មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន ដើម្បី​ឈាន​ទៅដល់​ការ​លុប​បំបាត់​ឱ្យបាន​នូវ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម នា​ឆ្នាំ ​២០២៣ ខណៈដែល​ក្នុង​រយៈពេល ​៤ ​ឆ្នាំ​មកនេះ កម្ពុជា​គ្មាន​ករណី​ស្លាប់​ដោយ​ជំងឺ​នេះ និង​ករណី​ឈឺ​មានការ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់​ផងដែរ។

នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​ឆ្នាំ ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី ​២៤ ខែកុម្ភៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានលើកឡើង​នូវ​អនុសាសន៍​សំខាន់ៗ​មួយចំនួន​សម្រាប់​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នេះ​។

នៅក្នុង​សន្និបាត​រយៈពេល​បី​ថ្ងៃនេះ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បានបង្ហាញ​និង​ពិភាក្សាគ្នា​យ៉ាង​ផុលផុស​ដោយ​ពិនិត្យ​លើ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ​២០២១ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល រាជធានី​-​ខេត្ត និង​អង្គការ​ដៃគូ​សុខាភិបាល ដែលជា​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​សំដៅ​លុបបំបាត់ ឱ្យបាន​នូវ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម នា​ឆ្នាំ ២០២៣។

លោកស្រី​បានលើកឡើង​ថា៖ «​សូម​ជំរុញ​ការអនុវត្ត​វិធី​ផ្តល់​ថ្នាំ​បង្ការ​ទុកជាមុន (IPTf) ទៅដល់​ក្រុម​គោលដៅ​ប្រឈម​ខ្ពស់ (ចូលព្រៃ) ដើម្បី​បង្ការ​ការ​លេចចេញ​នូវ​ករណី​ចម្លង​ថ្មីៗ ឬ​បង្ការ​ការចម្លង​ទៅ​អ្នកដទៃ​ដែល​នៅ​ជិតខាង ឬ​តំបន់​ក្បែរៗ​ក្រុម​គោលដៅ​ប្រឈម​ខ្ពស់​នោះ»។

លោកស្រី​បាន​បន្តថា ត្រូវការ​បង្កើត​ក្រុមការងារ​អន្តរ​ខេត្ត ឬ​អន្តរ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ឬ​នៅមាន​ករណី​គ្រុនចាញ់​នៅឡើយ ដើម្បី​រួមគ្នា​សហការ​ទប់ស្កាត់ និង​លុបបំបាត់​ជំងឺ​គ្រុនចាញ់ ជា​ក្របខ័ណ្ឌ​តំបន់ នៅតាម​តំបន់​ផ្សេងៗ​គ្នា​ទូទាំងប្រទេស។

ត្រូវ​ពន្លឿន​ការបង្កើត​ក្រុមការងារ​ខាងលើ ដោយ​ធ្វើ​កិច្ចសហការ​ណ៍​ជាមួយ​ក្រសួងទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួង​កិច្ចការនារី ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជា​បែប​អន្តរ​វិស័យ ដើម្បី​ទប់ស្កាត់​ការឆ្លង​ដល់​ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​តាមបែប​ផ្សងព្រេង​នៅតាម​តំបន់​ដែលមាន​ការចម្លង​ជំងឺ​គ្រុនចាញ់។

លោកស្រី ឱ វណ្ណឌីន បាន​បន្តថា៖ «ត្រូវ​បង្កើន​ការងារ​ផ្សព្វផ្សាយ អប់រំ​សុខភាព ជាពិសេស​អំពី​ផលប្រយោជន៍​នៃ​ការចូលរួម​អនុវត្តន៍​ទទួល​ថ្នាំ​បង្ការ​ទុកជាមុន និង​វិធាន​ការការពារ​ផ្សេងៗ​ទៀត​ឱ្យបាន​ទូលំទូលាយ​នៅតាម​តំបន់​ហានិភ័យ​នានា»។

រដ្ឋលេខាធិកា​រូបនេះ បាន​បន្ត​នូវ​អនុសាសន៍​ទៀតថា ត្រូវ​បន្តការងារ​គ្រប់គ្រង​ព័ត៌មាន​អ្នកជំងឺ​គ្រុនចាញ់ ឱ្យបាន​ហ្មត់ចត់ ដោយមាន​ការតាមដាន​ជាប់​ជាប្រចាំ និង​ធ្វើការ​វាយតម្លៃ​វឌ្ឍនភាព​ការងារ ឱ្យបាន​ទាន់ពេលវេលា​ផងដែរ។

ចំពោះ​ជំងឺគ្រុនឈាម និង​គ្រុន​ឈីក ឬ​ជំងឺ​ផ្សេងៗ​ដែល​ឆ្លង​តាមរយៈ​មូស​ខាំ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ពី​ចំណេះដឹង​អំពី​រោគសញ្ញា វិធី​បង្ការ និង​ការស្វែងរក​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា និង​ពង្រីក​សមត្ថភាព​ការគ្រប់គ្រង​ជំងឺ​គ្រុនឈាម គ្រុន​ឈីក ឬ​ជំងឺ​ផ្សេងៗ​ដែល​អាច​កើតមាន​ដោយសារ​មូស​ខាំ ជូន​ដល់​មន្ត្រី​សុខាភិបាល​នៅ​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ និង​សេវា​ឯកជន។

លោកស្រី​ក៏បាន​អំពាវនាវ​ឱ្យមាន​ការបន្ត​សហការ​ពី​ដៃគូ​អភិ​វ​ឌ្ឈ​ន៍ ដើម្បី​បន្ត​ពង្រីក​ការងារ​អប់រំ​សុខភាព​តាម​សហគមន៍ ដោយ​ពង្រឹង និង​ពង្រីក​ការងារ​ថែទាំ​សុខភាព​បឋម​នៅតាម​សហគមន៍ ដើម្បី​បន្ត​បង្កើន​ការយល់ដឹង និង​ការចូលរួម​របស់​ប្រជាជន​ក្នុងការ​កាត់បន្ថយ​ប្រភព​មូស​ខ្លា និង​ការ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឱ្យបាន​ទាន់​ពេលវេលា ព្រមទាំង​ចូលរួម​ការពារ​ពី​ការកកើត​ឡើង​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ​ទៀត ទាំង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​នៅតាម​សហគមន៍។

ការលុបបំបាត់​ជម្រក​មូសខ្លា នៅតែ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ នៅតាម​មូលដ្ឋាន​នៃ​បណ្តា​ខេត្ត​នានា ដើម្បី​កាត់បន្ថយ​ការកកើតឡើង​ច្រើនពេក​នូវ​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម និង​គ្រុន​ឈីក ព្រមទាំង​ជំងឺ​ផ្សេងៗ​ទៀត ដែល​អាច​កើត​មានឡើង​ជា​យថាហេតុ។ នេះ​ជាការ​បញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន។

ទាក់ទង​នឹង​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន​វិញ លោកស្រី​នៅ​ឱ្យ​បន្ត​រក្សា​អត្រា​គ្របដណ្តប់​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន ដល់​ប្រជាជន​គោលដៅ​ឱ្យបាន ៩០% យ៉ាងតិច និង​បន្ត​ការអប់រំ​សុខភាព​នៅតាម​សាលារៀន រោងចក្រ សហគ្រាស និង​សហគមន៍​ជាដើម ឱ្យបាន​ទៀងទាត់​ផងដែរ៕