កំពង់ចាមៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ត្បូងឃ្មុំ យកចិត្ត​ទុកដាក់​ផ្តល់​សេវាសាធារណៈ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ​តាម​លំនៅឋាន និង​ទីសាធារណៈ​ផ្សេងៗ ដើម្បី​សុខភាព និង​សេចក្តី​ក្តី​ថ្លៃថ្នូរ​ក្នុង​សង្គមជាតិ​។

ការណែនាំ​របស់​លោក វេង សាខុន ដូចនេះ​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្នុង​វត្ត​គីរីវង្ស ហៅ​វត្ត​ស្រែវែង ក្នុង​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​ ២៦ ខែកុម្ភ: ឆ្នាំ​ ២០២២ ​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត ជំរុញ និង​គាំទ្រ​គ្រប់​រាល់​សកម្មភាព​ទាំងអស់​របស់​ស្រុក​ក្នុង​ឆន្ទ:​ចូលរួម​កសាង និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់ បម្រើ​សុខភាព​សាធារណ: ចូលរួម​ដោះស្រាយ​ទុក្ខលំបាក កែលម្អ​កម្រិតជីវភាព និង​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក្រោម​ម្លប់​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។

លោក​បញ្ជាក់ថា​៖ «​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ខិតខំ​យកចិត្ត​ទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​លើ​ការផ្តល់​សេវាសាធារណ:​លើក​ទឹកចិត្ត​ឱ្យ​បងប្អូន​យកចិត្ត​ទុកដាក់​ធ្វើ​អនាម័យ​នៅតាម​លំនៅឋាន ទីសាធារណ: វត្តអារាម ដងផ្លូវ​ជាតិ សាលារៀន និង​ទីផ្សារ​ដើម្បី​សុខភាព និង​សេចក្តីថ្លៃថ្នូរ​ក្នុង​សង្គមជាតិ​»​។

ជាមួយ​គ្នា​នោះ លោក​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​យកចិត្ត​ទុកដាក់​មើលថែរក្សា​សុខភាព​ជូន​ប្រជាពលរដ្ឋ ពង្រឹង​ការងារ​សន្តិសុខ និង​សុវត្ថិភាព​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ និង​បន្ត​អនុវត្ត​វិធានការ ៣ ​កុំ ៣ ​ការពារ​។

លោក សុខ សារិទ្ធ អភិបាល​នៃ​គណៈអភិបាលស្រុក​តំបែរ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រធាន​ក្រុមការងារ និង​សហការី​ទាំងអស់​ដែល​បាន​ខិតខំ​ពុះពារ យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន កៀរគរ​សប្បុរសជន រៀបចំ​កសាង​សមិទ្ធផល​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​នេះ​ឡើង​ទុក​បម្រើឱ្យ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​សកម្មភាព​ជីវភាព​ប្រចាំថ្ងៃ​ឱ្យបាន​កាន់តែ​សម្បូរ​សប្បាយ ស្របតាម​បរិបទ​នៃ​គន្លង​ប្រក្រតីភាព​ថ្មី​។

លោក សុខ សារិទ្ធ ប្រាប់ថា ស្រុក​បានរួម​សហការ​ជាមួយ​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ ចុះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ដូចជា​ភ្លើង​ឆេះ​ផ្ទះ ខ្យល់​កន្ត្រាក់ គ្រោះថ្នាក់​ចរាចរ ចាស់ជរា​គ្មាន​ទីពឹង ការអនុវត្ត​គោលនយោបាយ ក​៣ និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ជាដើម​។

លោក​ប្រាប់ទៀតថា សកម្មភាព​នេះ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឆ្នាំ​ ២០២០-២០៣០ គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​មន្ត្រីរាជការ​សំដៅ​បង្កើន​ប្រសិទ្ធភាព​សេវាសាធារណៈ ការពង្រឹង​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព សុខភាព​សាធារណ: ដែលជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​តំបែរ​ទាំងមូល​៕