សៀមរាបៈ ​កម្លាំង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​សៀមរាប​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ស្វាយលើ​បាន​រកឃើញ​ឡ​ដុត​ធ្យូង​ចំនួន​ ៥៧​ ឡ និង​បាន​រុះរើ​វាយ​បំផ្លាញចោល​ភ្លាមៗ​ចំនួន​ ២៨ ​ឡ ព្រមទាំង​បាន​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ចំនួន​ ៥៤ ​នាក់ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ដោយ​ខុសច្បាប់​នេះ​ជាបន្ទាន់ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈម​ការចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ព្រៃឈើ​។

លោក ម៉ុង ប៊ុនលឹម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ​ថា ប្រតិបត្តិការ​ចុះ​រុះរើ​ឡ​ដុត​ធ្យូង​នេះ​បាន​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ គឺ​ពី​ថ្ងៃទី ​២២-២៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅក្នុង​ភូមិសាស្ត្រ ឃុំ​បឹងមាលា ស្រុក​ស្វាយលើ​។

ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​របស់លោក​បាន​រកឃើញ​ការធ្វើ​អាជីវកម្ម​ឡដុត​ធ្យូង​ខុសច្បាប់​រហូតដល់​ ៥៧ ​ឡ ដែលមាន​ម្ចាស់​អាជីវកម្ម​ចំនួន​ ៥៤​ នាក់​។

ក្នុងនោះ​ឡ​ដុត​ធ្យូង​ចំនួន ​២៨ ត្រូវបាន​ម្ចាស់​អាជីវកម្ម​ប្រមូលផល​ធ្យូង​រួច និង​ ២៩ ​ទៀត កំពុងដំណើរការ​ដុត​អុស​ដើម្បី​ផលិត​ធ្យូង​។

លោក​ ប៊ុនលឹម បាន​បញ្ជាក់ថា​៖ «​ក្រោយពី​បាន​ពន្យល់​ណែនាំ និង​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ឡ​ដុត​ធ្យូង​ទាំងនោះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការធ្វើ​អាជីវកម្ម​នេះ ក្រុមការងារ​យើង ក៏បាន​សម្រេច​វាយកម្ទេច​ឡ​ដុត​ធ្យូង​ដែល​ពួកគេ​ប្រមូលផល​ធ្យូង​រួច​ទាំង​ ២៨ ​នោះ​ចោល​។ ចំណែក​ ២៩​ ឡ​ទៀត គឺ​ក្រុមការងារ​យើង​បាន​ទុក​រយៈពេល​ ៣០ ​ថ្ងៃ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​វាយកម្ទេច​ដោយ​ខ្លួនឯង ក្រោយពី​ប្រមូលផល​ធ្យូង​រួច​»​។

ជាមួយ​គ្នានេះ លោក​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​តាមច្បាប់​ព្រៃឈើ ក្នុងករណី​ក្រុមការងារ​លោក​រកឃើញ​ម្ចាស់​អាជីវកម្ម​ណាមួយ​បន្ត​លួចលាក់​ប្រកប​អាជីវកម្ម​ឡ​ដុត​ធ្យូង​នេះ​ដោយ​ខុសច្បាប់​ជា​បន្តទៀត​។

លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​កិច្ចសន្យា​ដែល​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ព្រមព្រៀង​ផ្ដិតមេដៃ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ឡ​ដុត​ធ្យូង​នោះ យើង​បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា ក្នុងករណី​រកឃើញ​មាន​ធ្វើ​សកម្មភាព​អាជីវកម្ម​ឡ​ដុត​ធ្យូង ដោយ​ខុសច្បាប់​ទៀត​នោះ​នឹងត្រូវ​ប្រឈម​ការចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តាម​មាត្រា​ ៩៧​ នៃ​ច្បាប់​ព្រៃឈើ ដែល​នឹងត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ ទៅ​ ៥ ឆ្នាំ​»​។

បើតាម​លោក ប៊ុនលឹម ឈើ​ដែល​អ្នកភូមិ​ទាំងនោះ​កាប់​យកមក​ដុត​ធ្វើ​ធ្យូង គឺ​កាប់​ចេញពី​ព្រៃ​សហគមន៍​ទទឹងថ្ងៃ ដែលមាន​ផ្ទៃដី​ ១ ០០០ ​ហិកតា និង​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​មាលា ស្រុក​ស្វាយលើ ខេត្ត​សៀមរាប​។

តាមរយៈ​ការធ្វើ​អាជីវកម្ម​ឡ​ដុត​ធ្យូង​ខុសច្បាប់​នេះ បាន​ធ្វើឱ្យ​ព្រៃឈើ​ក្នុង​សហគមន៍​នេះ​មាន​ការរេចរឹល​គួរឱ្យ​កត់សម្គាល់​។

ទន្ទឹមនឹងនេះ លោក​បាន​ព្រមាន​ថា នឹង​មាន​ការកែសម្រួល​ជាថ្មី​នូវ​គណៈកម្មការ​សហគមន៍​ព្រៃទទឹង​ថ្ងៃនេះ​ឡើងវិញ ដើម្បី​ធានាបាន​នូវ​យន្តការ​នៃ​ការគ្រប់គ្រង ការពារ និង​អភិរក្ស​ព្រៃ​សហគមន៍​នេះ​ប្រកប​ដោយ​និរន្តរភាព​៕