​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្តេជ្ញា​រួមគ្នា​រៀបចំ​គម្រោង​ផែនការ អប់រំ​អ្នកបោះឆ្នោត និង​អនាគត​អ្នកបោះឆ្នោត​ឱ្យបាន​ហ្មត់ចត់ ច្បាស់លាស់ មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​ ២៥ ខែកុម្ភៈ បានឱ្យដឹងថា សិក្ខាសាលា​រយៈពេល ២ ​ថ្ងៃ ស្តីពី​ការអប់រំ​អ្នកបោះឆ្នោត​ជាប្រចាំ​នៅ​កម្ពុជា សម្រាប់​មន្ត្រី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​មន្ត្រី គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាពិសេស គណៈកម្មការ​រៀបចំ​កា​រ បោះឆ្នោត​ទីក្រុង​តូ​ក្យូ (ECT/ គ​.​ជ​.​ប ជប៉ុន​) តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា តំណាង​ទីស្នាក់ការ កណ្តាល និង​ការិយាល័យ JICA ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បានរួម​សហការគ្នា​ខិតខំ ផ្តល់​គំនិត​ដ៏​ឧត្តុង្គឧត្តម ដើម្បី​ធ្វើឱ្យ​សិក្ខាសាលា​មួយ​នេះ​ទទួលបាន​លទ្ធផល​ល្អ​។​

​លោក ទេព នីថា បាន​ថ្លែងថា នេះ​គឺជា​សិក្ខាសាលា​លើកដំបូង​នៃ​ការអនុវត្ត​កម្មវិធី​រួមគ្នា​របស់ គ​.​ជ​.​ប និង​JICA ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​សមត្ថភាព ចំណេះដឹង ក្នុង​គោលដៅ ធានា​ឱ្យបាន​នូវ​ផែនការ កម្មវិធី​អប់រំ​អ្នកបោះឆ្នោត​ជាប្រចាំ​មាន​ភាព​ពេញលេញ​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ជាមួយ​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ ដើរ​ទន្ទឹមគ្នា​នឹង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​ព័ត៌មានវិទ្យា នាពេល​បច្ចុប្បន្ន​។​

​អគ្គលេខាធិការ គ​.​ជ​.​ប បាន​លើកឡើងថា ផ្អែក​តាម​របាយការណ៍​សង្ខេបនៃ​អង្គសិក្ខាសាលា​នេះ អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​សំខាន់ៗ​ចំនួន​៣ រួមមាន​ទី​១ ត្រូវខិតខំ​រួមសហការ​គ្នា​រៀបចំ​គម្រោង​ផែនការ​អប់រំ​អ្នកបោះឆ្នោត និង​អនាគត​អ្នកបោះឆ្នោត​ឱ្យបាន​ហ្មត់ចត់ ច្បាស់លាស់ មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់ ជ្រុងជ្រោយ​។​

​ទី​២ រៀបចំ​បង្កើត​ឯកសារ​មេរៀន​អប់រំ និង​ឯកសារ​បណ្ដុះបណ្ដាល​ឱ្យបាន​ល្អ​គ្រប់គ្រាន់ ផ្អែក​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​បច្ចុប្បន្នភាព និង​តាមរយៈ​ស្មារតី​នៃ​អង្គសិក្ខាសាលា​នាពេលនេះ​ផងដែរ​។ និង​ទី​៣ បង្កើត​ក្រុម​គ្រូឧទ្ទេស​បណ្តុះបណ្តាល ក្រុម​គ្រូ​បង្គោល​អប់រំ​ដែលមាន​ជំនាញ​ច្បាស់លាស់ មាន​គរុកោសល្យ​ត្រឹមត្រូវ មានបទពិសោធន៍ ច្នៃប្រឌិត និង​មាន​ភាពវាងវៃ​គ្រប់គ្រាន់ ដែល​អាចឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ទេព នីថា បាន​ជម្រាបជូន​អង្គសិក្ខាសាលា​ថា ក្នុង​រយៈពេល​ចាប់ ពី​ឆ្នាំ​២០២២ រហូតដល់​ឆ្នាំ​២០២៤ គ​.​ជ​.​ប ត្រូវ​រៀបចំ​ការបោះឆ្នោត​ចំនួន ៤ ទៅតាម​ការកំណត់​នៃ​ច្បាប់​ដែល​រួមមាន​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ និង ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ លើក​ទី​៤ ឆ្នាំ​២០២៤​។​

​លោក ទេព នីថា បាន​សង្កត់ធ្ងន់ថា​៖«​តាម​បទពិសោធន៍​ដើម្បី​សម្រេចបាន​ជោគជ័យ លើ​ការងារ​រៀបចំ​ការបោះឆ្នោត​ទាំងអស់នេះ គឺ​មានតែ​ការរួម​សហការគ្នា អនុវត្ត​ប្រកបដោយ ការទទួលខុសត្រូវ​តាម​តួនាទី​តាម​ការកំណត់​នៃ​ច្បាប់ និង​សមស្រប​តាម​សភាពការណ៍​ជាក់ស្តែង​»៕​