ភ្នំពេញៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា WCS និង​ក្រសួងយុត្តិធម៌​បានរៀបចំ​វគ្គបណ្តុះបណ្តាល​លើកដំបូង​ស្តីពី «​ជំនាញ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​អន្តរជាតិ​សម្រាប់​ព្រះរាជអាជ្ញា និង​ចៅក្រម​កម្ពុជា​»​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៥ ខែកុម្ភៈ និង​ផ្តល់​មូលនិធិ ដោយ INL FUND របស់​សហរដ្ឋអាមេរិក​។

ហ្វេសប៊ុក​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ បានឱ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ចែកចេញជា​ ២ ​វគ្គ ដែល​ក្នុង​ ១ ​វគ្គ មាន​រយៈពេល​ ២ ​ថ្ងៃ​កន្លះ ដែលមាន​ព្រះរាជអាជ្ញា និង​ចៅក្រម​មកពី​ ២៥ ​ខេត្ត​-​រាជធានី សរុប​ចំនួន​ ៥០ ​រូប ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ទាំង​ ២​។ នេះ​គឺជា​វគ្គ​បណ្តុះបណ្តាល​លើកដំបូង​ហើយ ដែល​បានរៀបចំ​បែបនេះ​ជូន​ព្រះរាជអាជ្ញា និង​ចៅក្រម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​កសាង​សមត្ថភាព​ដល់​ព្រះរាជអាជ្ញា និង​ចៅក្រម​ឱ្យមាន​ចំណេះដឹង​មូលដ្ឋាន​បន្ថែម​អំពី​ការជួញដូរ​សត្វព្រៃ និង​ពង្រឹង​ជំនាញ​ក្នុងការ​កាត់ក្តី​លើ​បទល្មើស​ជួញដូរ​សត្វព្រៃ ប្រកបដោយ​ប្រសិទ្ធភាព​។

ហ្វេសប៊ុក​ដដែល​បានសរសេរថា​៖ «​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ចំណេះ​ជំនាញ​របស់​ចៅក្រម ព្រះរាជអាជ្ញា ក្នុង​ការដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​ដែលមាន​លក្ខណៈ​អន្តរជាតិ ដោយ​ផ្តោតលើ​ការគ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត ការស្វែងរក និង​ការវិភាគ​ភ័ស្តុតាង ការចោទប្រកាន់ ជំនួយ​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​ការផ្តន្ទាទោស​»​។

លោក​ កែន សេរីរដ្ឋា តំណាង​អង្គការ WCS ប្រចាំ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ២៤ កុម្ភៈ ថា វគ្គ​បណ្តុះបណ្តាល​នេះ​បង្កើតឡើង ដើម្បី​បង្កើន និង​បំពេញបន្ថែម​ទៅលើ​សមត្ថភាព និង​ចំណេះដឹង​ជា​មូលដ្ឋាន​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាក់ទង​នឹង​ការជួញដូរ​សត្វព្រៃ ពិសេស ពង្រឹង​លើ​ជំនាញ​កាត់ក្តី​បទល្មើស​ជួញដូរ​សត្វព្រៃ​ក្នុង​លក្ខណពិសេស​តែម្តង​។

លោក​បន្តថា ជាការ​កត់សម្គាល់​ក្នុងពេល​កន្លងមក​ឃើញថា ព្រះរាជអាជ្ញា និង​ចៅក្រម មានការ​យល់ដឹង​ពី​បញ្ហា​ការជួញដូរ​សត្វព្រៃ​នៅមានកម្រិត​។ រីឯ​ការផ្សព្វផ្សាយ​ក៏​នៅមានកម្រិត​ផង​នោះ ទើប​ភាគច្រើន​ចៅក្រម និង​ព្រះរាជអាជ្ញា ច្រើន​យក​ច្បាប់​ព្រៃឈើ​ណាមួយ​មក​ពិនិត្យ​ក្នុងការ​ដោះស្រាយ​ក្តី​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​វគ្គប​ណ្តុះបណ្តាល​នេះ គឺ​យើង​យក​រឿង​ទាំងអស់​មក​ជជែក​គ្នា បានដឹងថា តើ វា​មាន​ក្របខ័ណ្ឌ​ច្បាប់​អី​ខ្លះទៀត ក្រៅពី​ច្បាប់​ព្រៃឈើ និង​ច្បាប់​កិច្ចការពារបរិស្ថាន​ឬក៏​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​។ ថា តើ​មានច្បាប់ មាន​អនុសញ្ញា លក្ខខណ្ឌ​អី​ផ្សេងទៀត ដែលជា​ទិដ្ឋភាព​ច្បាប់ ដើម្បីឱ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​អាច​យកទៅ​ពិនិត្យ​បន្ថែម​»​។

លោក​តំណាង​អង្គការ WCS ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ការជួញដូរ​សត្វព្រៃ​ជា​លក្ខណៈ​អន្តរជាតិ គឺជា​ការគំរាមកំហែង​មួយ​ក្នុងចំណោម​ការគំរាមកំហែង​ធំៗ​ជាច្រើន​ចំពោះ​ការងារ​អភិរក្ស​ជីវចម្រុះ​។ លោក​បញ្ជាក់ថា ដើម្បី​កាត់បន្ថយ និង​ឈានដល់​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ អង្គការ ​WCS នឹង​នៅតែ​បន្ត​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​តុលា​ការដើរ​តួនាទី​សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ អង្គការ WCS ប្តេជ្ញា និង​បន្ត​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចប់​រាល់​ការជួញដូរ​សត្វព្រៃ និង​កសាង​នូវ​ពិភពលោក​មួយ ដែល​សត្វព្រៃ និង​មនុស្ស​អាច​រស់នៅ​ដោយ​សុខដុមរមនា​ជាមួយ​គ្នា​បាន​»​។

លោក កែន សេរី​រដ្ឋា បាន​ប្រាប់ទៀតថា ការជួញដូរ​សត្វព្រៃ​អន្តរជាតិ មាន​ ២ ​ទិដ្ឋភាព​ផ្សេងគ្នា ទី​ ១ គឺ ទិដ្ឋភាព​នៃ​ការប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​ប្រទេស ឆ្លងកាត់​ដើម្បី​នាំយក​ផលិតផល​សត្វព្រៃ​ឆ្លងដែន​ទៅកាន់​ប្រទេស​ដទៃទៀត ដែលមាន​ដូចជា កុយរមាស និង​ភ្លុកដំរី ជាដើម​។

ចំណែក​ទី ​២ លោក​ថា គឺជា​ការជួញដូរ​ក្នុងប្រទេស ដែលមាន​ឈ្មួញ​មក​ប្រមូល​ទិញ​នូវ​សត្វព្រៃ ដូចជា អណ្តើក ពស់ កន្ធាយ ពង្រូល ឈ្លូស និង​ជ្រូកព្រៃ ជាដើម​៕