
លោក វេង សាខុន បានឱ្យដឹងថា ក្រុមការងារផ្នែកមន្ទីរពិសោធន៍ បាននិងកំពុងធ្វើការពិសោធន៍សាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើទាំងគ្រញូង ធ្នង់ និងត្រាច។ Sakhon Veng
ភ្នំពេញៈ លោក វេង សាខុន បានឱ្យដឹងថា ក្រុមការងារផ្នែកមន្ទីរពិសោធន៍ បាននិងកំពុងធ្វើការពិសោធន៍សាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើទាំងគ្រញូង ធ្នង់ និងត្រាច ក្នុងគោលបំណងជំរុញការបណ្ដុះកូនឈើទ្រង់ទ្រាយធំ ដើម្បីបម្រើដល់ការស្ដារព្រៃឈើឡើងវិញ។
តាមរយៈហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្រុមការងារបានទទួលការបណ្តុះបណ្តាលជាច្រើនទាំងក្នុងប្រទេស និងនៅសាធារណរដ្ឋកូរ៉េអំពីមូលដ្ឋានគ្រឹះបច្ចេកទេសបង្កាត់ពូជឈើ ការងារគ្រប់គ្រងថែទាំ ចម្ការពូជនៅទីវាល ការតាមដានការលូតលាស់ និងការវិភាគទិន្នន័យជាដើម។ ទន្ទឹមនឹងនេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រីលើបច្ចេកទេសជាលិកាវប្បកម្មក៏ត្រូវបានគាំទ្រដែរ។
លោកថ្លែងថា៖ «ក្រុមការងារផ្នែកមន្ទីរពិសោធន៍ បាននិងកំពុងធ្វើការពិសោធន៍សាកល្បង ផលិតកូនឈើតាមបែបជាលិកាវប្បកម្ម ជាពិសេសប្រភេទឈើទាំងគ្រញូង ធ្នង់ និងត្រាច ក្នុងគោលបំណងជំរុញការបណ្ដុះកូនឈើទ្រង់ទ្រាយធំដើម្បីបម្រើដល់ការស្ដារព្រៃឈើឡើងវិញ»។
លោក វេង សាងខុន បានបង្ហាញ គម្រោង “ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសេនេទិចព្រៃឈើសម្រាប់ស្តារប្រភេទឈើសំខាន់ៗនៅកម្ពុជា” បានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១៦ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ" នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoD) និងជំនួយបច្ចេកទេសពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រព្រៃឈើជាតិ (NIFoS) និងសាកលវិទ្យាល័យជាតិសេអ៊ូល (សាធារណរដ្ឋកូរ៉េ)។
លោកថា គម្រោង “ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសេនេទិចព្រៃឈើសម្រាប់ស្តារប្រភេទឈើសំខាន់ៗ នៅកម្ពុជា” គោលបំណងរបស់សំខាន់គឺ ទី ១ បង្កើតចម្ការបង្កាត់ពូជឈើ ដើម្បីរក្សាធនធានសេនេទិចព្រៃឈើ និងទី ២ ពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។
លោកបន្តថា គម្រោងបានអនុវត្តលើទីតាំងចម្ការបង្កាត់ពូជឈើចំនួន ២ កន្លែង ទី ១ នៅភូមិត្រពាំងថ្ម ឃុំឃរាម ស្រុកបន្ទាយស្រី និងទី ២ ស្ថិតនៅភូមិគោកទឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ទីតាំងនីមួយៗមានផ្ទៃដីទំហំ ១៥ ហិកតា បែងចែកជាឡូត៍ពិសោធន៍ប្រៀបធៀបដើមពូជ ចំនួន ១២ ហិកតា និងឡូត៍បង្កាត់ដើមមេពូជឈើចំនួន ៣ ហិកតា។
ជាលទ្ធផល ឡូត៍ពិសោធន៍បង្កាត់ពូជឈើ (Seed Orchard) ឡូត៍ពិសោធន៍ប្រៀបធៀបដើមពូជចំនួន ២៤ ហិកតាបានបង្កើតឡើង ដោយការប្រមូលគ្រាប់ពូជតាមបណ្តាខេត្តចំនួន ១១ (សៀមរាប ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ តាកែវ កោះកុង និងកណ្ដាល) ដើម្បីធ្វើការបណ្តុះយកកូនឈើទាំងនោះទៅដាំ រួចធ្វើការប្រៀបធៀបគ្នា ជ្រើសរើសយកដើមដែលអាចទុកជាដើមពូជល្អតាមលក្ខណៈវិនិច្ឆ័យលើការលូតលាស់ ទម្រង់ដើម និងភាពធន់ជំងឺ។
ការពិសោធន៍បានអនុវត្តវិធីសាស្ត្រសាកវប្បកម្ម (Grafting) ក្នុងការផលិតកូនឈើគ្រញូង និងធ្នង់ ហើយចំពោះឈើត្រាចត្រូវបានបណ្តុះកូនដោយគ្រាប់។ ឡូត៍ពិសោធន៍បង្កាត់ពូជឈើសរុបមានចំនួន ៦ ហិកតា ដោយប្រើប្រាស់កូនឈើចំនួន ៤០០ ដើម ទាំង ២ ទីតាំង។
លោកបញ្ជក់ថា កូនឈើដែលបានដាំរួចចំនួន ២៦ ២០០ ដើម ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ទៅតាមបច្ចេកទេស និងតាមស្ថានភាពជាក់ស្ដែង ដូចជាការស្រោចទឹកនៅរដូវប្រាំង សម្អាតស្មៅ ប្រើថ្នាំការពារសត្វបំផ្លាញ និងការក្រីមែកជាដើម។
លោកលើកឡើងថា៖ «ការតាមដានកម្រិតលូតលាស់របស់កូនឈើប្រព្រឹត្តទៅរៀងរាល់ ៦ ខែម្តង (រយៈពេល ០៥ ឆ្នាំដំបូង) បន្ទាប់មក ០១ ឆ្នាំម្ដង ដោយកត់ត្រាទិន្នន័យកម្រិតលូតលាស់ អង្កត់ផ្ចិត កម្ពស់ កន្សោមស្លឹក សុខភាព និងទម្រង់ដើមរបស់កូនឈើ។ ទិន្នន័យត្រូវបានរក្សាទុកប្រើប្រាស់ជាមូលដ្ឋានក្នុងការជ្រើសរើស ដើមពូជល្អ យកទៅរក្សាទុក»។
បើតាមលោករដ្ឋមន្ត្រីកសិកម្ម អនាគត បន្ទាប់ពីធ្វើការដកហូតដើមមេពូជដែលអន់រួច ចម្ការបង្កាត់ពូជឈើនេះនឹងក្លាយជាប្រភពគ្រាប់ពូជមួយ (ចំពោះតែប្រភេទគ្រញូង ធ្នង់ និងត្រាច) ដែលមានព័ត៌មានច្បាស់លាស់អំពីប្រភពធនធានសេនេទិច និងអាចផ្ដល់គ្រាប់ពូជដែលមានគុណភាពខ្ពស់ទៅតាមតម្រូវការដាំស្តារព្រៃឈើនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «ក្រៅពីឈើ ៣ ប្រភេទខាងលើនេះ យើងក៏ត្រូវពង្រីកបន្ថែមក្នុងការបង្កើតចម្ការបង្កាត់ពូជឈើប្រភេទផ្សេងៗទៀត ដើម្បីរក្សាសេនេទិចពូជឈើ និងជាប្រភពគ្រាប់ពូជឈើល្អ បម្រើឱ្យការងារដាំស្តារព្រៃឈើនៅកម្ពុជា»៕