ​ម៉ឺន​រៀល​ឥឡូវ​បាត់​ ១ ​ម៉ឺន​រៀល​ហើយ តើ​យក​ទៅណា​? មិន​ត្រឹមតែ​ប៉ុណ្ណោះ ជនជាប់ចោទ​បាន​ប្រចណ្ឌ​ប្រពន្ធ​ទៅនឹង​អ្នកផ្សេង តែ​តាមពិត​គ្មាន​អ្នកណា​គេ​ទៅ​ស្រឡាញ់​ប្រពន្ធ​គាត់​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​សាកសួរ​សាច់ញាតិ​ជនល្មើស ក៏ដូចជា​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ គឺ​គេ​ប្រាប់​ខ្ញុំ​ថា ពួកគេ​មិនដែល​ឈ្លោះ​គ្នា​ទេ​។ តែ​អារឿង​ប្រចណ្ឌ​ឈ្លោះ​គ្នា គឺមាន​ម្តង​គឺ​តាំងពី​ ៤-៥ ​ឆ្នាំមុន​ម្ល៉េះ តែ​មិន​ប្រើ​អំពើហិង្សា​ទេ​»​។ បើតាម​លោក​ សម្បត្តិ ពេល​ឈ្លោះ​គ្នា​កាលពី​ថ្ងៃទី​ ២១ កុម្ភៈ​នោះ ជនសង្ស័យ​បាន​យក​ចបជីក​ដែក​វាយ​សំពង​លើ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​បាក់ឆ្អឹង​ក្តោងច្រមុះ បាក់ឆ្អឹង​កំភួនដៃ​ម្ខាង និង​ត្រូវរបួស​ខ្លួនប្រាណ​ទៀត​។ កាលពី​ត្រូវរបួស​ភ្លាមៗ​ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕