ភ្នំពេញៈ នាយកដ្ឋាន​បុរាណវិទ្យា និង​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល «​បេតិកភណ្ឌ​វប្បធម៌​ប្រាសាទ​សំបូរព្រៃគុក​» ដើម្បី​បង្ហាត់បង្ហាញ​ដល់​សិស្ស​-​និស្សិត​ស្វែងយល់​កាន់តែ​ច្បាស់​នូវ​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ ក៏ដូចជា​ការអភិរក្ស​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​។

យោងតាម​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ​នេះ បានឱ្យ​ដឹងថា កម្មវិធី​បណ្តុះបណ្តាល «​បេតិកភណ្ឌ​វប្បធម៌​ប្រាសាទ​សំបូរព្រៃគុក​» ក្រោម​អធិបតីភាព​លោក ច័ន្ទ វិត្ថារ៉ុង ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​អភិរក្ស និង​មាន​ការចូលរួម​ពី​លោក​នាយករង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​នៃ អ.ជ.ស.ព. ព្រមទាំង​លោកគ្រូ សិស្ស​-​និស្សិត សរុប​ ៦០ ​នាក់​។

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បញ្ជាក់ថា​៖ «​ប្រធានបទ​សំខាន់ៗ​ចំនួន​ ២​ គឺ «​ប្រវត្តិ​ប្រាសាទ​សំបូរព្រៃគុក​» និង «​បេតិកភណ្ឌ​វប្បធម៌​ប្រាសាទ​សំបូរព្រៃគុក​» ត្រូវបាន​លើក​មក​ធ្វើ​បទបង្ហាញ​ជូន​សិស្ស-​និស្សិត និង​សិក្ខាកាម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ទាំងមូល ដោយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​បុរាណវិទ្យា និង​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​»​។

អាជ្ញាធរ​នេះ​បានឱ្យ​ដឹងថា កម្មវិធី​បណ្តុះបណ្តាល​នោះ​ក៏បាន​រៀបចំ​ការបង្ហាញ​ស្តីពី «​ការងារ​អភិរក្ស​ប្រាសាទ​សំបូរព្រៃគុក​» នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​ដោយ​ផ្ទាល់​ជូន​ទៅដល់​ក្រុមសិស្ស​-​និស្សិត ដោយមាន​ការបែងចែក​ជា​ក្រុម​ដឹកនាំ​ក្រុម​ដោយ​មន្ត្រី និង​បុគ្គលិក​ជំនាញ​នៃ​នាយកដ្ឋាន​បុរាណវិទ្យា និង​អភិរក្ស ដើម្បី​ងាយស្រួល​ក្នុងការ​បង្ហាត់​បង្ហាញជូន​ឱ្យ​កាន់​តែមាន​ភាពច្បាស់លាស់ និង​ទទួល​យល់ដឹង​គ្រប់ៗ​គ្នា​។

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ឱ្យដឹង​ទៀត​ថា​៖ «​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​បណ្តុះបណ្តាល​នេះ​ឡើង គឺ​ដើម្បី​បង្ហាត់បង្ហាញ​ដល់​សិស្ស​-​និស្សិត ដើម្បី​ស្វែងយល់​កាន់តែច្បាស់​នូវ​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ ក៏ដូចជា​ការអភិរក្ស​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក ព្រមទាំង​បញ្ជ្រាប​នូវ​គំនិត​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត​»៕